ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា មកដល់ពេលនេះ កាន់តែបង្ហាញឲ្យឃើញថា ថៃ កំពុងមមាញឹកក្នុងការពង្រីកការឈ្លានពានទឹកដីកម្ពុជា បំពានច្បាប់អន្តរជាតិ ដោយគ្មានការទប់ស្កាត់ពីរាជរដ្ឋាភិបាលកម្ពុជា ។ ដូច្នេះវិធានការបន្ទាន់៣ ដែលកម្ពុជា ត្រូវតែធ្វើ ដើម្បីទប់ស្កាត់សកម្មភាពពង្រីកការឈ្លានពានទឹកដីខ្មែរ ពីសំ ណាក់ចោរសៀម ។

លោក ម៉ែន ណាត បានស៊ែររូបភាពសកម្មភាពឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ជាមួយសំណេរថា “ភ្ជាប់យោបល់ ៖ តាមរយៈរូបថត និងវីដេអូ ជាច្រើន បង្ហាញថា ពួកថៃ ពិតជាមមាញឹកដុតដៃដុតជើងពង្រីការឈ្លានពានទឹកដីខ្មែរ ដោយគ្មានទប់ស្កាត់ពីរដ្ឋាភិបាលកម្ពុជា។ នេះជារូបភាពថ្ងៃទី១០ មីនា ២០២៦ គឺជាសកម្មភាពរបស់ពួកថៃ កសាងសំណង់រឹងមាំ ក្នុងតំបន់ដែលយោធារបស់ខ្លួនឈរជើងទាំងខុសច្បាប់ នៅទល់មុខប្រាសាទព្រះវិហារ។
គួរបញ្ជាក់ថា សកម្មភាពរបស់ថៃ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះគឺជាការពង្រីកការឈ្លានពាន និងជាការបំពានច្បាប់អន្តរជាតិធ្ងន់ធ្ងរ។
យោបល់ដដែល ៖ រដ្ឋាភិបាលកម្ពុជា គប្បីត្រូវរកវិធី ៖
ទី១. ទប់ស្កាត់ភាពគឃ្លើនរបស់ភាគីថៃ ដូចជា ការចុះទៅហាមឃាត់នៅនឹងកន្លែង និង ការប្រើសិទ្ធិការពារខ្លួន ជាដើម។
ទី២. ត្រូវដំឡើងកម្រិតការទូតខ្ពស់បំផុត រួមទាំងការធ្វើកំណត់ទូតជាប្រចាំផង ដើម្បីទាមទារឲ្យថៃ ត្រូវតែដកកងទ័ពពីទឹកដីកម្ពុជា។
ទី៣. ត្រូវតែប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ICJ និង ICC “ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកម៉ែន ណាត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ថា វិធានការ ៣បន្ទាន់ ដែលលោកផ្ដល់យោបល់ទៅរដ្ឋាភិបាលកម្ពុជា នេះ មិនមែនជារឿងថ្មីទេ គឺជារឿងចាស់ ប៉ុន្តែដោយសារតែរដ្ឋាភិបាលកម្ពុជា មិនបានធ្វើចំណុចណាមួយ ក្នុងចំណុចទាំង៣ ទើបលោកនៅតែបន្តលើកឡើង និងនៅតែផ្ដល់យោបល់ ៤ចំណុចបន្ថែមទៀត ដែលមានដូចជា ដើម្បីឲ្យមានការជឿជាក់ពីដៃគូអន្តរជាតិ គឺកម្ពុជា ខ្លួនឯងត្រូវកែទម្រង់ផ្ទៃក្នុងជាតិ ត្រូវតែគិតគូរឡើងវិញពីការប្រើសិទ្ធិការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីថៃ ត្រូវតែដំឡើងកម្រិតការទូត និងត្រូវតែកសាងសំណុំឯកសារប្ដឹងថៃ ទៅតុលាការអន្តរជាតិ ជាចាំបាច់ ។ មិនតែប៉ុណ្ណោះ អ្វីដែលលោកចង់បញ្ជាក់សង្កត់ធ្ងន់ កម្ពុជា ក្នុងស្ថានភាពនេះ មិនអាចមើលរំលងច្បាប់អន្តរជាតិ ឬក៏សន្ធិសញ្ញាអន្តរជាតិណាមួយ ដើម្បីការពារខ្លួនទេ គឺត្រូវតែយកឯកសារ សន្ធិសញ្ញា លក្ខខណ្ឌអន្តរជាតិ ទាំងអស់ ដែលពាក់ព័ន្ធ មកដោះស្រាយជាមួយថៃ ។
លោក ម៉ែន ណាត បានមានប្រសាសន៍ថា “ក្នុងសំណេររបស់ខ្ញុំ ប៉ុន្មានថ្ងៃកន្លងទៅហ្នឹង គឺមានបំណងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្ដូររបៀបធ្វើការ ឬពង្រឹងបន្ថែមរបៀបធ្វើការ ដូចជារឿងធ្វើកំណត់ទូត ត្រូវធ្វើជាប្រចាំ គ្រប់ចំណុចដែលកើតឡើងនៅតំបន់ដែលថៃ ពង្រីកការឈ្លានពាន ឬក៏ថៃ ធ្វើមូលដ្ឋានរឹងនៅក្នុងទឹកដីកម្ពុជា ដែលខ្លួនបានឈ្លានពានហើយហ្នឹង ហើយទី២ ត្រូវបន្តពង្រឹងកម្រិតការទូត ។ មែនហើយ ការទូត គឺកម្ពុជា នៅមានកម្រិតនៅឡើយសព្វថ្ងៃនេះ មិនទាន់អាចទាក់ទាញទឹកចិត្តអ្នកការទូតអន្តរជាតិ ឲ្យជួយជ្រោមជ្រែងកម្ពុជា បាននៅឡើយទេ មែនទែននោះ មិនទាន់នៅឡើយទេ ហើយទី៣ គឺដដែលទេ គឺជំរុញឲ្យកម្ពុជា ប្រញាប់ប្ដឹងទៅតុលាការអន្តរជាតិ មាន ICC និងមាន ICJ ជាដើមហ្នឹង ។ ការលើកហ្នឹងមិនមែនជារឿងថ្មីទេ រឿងចាស់ ប៉ុន្តែដោយសារតែរដ្ឋាភិបាលកម្ពុជា ធ្វើបានមួយរឿងទេ សព្វថ្ងៃ គឺធ្វើតែការទូត ទៅបកអាក្រាតថៃ លើវេទិកាអន្តរជាតិ ត្រូវហើយ ហើយទៅបកអាក្រាតថៃ តាមយន្តការការទូត ត្រូវហើយ ។ ក៏ប៉ុន្តែវានៅត្រង់ថា យើងមិនទាន់អាចទាញការជឿជាក់ពីដៃគូអន្តរជាតិមួយចំនួន ដទៃទៀតបាន ។ ខ្ញុំលើកឧទាហរណ៍អ៊ីចេះ! កាលជំនាន់សង្រ្គាមស៊ីវិល ជំនាន់សង្រ្គាមវៀតណាម ឈ្លានពានកម្ពុជា ជំនាន់ហ្នឹង កម្ពុជា ខាងរដ្ឋាភិបាលត្រីភាគីនោះ គឺគេអាចអូសទាញអ្នកការទូតអន្តរជាតិ ឲ្យចូលមកកម្ពុជា បាន ហើយក្រោយមកទៀត នៅពេលដែលសហភាពសូវៀត ដួលរលំទៅ កម្ពុជា បានសម្រេចចិត្តផ្សះផ្សាស្មារតីជាតិគ្នា ហើយមានមហាអំណាចទាំង៥ មកចូលរួមដោះស្រាយបញ្ហារបស់កម្ពុជា ។ អ៊ីចឹងបានន័យថា ជំនាន់ហ្នឹង ភាគីខាងរដ្ឋាភិបាលត្រីភាគី មានអង់គ្លេស មានបារាំង មានសហរដ្ឋអាមេរិក ជួយជ្រោមជ្រែង ហើយនិងចិន មួយទៀត ហើយចំណែករដ្ឋាភិបាលទីក្រុងភ្នំពេញ កាលជំនាន់នោះ គឺមានរុស្ស៊ី មានវៀតណាម ។ ដល់ពេលសម្រេចសម្រុះសម្រួលគ្នា ធ្វើឲ្យប៉ះបញ្ហាវាឆាប់ចប់ វាដោះស្រាយបានផល» ។
លោក ម៉ែន ណាត បន្តថា «ដល់ពេលបញ្ហាកម្ពុជា បច្ចុប្បន្ននេះ គឺមិនទាន់ឃើញថា ដៃគូអន្តរជាតិណាមួយ គេបានចាប់អារម្មណ៍ពីបញ្ហាហ្នឹងនៅឡើយទេ ជាក់រដ្ឋាភិបាលកម្ពុជា ជួយអន្តរាគមន៍នៅក្នុងការដោះស្រាយបញ្ហាកម្ពុជា នៅឡើយទេ ហើយម្យ៉ាងទៀត ដូចក្នុងប្រទេសអាស៊ាន អីនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ទោះបីដឹងថា ថៃ ជាប្រទេសដែលមានមហិច្ឆតាឈ្លានពាន បង្កអសន្តិសុខនៅក្នុងតំបន់ អស្ថិរភាពក្នុងតំបន់ក៏ដោយ ក៏ពួកគេហាក់ដូចជាគ្រាន់តែមើលដោយប្រុងប្រយ័ត្នអ៊ីចឹង ។ ឯចំណែកកម្ពុជា មែនទែនទៅ យើងអាចផ្ដល់ជាយោបល់ ៤ចំណុច ។ ទី១ ដើម្បីឲ្យមានការជឿជាក់ពីដៃគូអន្តរជាតិ គឺកម្ពុជា ខ្លួនឯងហ្នឹង ត្រូវកែទម្រង់ផ្ទៃក្នុងជាតិ ព្រោះកម្ពុជា ដែលមិនឲ្យដៃគូអន្តរជាតិ គេជឿជាក់បាន ដោយសារកម្ពុជា ខ្លួនឯងហ្នឹង មិនជឿជាក់លើខ្លួនឯងដែរ ដូចជាករណីរំលោភរដ្ឋធម្មនុញ្ញ ប្រែប្រួលពីការដឹកនាំបែបប្រជាធិបតេយ្យ ទៅជាដឹកនាំបែបគ្រួសារនិយម ផ្ដាច់ការ ហើយធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋច្រើនអន្លើ ហើយរួមមានរឿងបន្ទាប់បន្សំច្រើនទៀតនៅក្នុងការដឹកនាំបច្ចុប្បន្ន ។ អាហ្នឹងសុទ្ធតែជាការរួមចំណែក តែបើកម្ពុជា ធ្វើការកែទម្រង់ចំណុចអស់ហ្នឹងជាវិជ្ជមានទៅ វាអាចអូសទាញការជឿជាក់ពីដៃគូអន្តរជាតិដែរ អាហ្នឹងចំណុចកែទម្រង់ផ្ទៃក្នុង ហើយមានចំណុច៣ទៀត ដែលកម្ពុជា ត្រូវតែធ្វើដែរ ។ យើងធ្លាប់បានផ្ដល់យោបល់ហើយចំណុចហ្នឹង ប្រើសិទ្ធិការពារខ្លួនប្រឆាំងនឹងការឈ្លានពានពីថៃ ត្រូវគិតឡើងវិញ មិនអាចបណ្ដោយឲ្យថៃ ពង្រីកការឈ្លានពានដូចរាល់ថ្ងៃបានទេ អាហ្នឹងចំណុចទី២ ។ ចំណុចទី៣ គឺកម្រិតការទូតហ្នឹងត្រូវដំឡើង ដូចខ្ញុំបញ្ជាក់ជូន ដើម្បីដំឡើងបាន ទាល់តែកែទម្រង់ផ្ទៃក្នុងជាតិសិនដែរ ។ ផ្ទុយក្នុងជាតិកម្ពុជា វាស្រួល ឯកភាពគ្នា ផ្សះផ្សាគ្នាទៅ ដៃគូអន្តរជាតិ ក៏គេអាចជឿទុកចិត្ត ។ អ៊ីចឹងវាអាចអូសទាញការជឿជាក់ ហើយអាចឲ្យគេជួយនិយាយធ្វើយ៉ាងណាឲ្យថៃ ត្រូវតែដកកងទ័ពចេញទឹកដីកម្ពុជា អាហ្នឹងកម្រិតការទូតទី៣ ។ រីឯចំណុចទី៤ គឺត្រូវតែកសាងសំណុំឯកសារប្ដឹងថៃ ទៅតុលាការអន្តរជាតិ ជាចាំបាច់ មិនអាចខានបានទេ ។ បើមិនធ្វើដូច្នេះ គឺថៃ មិនបញ្ឈប់ការឈ្លានពានទេ ថៃ គឺមិនស្ដាប់ទេ បើកម្ពុជា និយាយតែទៅចំពោះមុខថៃ គឺថៃ អត់ស្ដាប់ទេ ព្រោះជាភាគីជម្លោះ គេមិនស្ដាប់ទេ តែបើសិនជាកម្ពុជា ត្រូវបានអន្តរជាតិ ជួយនិយាយជំនួស ហើយជួយដាក់សម្ពាធថៃ គឺថៃ យ៉ាងហោចណាស់ក៏បង្អង់ភាពគឃ្លើន បង្អង់ការប្រមាថឈ្លានពានមកកម្ពុជា ដែរ» ។
លោក ម៉ែន ណាត បន្តទៀតថា «ហើយមួយចំណុចចុងក្រោយ ពាក់ព័ន្ធច្បាប់អន្តរជាតិស្អីខ្លះ? ច្បាប់អន្តរជាតិហ្នឹង យើងមានហើយ ដូចជាកម្ពុជា ត្រូវប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម ១៩០៤-១៩០៧ ឯកសារសញ្ញាសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងដែនអធិបតេយ្យរបស់ប្រទេសមួយៗ ដូចជាមាត្រា៥២ នៃលក្ខន្តិកៈអង្គការសហប្រជាជាតិ ដែលត្រូវប្រើសិទ្ធិការពារខ្លួនអីជាដើមហ្នឹង សុទ្ធតែពាក់ព័ន្ធច្បាប់អន្តរជាតិហើយ ដូចជាលក្ខន្តិកៈអាស៊ាន ដែលនិយាយពីសមាជិកអាស៊ាន ទាំងអស់ មិនត្រូវជ្រៀតជ្រែកគ្នាទៅវិញទៅមក អាហ្នឹងក៏កម្ពុជា ត្រូវប្រើយន្តការហ្នឹងដើម្បីការពារខ្លួនដែរ រួមទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ផង ។ អាហ្នឹងសុទ្ធតែយន្តការច្បាប់អន្តរជាតិ ដែលកម្ពុជា ត្រូវប្រើប្រាស់ដើម្បីការពារខ្លួន ប៉ុន្តែកម្ពុជា ហាក់ដូចជាមើលរំលងកិច្ចព្រមព្រៀងក្រុងប៉ារីស ។ កម្ពុជា ក្នុងស្ថានភាពនេះ មិនអាចមើលរំលងច្បាប់អន្តរជាតិ ឬក៏សន្ធិសញ្ញាអន្តរជាតិណាមួយ ដើម្បីការពារខ្លួនទេ គឺមិនត្រូវមើលរំលងទេ ត្រូវតែយកឯកសារ សន្ធិសញ្ញា លក្ខខណ្ឌអន្តរជាតិទាំងអស់ ដែលពាក់ព័ន្ធហ្នឹង យកមកដោះស្រាយជាមួយថៃ ។ តែយ៉ាងណាក៏ដោយ ដូចខ្ញុំបញ្ជាក់ជូនអ៊ីចឹង បីបួនចំណុចខាងលើហ្នឹង គឺចុងក្រោយ នៅតែប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ ដដែល“ ៕ កុលបុត្រ