ខេត្តព្រះវិហារ ៖ ក្រុមគ្រួសារមួយទើបនឹងត្រឡប់មកពីដើរលេងថ្ងៃចូលឆ្នាំ បំណងឆ្ពោះទៅកាន់លំនៅដ្ឋានវិញ ស្រាប់តែមកជួបគ្រោះអកុសល ត្រូវរថយន្តដាច់កាឡេកង់ខាងមុខ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ រួចជ្រុលទៅបុកផ្ទប់នឹងបង្គោលភ្លើង បណ្តាលឱ្យមនុស្សប្រុសស្រី២នាក់ បានស្លាប់នៅកន្លែងភ្លាមៗយ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរក្នុងរថយន្តចំនួន៥នាក់ទៀតទទួលរងរបួសធ្ងន់។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៩៥-១៩៦ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។
ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ រួមមាន ទី១-ឈ្មោះអ៊ុល សុខា ភេទប្រុស អាយុ៣៨ឆ្នាំ (ជាអ្នកបើកបររថយន្ត) និងទី២-ភេទស្រី មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកជនរងគ្រោះទាំង៥នាក់ រួមមាន ទី១-ឈ្មោះចាន់ យ៉ុង ភេទស្រី អាយុ៥៥ឆ្នាំ (រងរបួស ធ្ងន់) ទី២-ឈ្មោះអ៊ុល ស្រីណូ ភេទស្រី អាយុ២៤ឆ្នាំ (រងរបួសធ្ងន) ទី៣-ឈ្មោះអ៊ុល ដាវីត ភេទប្រុស អាយុ៦ឆ្នាំ (រងរបួសបាក់ជើងស្តាំ និងបាក់ឆ្អឹងដងកាំបិត) ទី៤-ឈ្មោះអ៊ុល ដារា ភេទប្រុស អាយុ៦ឆ្នាំ (របួសដៃឆ្វេង) និងទី៥-ឈ្មោះសិលា ភេទស្រី អាយុ២៦ឆ្នាំ (រងរបួសធ្ងន់)។ ជនរងគ្រោះទាំង៧នាក់ខាងលើ គឺជាក្រុមគ្រួសារតែមួយ មានលំនៅក្នុងភូមិហាងខូសួន ឃុំសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ធំ 2A-1611 បើកបរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានដាច់កាឡេកង់មុខផ្នែកខាងស្តាំ ទើបធ្វើឱ្យរថយន្តជ្រុលចង្កួតធ្លាក់ពីលើផ្លូវក្រឡាប់ជាច្រើនត្រឡប់ រួចក៏ទៅបុកផ្ទប់នឹងបង្គោលភ្លើងបាក់អស់ចំនួន១ដើម និងធ្វើឱ្យបុរសជាអ្នកបើកបរ រួមនឹងស្ត្រីម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកមនុស្ស ប្រុសស្រី ក្មេងចាស់ចំនួន៥នាក់ផ្សេងទៀត ដែលរួមដំណើរក្នុងរថយន្តជាមួយគ្នា បានទទួលរងរបួសធ្ងន់។
លោកយឿម ឡំ អធិការរងនគរបាលស្រុកជាំក្សាន្ត បានឱ្យដឹងថា ក្រោយកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់ ដែលទទួលរងរបួសធ្ងន់ ទៅសង្គ្រោះនៅមន្ទីរពេទ្យសម្តេចតេជោ ហ៊ុន សែន ស្រអែម។ លុះក្រោយមក ដោយស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ធ្ងរពេក ទើបដឹកបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
ដោយឡែកសាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងកងទ័ពជួយដឹកយកទៅតម្កល់នៅវត្តត្រពាំងសង្កែខាងកើត ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕