តារាកំប្លែងមាឌល្អិតចិត្តធំ ព្រោះបែកពីប្រពន្ធទី១ យកប្រពន្ធទី២ភ្លែត នាយក្រិន បាននិយាយឌឺដងផ្លែផ្កាសុំស្នេហាអ្នកមេម៉ាយសាច់សខ្ចី នាងប្រិមប្រិយ ដោយមិនគិតថាខ្លួនតួចឡើយ គឺអួតថា ចង់ជួយកិច្ចការយប់ព្រលប់ដល់អ្នកមេម៉ាយកូន១នេះទៀតផង។ តែបំណងដ៏ល្អរបស់នាងក្រិន បែបនេះ ត្រូវបានបរាជ័យ ព្រោះថាអ្នកមេម៉ាយប្រិមប្រិយ មិនយល់ព្រមឡើយ ព្រោះសម្អាងថា នាយក្រិន មាឌតូចបាន តែអត់ប្រយោជន៍ គ្មានបានការអី។
នាយក្រិន បាននិយាយបែបលែបខាយដាក់ប្រិមប្រិយ ទាំងមិនមើលមាឌខ្លួនឯងថា ”ឮថា អ្នកនាងប្រិមប្រិយ មេម៉ាយអី? អីចឹងចង់ឲ្យខ្ញុំជួយកិច្ចការយប់ព្រលប់អត់ហ្នឹង? មេម៉ាយអីចឹងបានអ្នកណាជួយទៅ នៅម្នាក់ឯងពិបាកណាស់ណា កុំធ្វើអីចឹងអី…”។
ដោយមិនចង់ទុកមុខឲ្យនាយក្រិន នាប្រិមប្រិយ បានតបវិញដោយមិនបង្អង់ថា ”នែ៎! នាយក្រិន មាឌល្អិតចិត្តអីក៏ធំម្លេះន៎រ! យី ចង់ជួយកិច្ចការយប់ព្រលប់អី មាឌតូចអីចឹង យកមកធ្វើការអីកើតទៅ អត់ប្រយោជន៍ ចេះតែនិយាយហាមាត់ទៅកើតដែរហ្នឹង។ ខ្ញុំមិនត្រូវការអ្នកតូចល្អិតមកជួយជ្រោមជ្រែងអីគ្មានបានការផង…”។
ការបណ្ដុះបង្អាប់របស់នាងប្រិមប្រិយ បែបនេះ ត្រូវបាននាយក្រិន ក្ដៅក្រហាយខ្លាំង ហើយចាក់តបវិញភ្លាមៗថា ”បើថាអញមិនបានការ ម៉េចបានឥឡូវកូនដល់ទី៣ ហា៎! យី មើលងាយអាតូចល្អិតផងអី? ចង់ដឹងថា កើតមិនកើតសំខាន់ឲ្យអាតូចហ្នឹង សាកមើលសិនទៅ តិចលោថា រាងដោយសារអាតូចវើយ?”។
ការស៊កសម្ដីដាក់គ្នារវាងនាយក្រិន និងនាងប្រិមប្រិយ នេះគឺនៅពេលដែលអ្នកទាំង២បានច្រៀងឆ្លងឆ្លើយគ្នានៅលើឆាកតន្ដ្រី “ខារ៉ាបាវ Spark Concert 2018” នៅមជ្ឈមណ្ឌលកម្សាន្ដស្ប៉ាក។ នាយក្រិនបានបានចាប់ដៃនាងប្រិមប្រិយ ច្រៀងបទ ”ប្ដីសម័យ Internet”, ”កកក៏បាយ មេម៉ាយក៏ស្រី” ជាដើម ដោយអ្នកទាំង២បានធ្វើឲ្យអ្នកទស្សនាការប្រគំតន្ដ្រី រឹតតែមានការសប្បាយរីករាយថែមទៀត ព្រោះថា នាយក្រិន និយាយលេងបន្លំមែនដាក់នាងប្រិមប្រិយ។
ក្រៅពីនាយក្រិន និងនាងប្រិមប្រិយ នោះ កម្មវិធីប្រគំតន្រ្ដី “ខារ៉ាបាវ Spark Concert 2018” កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨នោះ ក៏មានការចូលរួមពីតារាចម្រៀងផលិតកម្មរស្មីហង្សមាស កញ្ញាវី ឌីណែត ដោយកូនស្រីលោកហួរ ឡាវី រូបនេះច្រៀងបទ ”ទ្រាំៗទៅធ្វើម៉េចយើងស្រលាញ់គេ”, ”ស្នាមញញឹម”, ”ស៊ីម៉ោង” និងបទ ”I’m back”។ ដោយឡែកសុគន្ធ ថេរ៉ាយុ ច្រៀងបទ”ចាំតែអូនមក”, ”រាំវង់បំពង់ទឹកត្នោតជូរ”, ”រាំចាប់ចាប” និងបទ ”Mum & Daddy” ។ ចំណែកតារារះថ្មី ទុយ រតនៈ ច្រៀងបទ ”គេមិនស្រលាញ់យើងទេ” និងបតទ”កូនប្រុសខុសហើយ”៕