ម្ចាស់បទ “មាន់ស្រែ បន្លែស្រស់” លោកព្រាប សុវត្ថិ ដែលធ្លាប់បើកភោជនីយដ្ឋាន “ស្លឹកចាក” កាលពីឆ្នាំមុន តែបានផ្អាកវិញជាច្រើនឆ្នាំនោះ ពេលនេះស្រាប់តែកំពូលតារាចម្រៀងរូបនេះ បានចាប់ផ្តើមបើកហាងបាយសាជាថ្មីម្តងទៀត ដែលសាងសង់នៅលើដីរបស់លោកផ្ទាល់ នៅភ្នំពេញថ្មី…។
ភោជនីយដ្ឋានលោកព្រាប សុវត្ថិ បានសាងសង់ និងដេគ័រជិតរួចរាល់អស់ហើយ ដែលអាចបើកដំណើរការលក់នៅមុនចូល ឬក្រោយចូលឆ្នាំខ្មែរ បន្តិច ហើយទីតាំងនៅលើដីរបស់លោកផ្ទាល់ នៅផ្លូវហួសវត្តសំរោងអណ្តែត ឆ្ពោះទៅហ្គ្រេនភ្នំពេញ។ ហាងបាយ នឹងមានលក់ភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេ ផងនោះ ប្រាកដជាមានអតិថិជនជាច្រើន ចូលទៅពិសាអាហារជាមិនខាន នៅពេលដែលពួកគេចង់ជួបកំពូលតារាចម្រៀងរូបនេះដោយផ្ទាល់ និងកូនប្រុសសង្ហាទាំង៣ របស់លោក គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ដែលជាថៅកែហាងនោះ។
ព្រាប សុវត្ថិ បានប្រាប់អ្នកយកព័ត៌មានយើងថា “ភោជនីយដ្ឋានហ្នឹងធ្វើជិតរួចហើយ ដែលអាចបើកលក់មុន ឬក្រោយចូលឆ្នាំខ្មែរ មានលក់បាយ និងកាហ្វេអីហ្នឹង! យើងមានដីខ្លួនឯងនៅទីនោះ ដែលបានទិញ៤ទៅ៥ឆ្នាំហើយ អ៊ីចឹងក៏បើកហាងហ្នឹងទៅ”។
តាមព័ត៌មានថា ដីដែលលោកព្រាប សុវត្ថិ បានទិញ៥ឆ្នាំនោះ ពេលនេះមានសន្ទុះឡើងខ្លាំងណាស់ នៅម្តុំនោះ ព្រោះមានការសាងសង់ផ្ទះ និងប្រជាជនទៅរស់នៅកាន់តែច្រើន ហេតុនេះហើយបានជាកំពូលតារាចម្រៀងរូបនេះបើកភោជនីយដ្ឋានតែម្តង។
ប្រភពបានឱ្យដឹងទៀតថា ក្រៅពីមានដីនៅភ្នំពេញថ្មី ជាច្រើនឡូត៍នោះ លោកព្រាប សុវត្ថិ ក៏មានដីនៅខេត្តរតនគិរី ផងដែរ តែទាំងរូបលោកនិងក្រុមគ្រួសារមិនដែលមានការអួតអាងពីរឿងមានទ្រព្យធនច្រើននោះឡើយ សូម្បីតែហាងបាយ ក៏មិនចង់ឱ្យមានការផ្សព្វផ្សាយដែរ នៅពេលដែលមិនទាន់សម្ពោធបើកលក់ជាផ្លូវការនោះ។
គួររំលឹកថា កាលពីឆ្នាំមុន ព្រាប សុវត្ថិ ក៏ធ្លាប់បើកភោជនីយដ្ឋានម្តងដែរ នៅតាមបណ្តោយផ្លូវប៉ាស្ទ័រ ដោយដាក់ហាងនោះថា “ស្លឹកចាក”។ ប៉ុន្តែ ក្រោយដំណើរការបានមួយរយៈ ព្រាប សុវត្ថិ ក៏បានសេងហាងនោះ ទៅឱ្យមិត្តភក្តិរបស់លោក ហើយពេលនេះ ហាងនោះបានក្លាយទៅជាកម្មសិទ្ធរបស់អ្នកនាងយុគ ចិន្តា ក្រោយពីអ្នកនាងបានទិញពីមិត្តភក្តិ លោកព្រាប សុវត្ថិ។
ក្រៅពីមានហាងបាយ ព្រាប សុវត្ថិ ដែលល្បីល្បាញក្នុងអាជីពចម្រៀងនៅផលិតកម្មរស្មីហង្សមាស ជាង២ទសវត្សរ៍មកហើយនោះ ក៏មានហាងកាត់សក់នៅក្បែរផ្សារទួលគោក ក្បែរផ្ទះវីឡារបស់លោកផងដែរ ដែលបានដំណើរការជាច្រើនឆ្នាំមកហើយ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថា ព្រាប សុវត្ថិ គឺជាតារាចម្រៀងប្រុសទី១ នៅយុគសម័យថ្មីនេះ ដែលអាចរក្សាកេរ្តិ៍ឈ្មោះបានយូរឆ្នាំជាងគេ គឺមានរយៈពេល២១ឆ្នាំ (១៩៩៧-២០១៨) នេះនៅមិនទាន់មានតារាចម្រៀង ណាផ្តួលម្ចាស់បទល្បីដំបូង “អូនជាបេះដូងបង” នេះបានឡើយ។
ព្រាប សុវត្ថិ នៅតែមានតម្លៃខ្លួនច្រៀង និងថតស្ពតខ្ពស់ជាងគេ បើបៀបធៀបជាមួយតារាប្រុសផ្សេងទៀត ហើយពេលនេះ លោកក៏ជាទូតសុច្ឆន្ទៈរបស់ទូរស័ព្ទ Vivo ផងដែរ។ ទោះជាយ៉ាងណា ការដែលព្រាប សុវត្ថិ បានយកកូនប្រុសទាំង៣ គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ចូលផលិតកម្មរស្មីហង្សមាស នោះ អាចបញ្ជាក់ថា តារាស្នូលរបស់ផលិតកម្មបានត្រៀមខ្លួនរួចជាស្រេច ក្នុងការឱ្យកូនប្រុសរបស់លោកបន្តស្នងតំណែងនាពេលអនាគត។
ប្រភពបានឱ្យដឹងថា ក្នុងចំណោមកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ នោះ គឺកូនប្រុសទី២-ឈ្មោះសុវត្ថិ មុនីនាគ ដែលមានទេពកោសល្យសិល្បៈដូចគ្នាទៅនឹងលោកព្រាប សុវត្ថិ ច្រើនជាងគេ សូម្បីតែតារាចម្រៀងពេជ្រ សោភា ក៏ថា មុនីនាគ អាចនឹងល្អដូចព្រាប សុវត្ថិ ដែរ នាពេលអនាគត តែសោភា ថា ក្នុងចំណោមកូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ នោះ ពួកគេមានទេពកោសល្យសិល្បៈម៉្យាងៗម្នាក់ទេ។
តាមព័ត៌មានបានឱ្យដឹងដែរថា ព្រាប សុវត្ថិ អាចនឹងមានការថតសម្តែងភាពយន្តភាគជាមួយឱក សុគន្ធកញ្ញា ផងដែរ នាពេលខាងមុខនេះ ព្រោះហង្សមាស ចង់ឱ្យប៉ុស្តិ៍របស់ខ្លួនល្បីដាច់គេ តាមរយៈការឱ្យតារាជួរមុខឈានទៅថតកុន ដែលគ្មានប៉ុស្តិ៍ណាអាចធ្វើដូចបាននោះ។
ព្រាប សុវត្ថិ បន្ថែមថា “ចំពោះរឿងថតកុននោះ អត់ទាន់មានដូចការលេចឮទេ ព្រោះយើងរវល់ច្រើនទៅលើចម្រៀង។ សម្រាប់ចូលឆ្នាំខ្មែរ ៣ថ្ងៃនោះ ខ្ញុំទៅច្រៀងនៅខេត្តសៀមរាប ទាំង៣ថ្ងៃ ហើយនៅដើមខែឧសភា ខ្ញុំនឹងចេញច្រៀងសម្តែងនៅប្រទេសកូរ៉េ ៣ថ្ងៃ និងនៅខែតុលា ខាងមុខ ខ្ញុំនឹងទៅច្រៀងនៅប្រទេសជប៉ុន ជាលើកទី៣ ជាលក្ខណៈថ្នាក់ជាតិ (Asian Music)។ សម្រាប់ប្រទេសជប៉ុន ខ្ញុំបានទៅច្រៀងជាលក្ខណៈថ្នាក់ជាតិ ២លើកមកហើយ គឺនៅឆ្នាំ២០០២ និង២០១០ ដែលយើងបានជួបតារាជុំវិញពិភពលោក។ តែសម្រាប់ការចេញទៅប្រទេសកូរ៉េ នេះជាលើកទី១”។
ក្រៅពីព្រាប សុវត្ថិ តារាចម្រៀងដែលបើកភោជនីយដ្ឋាន មានដូចជា អ្នកនាងយុគ ចិន្តា , DJ អាណូ, ពេជ្រ សូលីកា និងទេព រិន្ទដារ៉ូ ជាដើម៕