តារាចម្រៀង មាស សុខសោភា ធ្លាប់លេចឮថា ជាមុខសញ្ញាដែលផលិតកម្មរស្មីហង្សមាស តាមអូសទាញជាយូរមកហើយ ដែលនៅឆ្នាំ2018នេះ ក៏ផលិតកម្មធំជាងគេនៅក្នុងស្រុកនេះ នៅតែចង់ទាញយកសុខសោភា ដដែល។
ស្របពេលដែលមហាជនមានចម្ងល់ថា តើហេតុអ្វីបានជាមាស សុខសោភា គេចមិនព្រមចូលហង្សមាស ហើយក្រាញនៅច្រៀងឱ្យផលិតកម្មថោន? ព្រោះថា ពេលនេះតារាល្បីៗត្រូវហង្សមាស អូសទាញយកស្ទើរអស់ទៅហើយនោះ ក៏លេចធ្លាយពីមូលហេតុពិតដែលតារាចម្រៀងល្បីឈ្មោះរូបនេះ មិនអាចហើរចោលទ្រនំថោន ទៅទុំនៅទ្រនំថ្មីហង្សមាស…។
មាស សុខសោភា ត្រូវបានគេចាត់ទុកជាកំពូលតារាចម្រៀងសំឡេងផ្អែមក្នុងយុគសម័យថ្មីនេះ ដែលផលិតកម្មជាច្រើន ចង់បាននាងឈរជើងជាសមាជិករបស់គេ ហើយក្នុងនោះ ផលិតកម្មរស្មីហង្សមាស បានដាក់គោលដៅចង់យកអ្នកចម្រៀងរូបនេះ ជាងតារាផ្សេងៗទៀតដែលខ្លួនត្រូវការ។ ទោះជាយ៉ាងណា ជាង10ឆ្នាំហើយ ដែលហង្សមាស នៅតែមិនអាចយកមាស សុខសោភា ឱ្យធ្វើជាតារាចម្រៀងរបស់ខ្លួនបានដដែល កត្តានេះហើយ បានជាធ្វើឱ្យទស្សនិកជនគិតថា ទោះជាហង្សមាស ខ្លាំង និងមានទ្រព្យធនធានមនុស្សយ៉ាងណា ក៏នៅតែមិនអាចទិញមាស សុខសោភា បានដែរ ព្រោះលុយមិនអាចទិញអ្វីៗគ្រប់បែបយ៉ាងបាននោះទេ។ ប៉ុន្តែ ទន្ទឹមនឹងនេះ អ្នកជំនាញសិល្បៗបានលើកឡើងថា មាស សុខសោភា នឹងគេចមិនផុតពីហង្សមាស ទេ នៅពេលអនាគត ព្រោះសូម្បីតែខេមរៈ សិរីមន្ត ក៏គង់តែនៅស្ពាយបង្វេចរត់ទៅជ្រកនៅហង្សមាស អ៊ីចឹងរឿងអីដែលសោភា អាចនឹងគេចផុតពីហង្សមាស បានរហូតទៅ?
អ្នកដែលស្និទ្ធតារាចម្រៀង មាស សុខសោភា បានបង្ហើបឱ្យដឹងថា បើហង្សមាស ពិតជាចាំបាច់ត្រូវតែយកមាស សុខសោភា ឱ្យចូលជាសមាជិករបស់ខ្លួនមែននោះ គឺផលិតកម្មធំនេះត្រូវតែដើរដូចការយកខេមរៈ សិរីមន្ត ដែរ ទើបអាចទៅរួច។
ប្រភពនោះបានអះអាងថា កាលឆ្នាំ2007 ហង្សមាស ធ្លាប់អូសទាញខេមរៈ សិរីមន្ត ម្តងរួចទៅហើយ ពេលដែលលោកប៊ុនថៃ ច្រៀងនៅផលិតកម្ម U2 តែតារាចម្រៀងរូបនោះទាមទារលក្ខខណ្ឌយកប្អូនស្រីខេមរៈ ស្រីពៅ និងបងប្រុស លោកខេមរៈ ភារុណ ទៅដែរ ទើបហង្សមាស មិនព្រម ក៏បង្វែរទិសដៅយកឆន សុវណ្ណរាជ វិញ។ ទើបតែនៅចុងឆ្នាំ2017 នេះទេ ដែលហង្សមាស អូសទាញខេមរៈ សិរីមន្ត បានដូចបំណង តាមរយៈការទទួលយកទាំងសិរីមន្ត និងលោកភារុណ ហើយនាងខេមរៈ ស្រីពៅ ក៏អាចនឹងចូលហង្សមាស ទៀត បើសិនជានាងចង់ច្រៀងវិញ ពោលគឺទទួលយកត្រកូល “ខេមរៈ” ទាំងអស់។
ករណីមាស សុខសោភា ក៏ដូចខេមរៈ សិរីមន្ត ដែរ បើសិនជាហង្សមាស សម្រេចក្តីបំណងយកអ្នកចម្រៀងជើងខ្លាំងនេះ បានចូលដូចបំណងនោះ គឺហង្សមាស ត្រូវតែយកនិងផ្តល់តំណែងធំឱ្យបងប្រុសសោភា លោករតនៈ ដែរ ទើបអាចទៅរួច ព្រោះថា ពេលនេះបងប្រុសសោភា មានតួនាទីជាអ្នកគ្រប់គ្រងផលិតកម្មថោន ដែលទើបជំនួសតំណែងលោកករុណា ពេជ្រ កាលពីពេលថ្មីៗនេះ។
ព័ត៌មាននោះបន្ថែមថា មាស សុខសោភា ដូចខេមរៈ សិរីមន្ត ដែរ គឺបើនៅ២ ទាំងបងប្អូន បើទៅ ក៏ទៅទាំងបងប្អូនដែរ អ៊ីចឹងបើហង្សមាស ចង់ទាញយកតែមាស សុខសោភា ម្នាក់ ហើយទុកលោកមាស សុខរតនៈ នៅថោន តែលតោលនោះ គឺមិនអាចទៅរួចឡើយ។
មាស សុខសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា រឿងចូលផលិតកម្មរស្មីហង្សមាស នោះ នាងត្រូវតែពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន មិនអាចគិតដោយរហ័សបានទេ តែជាទូទៅ នាងចូលចិត្តច្រៀងនៅខាងក្រៅ ដោយមានសិទ្ធិសេរីភាពពេញលេញវិញ ប្រសើរជាងចូលទៅកុងត្រាជាមួយផលិតកម្មណាមួយនោះ។
ផ្ទុយពីការអះអាងរបស់មាស សុខសោភា ខាងលើនេះ តារាចម្រៀងម្នាក់នៅផលិតកម្មថោន បែរជានិយាយថា មាស សុខសោភា មិនអាចចេញពីផលិតកម្មនេះបានទេ ដោយសារនាងសងគុណថៅកែផលិតកម្មមិនទាន់អស់។
ប្រភពនោះបានបង្ហើបដោយសុំមិនបញ្ចោញឈ្មោះថា សោភា ត្រូវបានថៅកែផលិតកម្មថោន ជួយថវិកាច្រើនក្នុងការទិញវីឡាដ៏ស្កឹមស្កៃ តម្លៃជាង20ម៉ឺនដុល្លារ នៅភ្នំពេញថ្មី ហេតុនេះហើយការសងមានដំណាក់កាលជាច្រើនឆ្នាំ មិនមែនសងតែម្តងរួចទេ យ៉ាងហោចណាស់ក៏សុខសោភា ត្រូវនៅថោន 5ឆ្នាំ ទៀតដែរ។ ប៉ុន្តែការអះអាងរបស់តារាចម្រៀងរូបនោះ ហាក់ផ្ទុយពីការមើលឃើញជាក់ស្តែង ព្រោះថា មាស សុខសោភា ជាតារាម្នាក់ដែលអាចរកប្រាក់ចំណូលបានសែនដុល្លារ ក្នុង1ឆ្នាំ អ៊ីចឹងរឿងអីដែលថា គ្រាន់តែវីឡា1 និងរថយន្ត Land Cruiser V8 1គ្រឿង តម្លៃជិត10ម៉ឺនដុល្លារនោះ នាងគ្មានប្រាក់ទិញដោយខ្លួនឯងទៅ?
តាមរយៈការបង្ហាញខ្លួនចុងក្រោយ នៅរោងកុន Major Cineplex ថ្មីៗនេះដែរ មាស សុខសោភា បានឱ្យដឹងថា នាងកំពុងតែសិក្សាត្រៀមថតភាពយន្តថ្មីមួយក្នុងពេលឆាប់ៗនេះ ដែលមិនមែនជាផលិតកម្មថោន ឡើយ ហើយសោភា អះអាងថា នាងច្រៀងនៅថោន ជាច្រើនឆ្នាំហើយ ដែលគ្មានការកុងត្រាទេ អ៊ីចឹងអាចថតភាពយន្តឱ្យផលិតកម្មផ្សេងបាន។ ប៉ុន្តែ អ្នកចម្រៀងល្បីល្បាញរូបនេះមិននិយាយរឿងកំណត់ថ្ងៃរៀបការជាមួយអាណិកជនខ្មែរ នៅកាណាដា លោកអ៊ឹត រ៉ាដា ទេ បន្ទាប់ពីពួកគេបានរួមរស់ក្រោមដំបូលតែមួយ៕