សពលោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ ត្រូវបានបូជានៅម៉ោង៦ល្ងាច កាលពីល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១ ៨នៅវត្តព្រះបារមីវង្កដ្ឋបូរី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមសំណោកស្ដាយពីមហាជននិងអ្នកសិល្បករគ្រប់គ្នា ដែលនៅជុំវិញឈាបនដ្ឋាននោះ មានសំឡេងយំកងរំពងលាន់ពេញបរិវេណវត្ត នៅពេលផ្សែងបូជាសពហុយឃ្លួលក្មាញ់រំលាយរូបកាយតារាកំប្លែងរូបនេះ បាត់មួយរំពេចនោះ។
អ្នកនាងមឿន និមល ហៅប៉េងប៉ោង បានយំឱបម្ដាយអ្នកស្រីលីវ ស៊ីវថា ហើយស្រែកថា ”ប៉ាអើយ ប៉ាទៅចោលខ្ញុំរហូតហើយ! ប៉ាប៉ាប៉ា”។
នាយឃ្លោក ដែលកាន់ក្បាលមីក្រូនោះ បាននិយាយកាន់តែធ្វើគេខ្លោចចិត្តថែមទៀត ថាយមរាជគ្មានធម៌មេត្តាមែន សម្ដេចនាយករដ្ឋមន្រី្ដបានផ្ដល់ថវិកាចំនួន៥ម៉ឺនដុល្លា ដើម្បីឲ្យនាយវីតាមីនសេ ព្យាបាល ទាន់ពេលវេលា តែទីបំផុត លោកនៅតែទៅចោលពួកយើងបែបនេះ?
លោកម៉ៅ សាមឿន ហៅនាយវីតាមីនសេ បានស្លាប់ក្នុងអាយុ៦៩ឆ្នាំ ដោយជំងឺដុះដុំសាច់ក្នុងថ្លើម ដែលធ្លាប់យកទៅព្យាបាលនៅប្រទេសជិតខាង ហើយតែនៅមិនបានផលទេ។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ចុក្រោយ រយៈពេល១ខែ ដោយសារតែស្ថានភាពនាយវីតាមីនសេ កាន់តែធ្ងន់ធ្ងរខ្លាំងពេក ក្រុមគ្រូពេទ្យក៏បានឲ្យគ្រួសារដឹកយកផ្ទះវិញ ដើម្បីឲ្យលោកបានស្ដាប់ធម៌នៅវេលាចុងក្រោយ ហើយក្រោយយកមកដល់ផ្ទះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ទីបំផុត នាយវីតាមីនសេ ក៏បានទទួលមរណៈភាពនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។ មរណៈភាពរបស់តារាកំប្លែងដែលប្រឡូកជោគជាំជាមួយអាជីពកំប្លែង ២៦ឆ្នាំ (១៩៩២-២០១៨) នេះ បានបន្សល់នូវភរិយាអាយុ៧០ឆ្នាំ ឲ្យក្លាយជាមេម៉ាយ គឺអ្នកស្រីលីវ ស៊ីថា និងកូន៤នាក់ (ស្រី៣) ដែលក្នុងនោះមានតែអ្នកនាងប៉េងប៉ោង ម្នាក់ទេ ដែលចាប់អាជីពជាតារាកំប្លែងស្នងតំណែងរបស់លោក។ ការបាត់បង់វីរសិល្បករខ្មែរដ៏ច្នើមនេះ ត្រូវបាននាយឃ្លោក អះអាងថា នាយវីតាមីនសេ មិនទាន់បានសម្រេចបំណងរបស់គាត់ចំពោះក្រុមគ្រួសារឡើយ។
នាយឃ្លោក ថ្លែងថា ”នាយវីតាមីនសេ គាត់មានបំណងមួយទៀតនៅមុនពេលដែលគាត់ស្លាប់នេះ គឺគាត់ចង់បើកហាងតូច១ ដើម្បីឲ្យប្រពន្ធកូនគាត់បានរកស៊ី តែអ្វីៗមិនទាន់បានចេញជារូបរាងផង គាត់ទៅចោលយើងដោយគ្មានថ្ងៃអាចនឹងវិលត្រឡប់មកវិញទេ”។
តាមក្រុមគ្រួសារសពនាយវីតាមីនសេ បានឲ្យដឹងថា ពិធីបុណ្យ៧ថ្ងៃ របស់អ្នកកំប្លែងរូបនេះ គឺរៀបចំនៅវត្តដែលលោកត្រូវបូជានេះដែរ គឺវត្តព្រះបារមីវង្កដ្ឋបូរី ។
អ្នកនាងប៉េងប៉ោង ថ្លែងថា ”ខ្ញុំសូមអរគុណដល់បងប្អូនសិល្បករទាំងអស់ ដែលជួយជ្រោមជ្រែងណាស់ តាំងពីប៉ាខ្ញុំគាត់ស្លាប់ ខាងប្រមុខរដ្ឋាភិបាល ក៏លោកបានបញ្ជូនតំណាងមកសួរនាំ រំលែកទុក្ខជាបន្ដបន្ទាប់ដែរ អីចឹងខ្ញុំមានតែម្រាបដៃដប់ សំពះសូមអរគុណ។ ចំពោះពិធីបុណ្យ៧ថ្ងៃប៉ាខ្ញុំ នឹងរៀបចំនៅវត្តព្រះបារមីវង្កដ្ឋបូរី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ហេតុនេះហើយខ្ញុំសូមគោរពបងប្អូនសិល្បករ វីរសិល្បករមកចូលរួមជាមួយយើងខ្ញុំផង”។
យ៉ាងណា អ្នកនាងប៉េងប៉ោង ថា មិនទាន់អាចសរុបថវិកាទាំងសិល្បករ និងប្រមុខរដ្ឋាភិបាលដែលជួយនោះបានឡើយ ព្រោះជាប់មមាញឹកខ្លាំងពេកក្នុងការរៀបចំបុណ្យសព។
តារាកំប្លែងនាយតឹង និងនាយឆ្អឹង បាននិយាយស្របគ្នាថា ”ខ្ញុំមានការសោកស្ដាយខ្លាំងណាស់ ដែលបាត់បង់នាយវីតាមីនសេ ព្រោះគាត់ប្រៀបបានជាឪពុកនិងគ្រូរបស់ខ្ញុំដែរ។ គាត់ធ្លាប់បង្ហាត់បង្រៀនខ្ញុំច្រើនដែរ ទាក់ទងការចូលជាអាជីពកំប្លែងនេះ ខ្ញុំមានតែសូមចូលរួមរំលែកទុក្ខក្រុមគ្រួសារគាត់ និងសូមបូងសួងឲ្យគាត់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”៕