ខេត្តតាកែវ ៖ ជនសង្ស័យជាឃាតករដៃឆៅម្នាក់ ដែលផឹកស៊ីស្រវឹង ទាស់សម្តីជាមួយបុរសម្នាក់ដែលអង្គុយផឹកជាប់គ្នា ក៏ដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើជនរងគ្រោះអស់ចំនួន១៥គ្រាប់ បណ្តាលឱ្យរងរបួសសុសសាច់ ស្លាប់នៅនឹងកន្លែង កាលពីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុចភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចក្នុងរោងមង្គលការមួយស្ថិតក្នុងភូមិគួយ ឃុំគ្រញូង ស្រុកត្រាំកក់។
ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះទឹម សារី អាយុ៣៥ឆ្នាំ មុខរបរអង្គរក្ស មានស្រុកកំណើតនៅភូមិ កាប់នឹម ឃុំឃ្វាវ ស្រុកសំរោង ខេត្តតាកែវ មានប្រពន្ធឈ្មោះឈឺន ចាន់គ្រឹស្នា អាយុ២៨ឆ្នាំ ជាគ្រូបង្រៀន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ចំណែកបុរសរងគ្រោះដែលត្រូវជនដៃដល់បាញ់សុសសាច់ស្លាប់ មានឈ្មោះស្រី ចាន់វុទ្ធី អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ចខេត្តតាកែវ បានឱ្យដឹងថា ក្រោយចាប់ខ្លួនជនសង្ស័យឃាតករខាងលើ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ បញ្ជូនមកឱ្យខាងសមត្ថកិច្ចស្រុកអង្គស្នួលវិញ ក្រោយពីមានដីកាចំនួន២ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពាក់ព័ន្ធពីបទឃាតកម្មគិតទុកជាមុន ដែល ប្រឈមនឹងការជាប់គុកអស់មួយជីវិត។
គួររំលឹកថា កាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងនៅចំណុចភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ដោយបុរសជាអង្គរក្សឈ្មោះទឹម សារី បានចូលរួមកម្មវិធីខួបកំណើតសាច់ញាតិក្នុងភូមិ លុះជួបជុំស៊ីផឹករហូតស្រវឹងធ្លាក់ភ្នែក ក៏ស្រាប់តែទាស់ពាក្យសម្តីគ្នាជាមួយនឹងបុរសឈ្មោះស្រី ចាន់វុទ្ធី ដែលអង្គុយផឹកជាប់គ្នា រួចក៏ដកកាំភ្លើងខ្លីបាញ់ស្រោចទៅលើជនរងគ្រោះអស់ចំនួន១៥គ្រាប់ បណ្តាលឱ្យរងរបួសសុសសាច់ និងស្លាប់យ៉ាងអាណោចអាធ័មបំផុត។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អ្នកភូមិម្នាក់ឈ្មោះសៀង ចាន់ធី ភេទស្រី បានរៀបចំកម្មវិធីខួបកំណើតចៅ ដោយអញ្ជើញសាច់ញាតិ និងអ្នកភូមិចូលរួមហូបចុកប្រមាណ៣០នាក់ ដោយក្នុងនោះក៏មានជនរងគ្រោះ និងខ្មាន់កាំភ្លើងជាឃាតករ ចូលរួមផងដែរ។ កម្មវិធីខួបកំណើតខាងលើនេះ បានចាប់ផ្តើមតាំងពីម៉ោង៤ល្ងាច ដោយមានរៀបចំអាហារហូបចុក និងស្រាបៀរដាក់ទទួលភ្ញៀវផងដែរ ចំណែកជនរងគ្រោះពាក់អាចក្រឡាដៃវែង និងជនសង្ស័យជាឃាតករ ពាក់អាវយឺតពណ៌ខៀវ បានអង្គុយផឹកជាប់គ្នា ហើយក៏មានការ និយាយលេងសើចសប្បាយហ៊ោកញ្ជ្រៀវពេញវង់ផឹកស៊ីនោះទៀតផង។
ប្រភពដដែលបន្តថា លុះបន្ទាប់ពីមានជាតិស្រាចូលដល់ក្នុងពោះ ទាំងជនរងគ្រោះ និងជនដៃដល់នៅតែនិយាយល្អូកល្អិននឹងគ្នាដដែល រហូតដល់វេលាកើតហេតុខាងលើ ជនរងគ្រោះនិងជនដៃដល់ បានទាក់ពាក្យសម្តីគ្នា ទើបធ្វើឱ្យជនដៃដល់ដែលកំពុងស្រវឹងជោកជាំ ផ្ទុះកំហឹង ដកកាំភ្លើងខ្លីម៉ាក CF.98-9 បាញ់ទៅលើជនរងគ្រោះ បណ្តាលឱ្យដួលនៅនឹងកន្លែង។ លុះឃើញជនរងគ្រោះដួលហើយ ជនដៃដល់មិនទាន់រត់គេចខ្លួនទៅណាភ្លាមទេ តែបែរជាឈរបង់ជំទែង នៅចំងាយពីជនរងគ្រោះមិនដល់កន្លះម៉ែត្រផង រួចបាញ់ស្រោចទៅលើជនរងគ្រោះបន្ថែមទៀត រហូតដល់អស់គ្រាប់ពីបង់ សរុប១៥គ្រាប់ គ្មានខុសមួយគ្រាប់ណាឡើយ។ បន្ទាប់ពីបាញ់អស់គ្រាប់ពីបង់ហើយ ជនជាឃាតករ បម្រុងនឹងដោះដូរបង់ថ្មីមកបាញ់ទៅលើជនរងគ្រោះបន្ថែមទៀត តែភ្លាមនោះ អ្នកផឹករួមវង់ បានស្ទុះទៅប្រទាញប្រទង់ ជនដៃដល់ដណ្តើមយកកាំភ្លើង និងព្យាយាមចាប់ជនដៃដល់នោះដែរ តែចាប់មិនឈ្នះ ស្របជាមួយនេះ ម្តាយក្មេករបស់ជនដៃដល់ បានស្រែកថា កុំចាប់កូនរបស់គាត់ ទុកឱ្យគាត់ជាអ្នកធានាចេញមុខដោះស្រាយតាមក្រោយ ទើបធ្វើឱ្យជនជាឃាតករដៃឆៅរូបនោះ មានឱកាសឡើងជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ មិនចាំស្លាកលេខ រត់គេចខ្លួនបាត់ស្រមោលតែម្តង។
ដោយឡែកប្រភពពីសាច់ញាតិជនរងគ្រោះ បានឱ្យដឹងថា រវាងជនរងគ្រោះ និងជនជាឃាតករ គឺត្រូវជាមិត្តភក្តិនឹងគ្នា មិនតែប៉ុណ្ណោះ ប្រពន្ធរបស់អ្នកទាំងពីរត្រូវជាប់សាច់ញាតិនឹងគ្នាផងដែរ។ ទាំងជនរងគ្រោះ និងជនជាឃាតករ មានរបរជាអ្នករកស៊ីគក់ជេរដី និងមានរថយន្តជួល ដឹកដីដូចគ្នា ហើយកន្លងមកក៏ធ្លាប់មានបញ្ហាអន់ចិត្តនឹងគ្នាក្នុងរបររកស៊ីនេះដែរ តែបានសម្របសម្រួលគ្នា និងត្រូវរ៉ូវគ្នាវិញហើយដែរ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងជនដៃដល់ បានទៅចូលរួមក្នុងពិធីខួបកំណើតកូនអ្នកភូមិតាំងពីម៉ោង៤រសៀល និងជួបជុំគ្នាផឹកស៊ី និយាយលេងសើចដាក់គ្នាជាហូរហែ រហូតដល់វេលាម៉ោងប្រមាណ៧យប់ ភាគីទាំង២ បានស្រុះស្រួលគ្នាឈប់សម្រាកសិន ដោយសារផឹកតាំងពីល្ងាច ស្រវឹងជោកជាំណាស់ទៅហើយ រួចក៏នាំគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន។
ប៉ុន្តែបន្តិចក្រោយមក ទាំងជនរងគ្រោះ និងជនដៃដល់ បាននាំគ្នាត្រឡប់មកវិញ ចូលរួមផឹកិស៊ីក្នុងវង់តែមួយបន្តទៀត រហូតស្រវឹងធ្លាក់ភ្នែក ក៏នាំគ្នារាំលេងដល់ហត់ ក៏ចូលមកអង្គុយជិតគ្នាវិញ បន្ទាប់មកគេឮជនរងគ្រោះនិយាយទៅកាន់ជនដៃដល់ថា ផឹកស៊ីគួរផឹកឱ្យមានចិត្តខ្លះទៅ គួរចេញថ្លៃស្រាបៀរខ្លះទៅ រួចក៏នាំគ្នាសើចក្អាកក្អាយបន្តទៀត ភ្លាមនោះជនដៃដល់បានងើបជិះម៉ូតូចេញទៅទិញស្រាបៀរចំនួន២កេសមកអង្គុយផឹកបន្ត ដែលនេះជាសកម្មភាពឌឺដងទៅលើជនរងគ្រោះ ដែលបាននិយាយថាខ្លួនផឹកស៊ីអត់ចេញលុយ។ លុះទិញស្រាបៀរមកដល់ហើយ គេឃើញជនដៃដល់ បានជជែកជាមួយជនរងគ្រោះតែ២នាក់ តែគ្មានអ្នកណាចាប់អារម្មណ៍ថា អ្នកទាំង២កំពុងទាស់ពាក្យសម្តីគ្នាឬយ៉ាងណានោះទេ ស្រាប់តែមួយសន្ទុះក្រោយមក ខណៈដែលជនរងគ្រោះ កំពុងរាំលេង ជនដៃដល់ក៏ដកកាំភ្លើងបាញ់ស្រោចទៅលើជនរងគ្រោះ បំណងផ្តាច់ជីវិតតែម្តង ហើយបើតាមមើលពីសភាពនៃការបាញ់នោះ ទំនង ជាជនដៃដល់ខឹងសម្បានឹងជនរងគ្រោះខ្លាំងបំផុត រហូតមានបំណងតែមួយគត់ គឺយកជីវិតជនរងគ្រោះឱ្យខាងតែបាន។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបញ្ជាក់ថា ជនរងគ្រោះបានរងរបួសសុសសាច់ ចំនួន១៥កន្លែង ក្នុងនោះចំដើមទ្រូង១កន្លែង ក្រោមក្លៀកខាងឆ្វេងចំនួន២កន្លែង ពោះចំនួន៤កន្លែង ក្រោមដោះខាងស្តាំចំនួន៣កន្លែង ជង្គង់ស្តាំ ចំនួន៣កន្លែង និងជង្គង់ឆ្វេងចំនួន២កន្លែង។
យ៉ាងណា ក្រោយពីរត់គេចខ្លួនអស់រយៈពេលជិត៣ឆ្នាំ ទីបំផុតឈាមស្រែកស្បែកហៅ ជនដៃដល់ជាឃាតករ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនបាននៅខេត្តតាកែវ រួចបញ្ជូនមកប្រគល់ឱ្យសមត្ថកិច្ចខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី ដោយជនជាឃាតករដៃឆៅនេះ អាចនឹង ប្រឈមជាប់គុកអស់មួយជីវិត៕