តារាកំប្លែងជើងចាស់ នាយវីតាមីនសេ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ជាច្រើនខែហើយ ដោយជំងឺដុំសាច់នៅក្នុងថ្លើមធ្វើទុក្ខខ្លាំងនោះ ពេលនេះក្រុមគ្រួសារបានសម្រេចបញ្ជូនលោកមកផ្ទះវិញហើយ ដោយសារតែអការៈនៃស្ថានភាពជំងឺធ្វើទុក្ខខ្លាំងៗ រហូតដល់ស្ថិតក្នុងដំណាក់កាលចុងក្រោយ។
ស្វាមីអ្នកនាងប៉េងប៉ោង បានប្រាប់អ្នកយកព័ត៌មានយើងនៅទូរទស្សន៍ហង្សមាស កាលពីម្សិលមិញថា ប៉ាក្មេករបស់លោកសម្រាន្តនៅមន្ទីពេទ្យកាល់ម៉ែត្រ ១ខែហើយ ក្រោយពេលដែលត្រូវបញ្ជូនមកពីប្រទេសថៃ វិញ ហើយពេលនេះសុខភាពគាត់មានការទ្រុឌទ្រោមខ្លាំង ដោយសារតែជំងឺសាច់ដុំក្នុងថ្លើមធ្វើទុក្ខខ្លាំងពេក។
ប្ដីអ្នកនាងប៉េងប៉ោង បានរៀបរាប់ថា ”កាលខ្ញុំនិងប្រពន្ធយកគាត់ទៅព្យាបាលនៅថៃ យើងតែ២នាក់ប្ដីប្រពន្ធបានយាមកំដរគាត់ ១យប់ៗទល់ភ្លឺ មានការពិបាកច្រើន អីចឹងសឹងតែឈឺរៀងៗខ្លួន ហើយមានបញ្ហាកាន់តែពិបាកនោះដែរ គឺយើងមិនចេះភាសាថៃ។ ក្រុមគ្រូពេទ្យថៃ បានប្រាប់ថា ឲ្យខ្ញុំយកគាត់មកព្យាបាលគាត់នៅក្នុងស្រុកទៅ ព្រោះថាជំងឺគាត់ចូលដល់ដំណាក់កាលធ្ងន់ធ្ងរហើយ អីចឹងខ្ញុំក៏នាំគាត់មកពេទ្យកាល់ម៉ែត្រ វិញ ព្រោះថាពេទ្យក្នុងស្រុកយើងក៏មានបច្ចេកវិទ្យាព្យាបាល មិនចាញ់ពេទ្យគេដែរ។ ម្យ៉ាងទៀតការព្យាបាលពេទ្យក្នុងស្រុក បានបងប្អូនជួយកំដរឆ្លាស់គ្នា មិនសូវយ៉ាប់ដូចកាលទៅពេទ្យថៃ ពេក”។
យ៉ាងណា ក្រោយពេលដែលនាយវីតាមីនសេ សម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ រយៈពេល១ខែនោះ ជំងឺរបស់លោកមិនបានធូរស្រាលទេ គឺកាន់តែវិវឌ្ឍក្នុងស្ថានភាពធ្ងន់ធ្ងរទៅៗ រហូតដល់ចុងក្រោយនេះ គ្រូពេទ្យបានឲ្យក្រុមគ្រួសារដឹកគាត់មកផ្ទះវិញ ហើយឲ្យស្ដាប់ធម៌ ដែលនេះជាដំណាក់កាលចុងក្រោយ។
ស្វាមីអ្នកនាងប៉េងប៉ោង បន្ថែមថា ”ក្រុមគ្រូពេទ្យកាល់ម៉ែត្រ ព្យាបាលប៉ាខ្ញុំដោយយកចិត្តទុក្ខដាក់ខ្លាំងណាស់ គឺដាស់ស្មើណា បានស្មើហ្នឹង មិនដូចនៅពេទ្យថៃ ទេ គេធ្វើការមានម៉ោងគេ ពិបាកណាស់។ ប៉ាខ្ញុំគាត់ចូលដំណាក់កាលធ្វើទុក្ខខ្លាំង ជំងឺចាស់គាត់ដុំសាច់នៅក្នុងថ្លើមនេះ រួមទាំងជំងឺសួត និងការខ្វះជាតិស្ករផងដែរ។ មុនហ្នឹងឲ្យតែយកគាត់មកផ្ទះ គាត់ទារទៅពេទ្យវិញហើយ អីចឹងបានជាក្រុមគ្រួសារឲ្យគាត់នៅពេទ្យ១ខែហើយ។ ខ្ញុំនឹងក្រុមគ្រួសារបានព្យាបាលគាត់អស់លទ្ធភាពហើយ ស្មើទោស បើសិនជាគាត់យ៉ាងម៉េច ក៏យើងអស់ចិត្តដែរ ។ ការព្យាបាលកន្លងមកក៏មានប្រមុខរដ្ឋាភិបាលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយថវិការច្រើនហើយដែរ ទើបយើងមានលទ្ធភាពបានមកដល់ពេលនេះ”។
ចំណែកនាយកុយ បានឲ្យអ្នកសារព័ត៌មានថា “គ្រាន់តែឮដំណឹងថា តាវីតាមីនសេ ត្រូវបានកូនៗដឹកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ មកសូត្រមន្តនៅផ្ទះក្នុងដង្ហើមចុងក្រោយភ្លាម លោកបានបើករថយន្តចេញពីផ្ទះ សំដៅផ្ទះតា វីតាមីនសេ តែម្តង ដោយអង្គុយរង់ចាំមិត្តភក្ដិចាស់ ប្រហែលកន្លះម៉ោង ទើបកូនៗដឹកតាមឡានពេទ្យមកដល់។
នាយកុយ ថ្លែងទាំងទឹកភ្នែករលីងរលោងថា “ខ្ញុំមានពាក្យចង់និយាយច្រើនទៅកាន់តាវីតាមីនសេ តែមិនអាចនិយាយបាន ដូច្នេះមានសូមជូនបុណ្យកុសល ដែលខ្ញុំធ្វើល្អទាំងប៉ុន្មាន ជូនទៅដល់គាត់ផងចុះ”៕