កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បានលេចមុខលើឆាកតន្ត្រីនៅ City Hall កោះពេជ្រ កាលពីរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ នៅចំពោះមុខអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid លោក Ruud Van Nistelrooy តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានច្រៀងរាំបទញាក់ ជាចង្វាក់រ៉ក ធ្វើឲ្យទាំងភ្ញៀវជាតិនិងអន្ដរជាតិ មានការរាំតាម និងធ្វើឲ្យ Van Nistelrooy មានការរីករាយខ្លាំងផងដែរ ព្រោះថាក្រៅពីមានក្រុមអ្នកគាំទ្រកម្ពុជាច្រើនបានទៅទស្សនាពានរង្វាន់ UEFA Champions League ដែលត្រូវដាក់បង្ហាញដោយមានការយាមកាមយ៉ាងយកចិត្តទុកដាក់ពីកងសន្ដិសុខនោះ ក៏មានតារាចម្រៀងល្បីប្រចាំប្រទេស ច្រៀងអមកម្មវិធី ដើម្បីធ្វើឲ្យកម្មវិធីនោះកាន់តែមានភាពរីករាយថែមទៀតផងដែរ។
តារាចម្រៀងឱក សុគន្ធកញ្ញា ដែលគ្រងក្នុងឈុតស្លាបកំភេនដូចគ្នាទៅនឹងស្លាកសញ្ញារបស់Heineken នោះ បាននិយាយថា “នាងមានកិត្តិយស និងភាពរីករាយចំពោះការមានឱកាសច្រៀងសម្ដែងនៅចំពោះមុខខ្សែប្រយុទ្ធលំដាប់ថ្នាក់អន្ដរជាតិដ៏ល្បីល្បាញរបស់ពិភពលោកនោះ”។
អតីតខ្សែប្រយុទ្ធឆ្នើម Ruud Van Nistelrooy បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដោយនាំយកពានរង្វាន់ UEFA Champions League មករយៈពេល៣ថ្ងៃ គឺពីថ្ងៃទី២ដល់៤ ខែមេសា ឆ្នាំ២០១៨ ដែលកាលពីថ្ងៃទី០២ មានកម្មវិធី Tropy UCL នៅកោះពេជ្រ ចាប់ពីវេលាម៉ោង៤និង៤០នាទី រហូតដល់ម៉ោង១១យប់។ ថ្ងៃទី៣ មានសន្និសីទសារព័ត៌មាននៅកោះពេជ្រ វេលាម៉ោង៨ព្រឹក ។ ចំណែកថ្ងៃទី៤ ខែមេសា មានការថតរូបនៅកោះពេជ្រ រវាងអ្នកគាំទ្រកម្ពុជា ជាមួយលោក Van Nistelrooy ផងដែរ។
គួរបញ្ជាក់ថា ការមកដល់កម្ពុជា របស់អតីតខ្សែប្រយុទ្ធលំដាប់ថ្នាក់អន្ដរជាតិ Van Nistelrooy នេះ លោកត្រូវបានអ្នកគ្រប់គ្រងក្រុមហ៊ុន CBL និងអ្នកគាំទ្រជាច្រើននៅកម្ពុជា ដែលស្វាគមន៍លោកយ៉ាងកក់ក្ដៅ ហើយលោកក៏បានចែកចាយបទពិសោធន៍លេងបាល់ទាត់ជាមួយកីឡាករខ្មែរផងដែរ។
តាមអ្នកគ្រប់គ្រងកម្មវិធី បានឲ្យដឹងថា ក្រៅពីមានឱក សុគន្ធកញ្ញា ដែលច្រៀងស្វាគមន៍តារាឆ្នើម Ruud Van Nistelrooy នោះ ក៏មានតារាល្បីៗជាច្រើនទៀតបានសម្ដែង និងច្រៀងទាំង៣ថ្ងៃផងដែរ នៅ City Hall កោះពេជ្រ ចាប់ពីថ្ងៃទី២ដល់៤ ខែមេសា នេះ ហើយកម្មវិធីភាគច្រើនគឺតម្រូវឲ្យច្រៀងបទញាក់ ច្រើនជាងបទស្លូវ ព្រោះថាមានភ្ញៀវបរទេសចូលរួមច្រើន ដែលអមដំណើរលោក Nistelrooy ជាមួយពានរង្វាន់ UEFA Champions League នោះ៕