Saturday, November 16, 2024
Homeតារាខ្មែរនាយកុយ ប៉ះពេជ្រ ថៃ នៅសមាគមទូរទស្សន៍កម្ពុជា សើចផ្អើលឆាកតែម្តង

នាយកុយ ប៉ះពេជ្រ ថៃ នៅសមាគមទូរទស្សន៍កម្ពុជា សើចផ្អើលឆាកតែម្តង

តារាកំប្លែងជើងចាស់ លោកជួង ជី ហៅនាយកុយ និងម្ចាស់ពាន “The Voice Kids Cambodia” រដូវកាលទី១ ពេជ្រ ថៃ ប៉ះគ្នាជាលើកដំបូង នៅ Studio ទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីរបស់សមាគមទូរទស្សន៍កម្ពុជា ថតកម្មវិធីសិល្បៈ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ២០១៨នេះ។

ពេជ្រ ថៃ ដែលមានបទពិសោធន៍ក្មេងខ្ចីក្នុងសិល្បៈនោះ ស្រាប់តែហ៊ានតទល់ប្រស្នាជាមួយនាយកុយ ដែលជាតារាកំប្លែងចាស់វស្សាក្នុងសិល្បៈនោះ ដោយការប្រកួតមានលក្ខណៈស្វិតស្វាញ និងធ្វើឲ្យតារាប្រុសស្រីជាច្រើនបានតាមដានដោយយកចិត្តទុកដាក់ជាទីបំផុត ដែលជាលទ្ធផលរៀមច្បង នាយកុយ ដែលគេចាត់ទុកថា ជាវីរៈសិល្បៈករ និងសិស្សប្អូន ពេជ្រ ថៃ ដែលពូកែទាំងច្រៀង និងសម្ដែងនោះ បានត្រឹមស្មើគ្នា។

នាយកុយ ដាក់ប្រស្នាឲ្យពេជ្រ ថៃ ថា មើលអាប្អូនពេជ្រ ថៃ គេល្បីថា អាប្អូនឯងពូកែណាស់ អីចឹងមកដោះប្រសា្នលោកតាបន្ដិចមើល។ ឥឡូវតាសួរថា ”ក្រពើមួយ បោះគោទៅឲ្យស៊ី វាស៊ីអស់៣ក្បាល តែពេលបោះគោក្បាលទី៤ ហេតុអីវាលែងស៊ីហា៎ អាប្អូនពេជ្រ ថៃ?”។

ពេជ្រ ថៃ កាន់ក្បាលមីក្រូឆ្លើយថា ”មានអីពិបាកលោកតា ខ្ញុំសូមឆ្លើយថា ”មកពីក្រពើហ្នឹងវាឆ្អែត បានជាវាលែងស៊ីគោហ្នឹង”។ នាយកុយ បញ្ជាក់ដាក់ពេជ្រ ថៃ ថា ខុសហើយ ជាចម្លើយផ្ដេសផ្ដាយ យកជាការមិនបាន នែ៎ !!! ចាំលោកតាប្រាប់ណា៎ ការដែលក្រពើហ្នឹងលែងស៊ីគោហ្នឹង ព្រោះតែគោហ្នឹងជាគោយន្ដណាអាប្អូនពេជ្រ ថៃ”។ ពេជ្រ ថៃ បានតបទៅនាយកុយ វិញថា អុញមែន!!! លោកតាកុយ ឥឡូវខ្ញុំសួរទៅលោកតាកុយ វិញថា ”ហេតុអីបានជាយន្ដហោះ ចេះហោះ លោកតាកុយ?”។ នាយកុយ តបវិញថា ”នេះគ្រាន់តែជាសំណួរកំប៉ិកកំប៉ុកទេ មានអីពិបាក អ្នកណាក៏ឆ្លើយបានដែរ។ មូលហេតុដែលយន្ដហោះចេះហោះ ដោយសារតែវាមានម៉ាស៊ីន បំពង់ស៊ីមាំង ស្លាប និងគ្រឿងគ្រៅវា ចាក់សាំងទៅ វាហោះបានហើយ”។ ពេជ្រ ថៃ បាននិយាយកាត់ទៅនាយកុយ វិញថា “អូ! លោកតាកុយ អីចឹងឲ្យតែមានគ្រឿង គឺចេះហោះបានហើយអី លោកតា! អីចឹងខ្ញុំសួរលោកតាថា ហេតុអីបានជាសម្លរម្ជូរគ្រឿង វាមិនហោះផងទៅ លោកតាកុយ?”។ នាយកុយ នៅស្ងៀម ហើយថា ”អុញមែនវី!!! បើសម្លម្ជូរគ្រឿងហោះដែរនោះ ហោះពេញប្រទេសទៅហើយ ល្អអាលោកប្អូនពេជ្រ ថៃ …”។

ក្រោយស្មើចាក់ប្រស្នាស្មើគ្នានោះ នាយកុយ និងពេជ្រ ថៃ បានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយបទ ”ជិះដំរីលេងជាមួយបង” ដែលធ្វើឲ្យតារាប្រុសស្រីជាច្រើននាក់នាំគ្នារាំពេញស្ថានីយតែម្តង។

តារាសិល្បៈករជាច្រើនបានសរសើរពេជ្រ ថៃ ដែលនៅក្មេងសោះ តែមានភាពក្លាហានឆ្លាតវៃ ដោយមិនមានការភ័យខ្លាចក្នុងការច្រៀងសម្ដែងជាមួយសិល្បកររៀមច្បង ហើយដោយសារគេមានចំណុចពិសេសបែបនេះហើយ បានជាហង្សមាស បានប្រគល់ពាន “The Voice Kids Cambodia” ទៅឲ្យតារាវ័យក្មេងដោយមិនខ្វល់ពីការរិះគន់ពេញបណ្ដាញសង្គមនោះ។

ក្រុមតារាដែលរាំយ៉ាងសប្បាយពេលដែលនាយកុយ និងពេជ្រ ថៃ ច្រៀងនោះ បាននិយាយថា ពេជ្រ ថៃ អាចនឹងបន្ថែមអាជីពមួយទៀតបាននាពេលអនាគត គឺអាជីពកំប្លែង បើសិនជារូបគេចង់នោះ ប្រាកដជានាយកុយ ស្វាគមន៍គ្រប់ពេលជាមិនខានឡើយ ព្រោះថាកុមារដែលរៀនថ្នាក់ទី៨ នៅវិទ្យាល័យទួលស្វាយព្រៃ នេះ មានទេពកោសល្យសិល្បៈមិនធម្មតាឡើយ។

សមាគមទូរទស្សន៍កម្ពុជា ដែលដឹកនាំដោយឯកឧត្តមម៉ៅ អាយុទ្ធ ជាប្រធាននោះ បាននាំអ្នកតំណាងទូរទស្សន៍នៅក្នុងស្រុក មកថតសិល្បៈស្វាគមន៍ឆ្នាំច មានដូចជា ទូរទស្សន៍ហង្សមាស , រស្មីហង្សមាស, CTN, MyTv, CNC, ទទក, បាយ័ន, BTV, Tv3, Tv5, Tv9, Seatv, Etv, អប្សារា, PNN, Cambodia Tv, Ntv, Msj Tv, Phka Rumduol, Nice Tv, Town tv, Khmer Tv, ស្ទឹងសែន Tvs, D music។ គេឃើញមានពិធីករពិធីការនីនៃបណ្ដាទូរទស្សន៍ទាំងនេះបានមក តំណាងឲ្យស្ថានីយរបស់ពួកគេរៀងៗខ្លួន ដើម្បីនិយាយការស្វាគមន៍ឆ្នាំថ្មី អមដោយបទចម្រៀងរាំលេងកម្សាន្ដ ដែលក្នុងនោះមានតារាចម្រៀងរិន សាវ៉េត , យក់ ដួងតារា , ផន ស្រីខួច, យក់ ថិតរដ្ឋា , ឈួន សុវណ្ណឆែ, ឡាយ លក្ខិណា… រួមទាំងតារាសម្ដែងជាច្រើនដួងទៀត ដែលមករាំសម្ដែង មានដូចជា អ្នកនាងចាន់ តារាទី, ពេជ្រ អាវីហ្សា , សួង សាខារ៉ានីត ជាដើម ដែលសុទ្ធតែបង្ហាញទឹកមុខសប្បាយរីករាយរាំតាមចង្វាក់ភ្លេងជាច្រើនបទ ជាការស្វាគមន៍ឆ្នាំថ្មី២០១៨ ឆ្នាំច នេះ៕

RELATED ARTICLES