Monday, March 10, 2025
Homeសន្ដិសុខសង្គមរថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ កិនបុរសម្នាក់ធ្លាយខួរ

រថយន្តក្រឡុកស៊ីម៉ងត៍បុកម៉ូតូ កិនបុរសម្នាក់ធ្លាយខួរ

ខេត្តស្វាយរៀង ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បានបើកបរដោយខ្វះការយោគយល់ មិនគោរពសិទ្ធិអាទិភាព ក៏ជ្រុលទៅបុកម៉ូតូ ១គ្រឿង រួចក៏ជ្រុលកិនបុរសចំណាច់ជាអ្នកជិះម៉ូតូ បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩ និង១០នាទី ព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៤-១៤៥ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ ច្រកម្ទេស ក្រុងបាវិត។

បុរសរងគ្រោះដែលត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ បុក និងកិនធ្លាយខួរស្លាប់គួរឱ្យរន្ធត់ មានឈ្មោះចាន់ សារឿន អាយុ៦៥ឆ្នាំ មុខរបរកសិករ មានលំនៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ជិះម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ វៀតណាម 54X1-0967 ចំណែកអ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្ត១គ្រឿង ម៉ាកហ៊ីណូ ប្រភេទក្រឡុកស៊ីម៉ងត៍ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 5A-0040។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តបង្កធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលបុកម៉ូតូ១គ្រឿង ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូ ដួលចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុតែម្តង។ ក្រោយពីឃើញសភាពការមិនស្រួល អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះ គឺដោយសារតែអ្នកបើកបររថយន្ត មិនគោរពសិទ្ធិអាទិភាពទើបជ្រុលទៅបុកម៉ូតូ និងកិនមនុស្សបែកក្បាលធ្លាយខួរស្លាប់បែបនេះ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES