Saturday, November 16, 2024
Homeតារាខ្មែរអ្នកនាងប៉េងប៉េង យំស្ទើរខ្សោះទឹកភ្នែក ស្តាយឪពុកចាកចេញគ្មានថ្ងៃត្រឡប់

អ្នកនាងប៉េងប៉េង យំស្ទើរខ្សោះទឹកភ្នែក ស្តាយឪពុកចាកចេញគ្មានថ្ងៃត្រឡប់

ភ្នំពេញ ៖ លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ ដែលជាតារាកំប្លែងជើងច្បាស់មានឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា បានទទួលមរណភាព កាលពីវេលាម៉ោង១២និង៣០នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ក្នុងវ័យ៦៩ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ ដុំសាច់ មហារីកនៅបរិវេណថ្លើម។

តារាកំប្លែងស្រី ប៉េង ប៉ោង ត្រូវជាកូនបង្កើតរបស់នាយវីតាមីនសេ បានបញ្ជាក់ប្រាប់ទាំងអួលដើមកថា ឪពុករបស់អ្នកនាងបានស្លាប់ហើយ នៅរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ខណៈដែលបងប្អូនសាច់ញាតិដែលរស់នៅតាមបណ្តាខេត្ត ក៏បានមកជុំគ្នាអស់ហើយ និងបានទាន់ដង្ហើមចុងក្រោយឪពុករបស់នាងគ្រប់ៗគ្នា។

អ្នកនាងប៉េង ប៉ោង បានបញ្ជាក់ថា ឪពុករបស់អ្នកនាងបានកើតមានជំងឺមហារីក ដុះដុំសាច់នៅលើថ្លើម ហើយស្ថានភាពជំងឺចាប់ផ្តើមធ្ងន់ធ្ងរខ្លាំងឡើង រហូតដល់រាងកាយឪពុករបស់អ្នកនាងទ្រាំទ្រលែងបាន កាន់តែទ្រុឌទ្រោមខ្លាំង និងត្រូវបានគ្រូពេទ្យជំនាញទាំងថៃ និងកម្ពុជា សុទ្ធតែបានផ្តល់យោបល់ដូចៗគ្នាថា គួរដឹកបញ្ជូនគាត់ឱ្យត្រឡប់មកផ្ទះវិញ ដើម្បីបានជួបជុំប្រពន្ធកូន បងប្អូន សាច់ញាតិជាលើកចុងក្រោយទៅ ព្រោះស្ថានភាពជំងឺចេះតែវិវឌ្ឍន៍ទៅមុខ មិនអាចត្រឡប់ក្រោយបានឡើយ។ លុះក្រោយពីដឹកបញ្ជូនឪពុកមកដល់ផ្ទះ បានរយៈពេលជិត១០ម៉ោង ទីបំផុត ឪពុករបស់អ្នកនាងក៏បានលាចាកលោកទៅចោលប្រពន្ធកូនជាទីស្រលាញ់ដោយអាឡោះអាល័យជាទីបំផុត។ សពឪពុករបស់អ្នកនាងកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានតាមផ្លូវលេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្វីដែលជាការកត់សម្គាល់ នៅត្រង់ថា អំឡុងពេលដែលនាយវីតាមីនសេ ត្រូវបានគ្រូពេទ្យផ្តល់យោបល់ឱ្យក្រុមគ្រួសារដឹកត្រឡប់ទៅកាន់លំនៅដ្ឋានវិញនោះ គេឃើញមានវត្តមានបងប្អូន សាច់ញាតិ មិត្តភក្តិ រួមនឹងអ្នកសិល្បៈជាច្រើន បានមានវត្តមានជាបន្តបន្ទាប់ នៅគេហដ្ឋាននាយវីតាមីនសេ ដើម្បីបង្ហាញពីទឹកចិត្តស្រលាញ់រាប់អាន ក៏ដូចជាការលាគ្នាក្នុងឱកាសចុងក្រោយ។ ជាមួយនេះ វត្តមានតារាកំប្លែងជើងចាស់ល្បីឈ្មោះចំនួន៤រូប រួមមាន នាយកុយ នាយក្រឹម នាយឃ្លោក និងនាយត្រដក់ បាននាំគ្នាមកដល់ផ្ទះនាយវីតាមីនសេ ជាបន្តបន្ទាប់ និងបានអង្គុយកំដរ នាយវីតាមីសេ រហូតដល់ដំណាក់កាលចុងក្រោយ គឺម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ជាវេលាដែលនាយវីតាមីនសេ បានលាចាកទៅដោយគ្មានថ្ងៃវិលត្រឡប់។

គួរបញ្ជាក់ថា លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤៨ នៅក្នុងភូមិកោងកាង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម។ លោកគឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ (ប្រុស៣ ស្រី២) មានឪពុករបស់លោកឈ្មោះ ទូច ម៉ៅ (ស្លាប់) ម្តាយឈ្មោះឃឹម យាន (ស្លាប់)។ លោកបានរៀបការជាមួយលោកស្រី លីវ ស៊ីថា សព្វថ្ងៃអាយុ៦៥ឆ្នាំ កាលពីឆ្នាំ១៩៧២ និងបង្កើតបានកូនចំនួន៥នាក់ (ប្រុស២ ស្រី៣)។ ក្នុងចំណោមកូនទាំង៥នាក់របស់លោក គឺលោកបានបណ្តុះបណ្តាលឱ្យក្លាយជាអ្នកសិល្បៈបានម្នាក់ គឺអ្នកនាងមឿន និមល ហៅប៉េងប៉ោង។ បច្ចុប្បន្នលោកបានរៀបចំទុកដាក់កូនកូនរបស់លោកឱ្យមានគូស្រករបានចំនួន២នាក់ ហើយទទួលបានចៅចំនួន២នាក់។

គួរបញ្ជាក់ថា ការបាត់បង់អតីតតារាកំប្លែងជើងចាស់ លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ គឺជាការបាត់បង់វីរៈសិល្បករដ៏មានទេពកោសល្យ និងអ្នកសិល្បៈមួយដ៏កម្ររកបាន ដែលធ្វើឱ្យមហាជនមានភាពសោកស្តាយជាខ្លាំង។ ជាមួយនេះ អង្គភាពសារព័ត៌មាន “នគរធំ” ទស្សនាវដ្តី “អង្គរធំ” និងទស្សនាវដ្តី “តារា” សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារសព លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

RELATED ARTICLES