Sunday, November 17, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ល្បីសាងស្នេហ៍ដូចមាស សុខសោភា

ឱក សុគន្ធកញ្ញា ល្បីសាងស្នេហ៍ដូចមាស សុខសោភា

ចំណងស្នេហាថ្មីរបស់ឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ហាក់គ្មានឧបសគ្គអ្វីមករារាំងឡើយ ដោយតាមព័ត៌មានលេចឮថា គូស្នេហ៍ក្រោមទ្រនំតែមួយ ដែលបានរំសាយមង្គលការនៅឆ្នាំ២០១៨នេះ ពួកគេរួមរស់សាងស្នេហ៍ក្រោមដំបូលវីឡាតែមួយ ដូចគ្នាទៅនឹងមាស សុខសោភា និងលោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែរ…។

អ្នកស្រីអ៊ិន ថាច ម្តាយរបស់ឱក សុគន្ធកញ្ញា ធ្លាប់បានប្រកែកថា គាត់មិនដឹងរឿងស្នេហារបស់កូនស្រីទេ ហើយកូនស្រីគាត់មិនបានទិញវីឡា តម្លៃ២៤ម៉ឺនដុល្លារ ចូលលុយគ្នាដើម្បីធ្វើជាទ្រនំស្នេហ៍ជាមួយលោកអ៊ឹង សុខលី ដូចការលេចឮឡើយ ព្រោះបើរឿងនេះជាការពិតមែននោះ ច្បាស់ជាកូនប្រាប់ម្តាយជាមិនខាន។ ប៉ុន្តែ ការអះអាងរបស់ម្តាយឱក សុគន្ធកញ្ញា នោះ មិនបានធ្វើឱ្យតារានៅក្នុងចង្កោមសិល្បៈ អស់សង្ស័យរឿងចំណងស្នេហាថ្មីរបស់សុគន្ធកញ្ញា និងលោកសុខលី ថា កំពុងតែរកលុយចូលគ្នានោះឡើយ ព្រោះពេលនេះ នៅតែមានការខ្សឹបខ្សៀវពេញ ចង្កោមតារាល្បីៗថា ពួកគេបានរស់នៅក្រោមដំបូលវីឡាទ្រនំស្នេហ៍តែមួយ ដូចគ្នាទៅនឹងតារាចម្រៀងផលិតកម្មថោន នាងមាស សុខសោភា និងលោកគ្រូពេទ្យអ៊ឹត រ៉ាដា ដែរ។ ប្រភពនោះ បានឱ្យដឹងថា សង្សារថ្មីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី ខុសពីអតីតសង្សារតារាចម្រៀងល្បីរូបនេះ លោករ៉េតធី ដូណា ដាច់តែម្តង ព្រោះថា លោកសុខលី មិនដែលដើរតាមសុគន្ធកញ្ញា តាមឆាកចាក់ភ្លេង និងយួរអីវ៉ាន់ឱ្យឡើយ គឺលោកគ្មានពេលវេលា និងការថ្នមចិត្តសុគន្ធកញ្ញា បែបនេះឡើយ ព្រោះថា លោកមានកូនចៅរាប់រយនាក់ ដែលត្រូវបញ្ជាក្នុងឋានៈជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ដែលបុគ្គលិកគ្រប់គ្នាបានហៅលោកសុខលី ថា ជាមេៗនោះ។

ព័ត៌មានបានឱ្យដឹងថា ទាំងតារាចម្រៀង និងបុគ្គលិកនៅទូរទស្សន៍ហង្សមាស បានសរសើរពីចរិតរបស់ឱក សុគន្ធកញ្ញា ថា នាងនៅតែមានការរួសរាយរាក់ទាក់ចំពោះអ្នកនៅជុំវិញខ្លួន ហើយក៏មិនដែលសម្តែងចរិតបង្ហាញឱ្យគេគ្រប់គ្នាដឹងថា នាងមានសង្សារជាមេគ្រប់គ្រងទូរទស្សន៍ហង្សមាស គឺអ៊ឹង សុខលី នោះឡើយ។

ឱក សុគន្ធកញ្ញា ដែលភ្ជាប់ស្នេហ៍ជាង៥ឆ្នាំ ជាមួយលោកអ៊ឹង សុខលី ប្អូនថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន ក្រោយពេលដែលនាងបានផ្តាច់ស្នេហ៍ចាស់តន្ត្រីករលោករ៉េតធី ដូណា កាលពីឆ្នាំ២០១១។ ចំណងស្នេហ៍លាក់លៀមរវាងសុគន្ធកញ្ញា និងលោកសុខលី ដែលពីមុនមិនដែលបណ្តើរគ្នាទាល់តែសោះនោះ បានបែកធ្លាយរូបភាពផ្អែមល្ហែម កាលពីចុងឆ្នាំ២០១៧ បន្ទាប់ពីលោកសុខលី បានរៀបចំខួបកំណើតជូនសុគន្ធកញ្ញា និងហ៊ានបណ្តើរគ្នាដូចប្តីប្រពន្ធ ទៅចូលរួមមង្គលការកូនស្រីលោកជំទាវទ្រី សុខា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយពេលថ្មីៗនេះ ក៏បានបកែធ្លាយរូបភាពសុគន្ធកញ្ញា និងលោកសុខលី ដើរកម្សាន្តជាមួយក្រុមគ្រួសារផងដែរ។  ចំណងស្នេហ៍នេះ មិនត្រូវបានលោកឧកញ៉ាអ៊ឹង ឆៃងួន ប្រឆាំងឡើយ តែការលុបចោលគម្រោងរៀបការនៅឆ្នាំ២០១៨នេះ របស់ឱក សុគន្ធកញ្ញា ត្រូវបានតារារួមអាជីពបុកពោះជំនួសថា ខ្លាចតែស្នេហានាងដើរជាន់ដានចាស់ ព្រោះលេចឮថា លោកសុខលី ដែលបុគ្គលិកនៅហង្សមាស ហៅថា “មេៗ” នោះ បានបែកបាក់សង្សារជាតារាល្បីៗ៥នាក់មកហើយ ទើបមកភ្ជាប់ស្នេហ៍ថ្មីជាមួយសុគន្ធកញ្ញា នេះ។

ដោយឡែក តារាមួយចំនួនទៀតបានរិះគន់ឱក សុគន្ធកញ្ញា ដែរថា ដោយសារការចង់ល្បីជាងគេនៅហង្សមាស បានយូរឆ្នាំ ទើបតារាចម្រៀងរូបនេះភ្ជាប់ស្នេហ៍ជាមួយប្អូនថៅកែហង្សមាស ដើម្បីជាខ្នងបង្អែក តែការលើកឡើងបែបនេះ ត្រូវបានអ្នកគាំទ្រកញ្ញា ប្រឆាំងនិងថា សុគន្ធកញ្ញា និងលោកសុខលី នៅលីវដូចគ្នា ហេតុអីស្រលាញ់គ្នាមិនបានទៅ?

ទោះជាយ៉ាងណា ជុំវិញព័ត៌មានលេចឮខាងលើនេះ អ្នកយកព័ត៌មានមិនអាចទាក់ទងសុំការបកស្រាយបំភ្លឺជាថ្មីពីឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បានទេ កាលពីចុងសប្តាហ៍មុននេះ ហើយយើងរង់ចាំទទួលការបកស្រាយបំភ្លឺជានិច្ច៕

RELATED ARTICLES