សកម្មជននយោបាយ កញ្ញាធី សុវណ្ណថា រួមទាំងសមាជិកក្នុងក្រុម១៤នាក់ផ្សេងទៀត បានចេញដំណើរទៅប្រទេសកូរ៉េខាងត្បូង ហើយ កាលពីថ្ងៃទី០៩ ខែមេសា ដើម្បីទៅចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី “Miss Queen of the Spa” ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ដល់១៤ ខែមេសា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នកកាសែតមុនឡើងយន្ដហោះ កញ្ញាធី សុវណ្ណថា ប្រាប់ថា នាងនិងសមាជិកបានយកឈុតសម្លៀកបំពាក់ប្រពៃណីសម័យលង្វែក ក្នុងនាមតំណាងឲ្យប្រទេសកម្ពុជា ដើម្បីប្រជែងជាមួយបេក្ខជនមកពី៤ប្រទេសផ្សេងទៀត គឺមានកូរ៉េខាងត្បូង វៀតណាម ចិន និងតៃវ៉ាន់។
ចំពោះប្រាក់រង្វាន់វិញ រួមមាន អ្នកទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ បានទឹកប្រាក់៦ម៉ឺនដុល្លារ និងគ្រងម្កុដពេជ្រ តម្លៃជាង៣ម៉ឺនដុល្លារ សរុបជាង៩ម៉ឺនដុល្លារ ។ លេខ២ ទទួលបានទឹកប្រាក់៣ម៉ឺនដុល្លារ លេខ៣ ទទួលបានទឹកប្រាក់១៥០០០ដុល្លារ និងលេខ៤ ទទួលបានទឹកប្រាក់៥ពាន់ដុល្លារ។
ធី សុវណ្ណថា ដែលជាសកម្មជនយោបាយដ៏លេចធ្លោនោះ បានឈានចូលប្រឡូកក្នុងវិស័យសិល្បៈ ធ្លាប់ដើរម៉ូដបង្ហាញផលិតផលមួយចំនួនផងដែរ មុននឹងចេញទៅប្រកួតសម្រស់នៅកូរ៉េនេះ។ ប៉ុន្ដែ សុវណ្ណថា មិនហ៊ានរំពឹងទុកជាមុនថា ឱកាសនៃការលើកពាននោះនៅកៀកនឹងដៃរបស់នាងបង្កើយឡើយ គ្រាន់តែពេលទៅដល់កូរ៉េ និងគ្រងក្នុងឈុតជាកូនក្រមុំបែបកូរ៉េ ភ្លាម នាងបាននិយាយដោយមានមោទនភាពថា ”គណៈកម្មការអន្ដរជាតិ កោតសរសើរ សម្រស់បេក្ខនារីកម្ពុជា”។
មហាជនរង់ចាំមើលថា កញ្ញាធី សុវណ្ណថា ដែលគេហៅថា ”កញ្ញា៥៧០” នឹងអាចគ្រងម្កុដពេជ្រ “Miss Queen of the Spa” ជាមួយទឹកប្រាក់៦ម៉ឺនដុល្លារ ក្នុងនាមតំណាងឲ្យកម្ពុជា ដែរឬទេ នៅពេលដែលនាងបញ្ចប់ការប្រកួតនៅថ្ងៃទី១៤ ខែមេសា នេះ?…៕