តារាចម្រៀងផលិតកម្មថោន លោកខេម លេចមុខលើកដំបូងក្នុងកម្មវិធីប្រគំតន្រ្តី “ខារ៉ាបាវ Spark Concert 2018” របស់ប៉ុស្ដិ៍លេខ៥ ដោយលើកយកចម្រៀង៤បទ ឡើងច្រៀង គឺបទ ”ម៉ែមានតែមួយ”, ”ស្រណោះណាស់”,” រុយក្បាលខៀវ” និងបទ ”ស្រីស្អាតស្រលាញ់ខ្ញុំទេ?”។
ខេម ដែលជាតារាចម្រៀងសំខាន់ម្នាក់របស់ផលិតកម្មថោន នោះ មានក្បាច់រាំកាន់តែរស់រវើកជាងមុន ហើយថា រូបគេសប្បាយចិត្តនៅពេលដែលបានឡើងច្រៀងបទថ្មីៗ មុនបុណ្យចូលឆ្នាំខ្មែរនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដែលមានអ្នកទស្សនាផ្ទាល់យ៉ាងច្រើននោះ។ ប៉ុន្ដែយ៉ាងណា លោកខេម ហាក់ស្រឡាំងកាំង ព្រោះគ្រាន់តែភ្លេចខ្លួននៅកន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់មួយភ្លែតនៅក្រោយឆាក ក៏ត្រូវលោកម៉ាដូណា ចាប់ឱបថើបដូចប៉ងជាយូរហើយអីចឹង ដែលធ្វើឲ្យអ្នកចម្រៀងថោន រកតែរត់គេចចេញមិនទាន់ឡើយ។
លោកម៉ាដូណា បាននិយាយលើឆាកតន្រ្ដី “ខារ៉ាបាវ Spark Concert 2018” នោះ ដោយបានប្រកាសពេញមាត់ៗថា លោកខេម គឺជាប្ដីរបស់លោក ដើម្បីឲ្យគេដឹងគ្រប់គ្នាទៀតផង។ តែខេម មិនបានប្រកាន់ម៉ាដូណា ឡើយ ព្រោះថា សូម្បីតែពិធីករទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោកឆាន្នី នោះ ក៏ត្រូវម៉ាដូណា ចាប់ថើបវក់វីនៅពេលដែលកម្មវិធីកំពុងតែផ្សាយផ្ទាល់ដែរ ទើបខេម យល់ថា ម៉ាដូណា ធ្វើលេងច្រើនជាងមែនទែន បើទោះបីជាគេគ្រប់គ្នាដឹងថា ម៉ាដូណា មិនដែលបេតីស្រីៗ ហើយស្រលាញ់ងប់ងល់តែប្រុសក្មេងស្អាតៗក្ដី។
ម៉ាដូណា បានច្រៀង៤បទ ដែលមានទាំងក្រុមរាំអមមិនចាញ់លោកខេម ឡើយ គឺបទ ”មិនដែលឃើញសោះ”, ”បុណ្យភូមិ”, ”ម៉ូតូបែកស្លុយ” និងបទ ”ក្បាច់ក្ងោក”។
អ្នករៀបចំកម្មវិធីក៏តម្រូវឲ្យមានតារាកិត្តិយស២ដួងទៀតដែរ ដើម្បីឲ្យបរិយាកាសកាន់តែរីករាយ គឺនាងសុខ ស្រីក្ខណ៍ ច្រៀងបទ ”ថយចេញ”, ”ដំណក់ទឹក” និងបទ ”ងាយៗ”។ ដោយឡែក កញ្ញាវី រីយ៉ា ច្រៀងបទ ”បេះដូងស្រវឹង” “មាន់ស្រែ” និងបទ ”កង្កែបពាក់មួក”។
តារាចម្រៀងខេម បានឲ្យដឹងថា សម្រាប់ការរកប្រាក់នៅឆ្នាំ២០១៨នេះបានប្រាក់ចំណូលប្រហាក់ប្រហែលឆ្នាំ២០១៧ដែរ ហើយនៅចុងឆ្នាំ២០១៨ ខាងមុខនេះ លោកមានគម្រោងទៅច្រៀងនិងសម្ដែងនៅអាមេរិក និងបារាំង ផងដែរ៕