ភ្នំពេញ ៖ ក្រោយពីសម្រាលកូនភ្លោះបានជិត៥ខែរួចមក តារាកំប្លែងជើងចាស់ល្បីឈ្មោះលោកអ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម បានដឹកដៃភរិយា គឺនាងស្រីលាភ ចូលប្រឡូកក្នុងវិស័យសិល្បៈយ៉ាងជោកជាំតែម្តង មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកទាំងពីរថែមទាំងបានយកកូនភ្លោះថតស្ពតពាណិជ្ជកម្មទៀតផង។
កាលពីពេលថ្មីៗកន្លងទៅនេះ នាយក្រឹម និងស្រីលាភ បាននាំកូនភ្លោះទាំងពីរដែលមានឈ្មោះអេលលីណា និងអេលលីហ្សា ទៅធ្វើការថតស្ពតឱ្យ studio ថតរូបមួយ ដែលមានយីហោ Photocity Kid and Family ជាមួយនឹងស្រីលាភ ជាម្តាយ ធ្វើឱ្យមហាជនជាច្រើនកោតសរសើរចំពោះមុខមាត់គួរឱ្យគ្រឺតខ្នាញ់របស់កូនភ្លោះ នាយក្រឹម និងស្រីលាភ យ៉ាងខ្លាំង ព្រមទាំងមានការលើកឡើងទៀតថា នៅពេលអនាគត កូនភ្លោះទាំងពីររបស់នាយក្រឹម និងស្រីលាភ ច្បាស់ជាមានដុងសិល្បៈដូចឪពុកម្តាយមិនខាន ខណៈដែលពួកគេអាចរកចំណូលបានតាំងពីអាយុមិនទាន់ដល់៥ខែស្រួលបួលផង។
គួរបញ្ជាក់ថា បន្ទាប់ពីសម្រាលកូនបានរឹងដៃរឹងជើងរួចមក នាងស្រីលាភ បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈជាមួយស្វាមីជាថ្មីម្តងទៀត តាមរយៈការថតបទចម្រៀង MV ជាមួយនឹងកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលមានទាំងបទបែបប្រពៃណី និងបែបសម័យជាច្រើន បទសម្រាប់អ្នកគាំទ្ររាំលេងកម្សាន្តតាមភូមិស្រុក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ៕