តារាចម្រៀងផលិតកម្មថោន លោកប៉ុន សុណារិន ហៅខេម ដែលល្បីបទច្រៀងឆ្លងឆ្លើយជាមួយមាស សុខសោភា សម្រាប់បុណ្យចូលឆ្នាំ បទ ”ឲ្យអត់ស្រឡះទៅ” នោះ បានចេញមុខអះអាងថា រូបគេគ្មានគម្រោងប្ដូរទ្រនំចាស់ ផ្លាស់ទៅទ្រនំថ្មី ដូចតារាល្បីៗមួយចំនួនឡើយ ព្រោះគិតថា រូបគេមានកំណើតរហូតមកដល់ពេលនេះ គឺដោយសារតែផលិតកម្មថោន ជាអ្នកបណ្ដុះបណ្ដាលឲ្យគ្រប់យ៉ាងទាំងអស់។ ការថ្លែងបែបនេះរបស់លោកខេម ស្របពេលដែលតារាចម្រៀងល្បីៗជាច្រើន កំពុងតែត្រូវបានផលិតកម្មរស្មីហង្សមាស អូសទាញឲ្យធ្វើជាសមាជិករបស់ខ្លួន ហើយក្នុងនោះ ខេម ក៏ជាគោលដៅសំខាន់របស់ហង្សមាស ដែលនឹងត្រូវយកទៅដែរ។
ក្នុងជំនួបផ្ទាល់ ខេម ថ្លែងថា ”ខ្ញុំឃើញហង្សមាស គាត់យកតារាល្បីៗទៅច្រើនមែន ព្រោះជាយុទ្ធសាស្រ្ដរបស់គាត់ ដោយសារគាត់មានកម្មវិធីប្រគំតន្រ្ដីច្រើន។ ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំចេញច្រៀងនៅរដូវក្ដៅ តាំងពីខែតុលា ម្ល៉េះ រវល់ជាប់គ្នារហូតហ្នឹង គ្រាន់តែកម្មវិធីខ្លះមិនផ្សាយផ្ទាល់ (Live) ។ មានគេសួរខ្ញុំដែរថា មានគម្រោងទៅណាដែរឬអត់? រឿងនេះខ្ញុំសូមបញ្ជាក់ថា សម្រាប់ពេលនេះ ខ្ញុំគ្មានបំណងថានឹងចេញពីថោន ទៅណាទេ ព្រោះអីមុនចូលថោន ខ្ញុំរកលុយទិញកង់កញ្ចះមួយជិះសឹងតែមិនបាន ប៉ុន្តែឥឡូវពេលនេះខ្ញុំមានផ្ទះនៅ មានឡានជិះដូចគេ គឺខ្ញុំអាចនិយាយបានថា ដោយសារថោន គាត់ឲ្យខ្ញុំចូលច្រៀង ទើបខ្ញុំមានអនាគតរហូតមានថ្ងៃនេះ។ អីចឹងខ្ញុំឯណាថាចង់ចេញពីថោន ទៅចូលផលិតកម្មផ្សេងទៀតនោះ ខ្ញុំគិតហើយថា លើកលែងតែគាត់បញ្ឈប់ខ្ញុំលែងឲ្យច្រៀងតែម្ដង អាហ្នឹងចាំយើងគិតតទៅទៀត។ តែបើដូចពេលនេះ បើហង្សមាស ហៅ ក៏ខ្ញុំមិនទៅដែរ”។
ខេម បានវិវឌ្ឍខ្លួនពីអ្នករត់ម៉ូតូឌុប ដេកនៅសួនច្បារ មកជាអ្នកចម្រៀងល្បីរបស់ផលិតកម្មថោន ដែលមានតម្លៃច្រៀង១កម្មវិធី ស៊ីថ្លៃជាង១ពាន់ដុល្លារ ដូចនេះប្រាក់ចំណូលក្នុង១ឆ្នាំៗ ក៏អ្នកចម្រៀងមកពីខេត្តកំពង់ឆ្នាំង រូបនេះ អាចរកបានរាប់សែនដុល្លារ ដូចតារាល្បីៗជូរមុខផងដែរ។ ដោយឡែកសម្រាប់រដូវធ្លាក់ភ្លៀងជិតមកដល់នេះ ខេម ក៏មានគម្រោងស្ពាយបង្វេចចេញទៅរកលុយនៅបរទេសផងដែរ គឺសហរដ្ឋអាមេរិក និងបារាំង ដើម្បីបន្ថែមប្រាក់ចំណូលមួយផ្នែកទៀត ក្រោយពេលចប់ការច្រៀង Concert ធំៗនៅក្នុងស្រុក។
តារាចម្រៀងថោន បន្ថែមថា ”ខ្ញុំគ្រោងចេញទៅចម្រៀងសម្ដែងនៅអាមេរិក នៅអំឡុងខែកញ្ញា ខាងមុខនេះ ហើយអាចនឹងបង្ហួសទៅច្រៀងនៅប្រទេសបារាំង ផងដែរ។សម្រាប់សហរដ្ឋអាមេរិក ជាលើកដំបូងសម្រាប់ខ្ញុំ តែចំពោះប្រទេសបារាំង គឺខ្ញុំបានចេញទៅជាច្រើនដងមកហើយ។ មុនហ្នឹងមានអ្នកនៅក្រៅប្រទេសបានទាក់ទងមកខ្ញុំច្រើនដែរដើម្បីឲ្យទៅច្រៀងសម្ដែងនៅបរទេសហ្នឹង តែដោយសារយើងជាប់រវល់នៅក្នុងស្រុកដែរ អីចឹងមិនអាចចេញទៅបាន គឺទាល់តែនៅខែធ្លាក់ភ្លៀងហ្នឹង ទើបខ្ញុំអាចចេញទៅរួច”។
ខេម ធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍សឹងតែមិនសល់ជីវិតឡើយ កាលពីឆ្នាំមុន ហើយរថយន្ដទំនើបម៉ាក Range Rover ពណ៌ស របស់គេក្រពិតដូចចេកចៀន អីចឹងដែលធ្វើឲ្យខេម ចង់បាក់ស្បាតនៅពេលដែលបើករថយន្ដទំនើបពេលយប់អាធ្រាត្រ។ ទោះជាយ៉ាងណា ខេម បានផ្លាស់ប្ដូរឡានទំនើបជិះជាបន្ដបន្ទាប់ ហាក់គ្មានខ្វល់ខ្វាយរឿងលុយកាក់បន្ដិចឡើយ។
ប្រភពបានឲ្យដឹងថា ខេម មានគូស្នេហ៍ជានារីអ្នកមានម្នាក់នៅប្រទេសបារាំង ហេតុនេះហើយបានជាកន្លងមក គេឃើញខេម ទៅកម្សាន្ដនៅក្រៅប្រទេស ដើរចាយលុយហាក់មិនគិតពីចំណាយលុយឡើយ ព្រោះអ្នកចម្រៀងរូបនេះមានគូស្នេហ៍នៅក្រោយខ្នង។ យ៉ាងណា ខេម មិនដែលហ៊ានលាតត្រដាងរឿងស្នេហ៍ផ្ទាល់ខ្លួនទេ ហើយតារាថោន រូបនេះតែងតែអះអាងដដែលៗថា អ្នកពិសេសរបស់គេគ្មានអ្នកណាក្រៅតែពីទស្សនិកជនឡើយ។
តារាចម្រៀងរួមទ្រនំជាមួយខេម បានបង្ហើបឲ្យដឹងថា ខេម ខ្លាចគេស្គាល់កំណាន់ចិត្តជាងស្រីទៅទៀត អីចឹងហើយបានជាព្យាយាមលាក់មិនដែលហ៊ានបណ្ដើរឲ្យអ្នកណាស្គាល់សោះហ្នឹង ព្រោះខ្លាចធ្លាក់កូដ…។
ខេម ស្ថិតក្នុងចំណោមតារាប្រុសសំខាន់របស់ថោន មានដូចជា ម៉ៅ ហាជី, ពេជ្រ ថាណា និងកែវ វាសនា ជាដើម។ ប៉ុន្តែមហាជនមើលឃើញថា ពេលនេះ ថោន ប្រឹងលើកស្ទួយតែសុគន្ធ ថេរ៉ាយុ ខ្លាំងជាងគេទៅវិញ ដែលធ្វើឲ្យខេម ហាក់ពិបាកបញ្ចេញសមត្ថភាព៕