ភ្នំពេញ ៖ តារាចម្រៀងជួរមុខប្រចាំផលិតកម្មថោន លោកករុណា ពេជ្រ ថ្មីៗនេះបានប្រកាសលក់ផ្ទះវីឡាទោលរបស់ខ្លួនជាបន្ទាន់ ដើម្បីនាំឪពុករបស់លោកចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស បន្ទាប់ពីឪពុករបស់លោកបានធ្លាក់ខ្លួនឈឺជាទំងន់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក អស់រយៈពេលជាច្រើនខែមកហើយ នៅតែមិនទាន់បានធូរស្បើយនៅឡើយ។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកករុណា ពេជ្រ កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះសារមួយួថា “ជួយ like share យកតែបុណ្យមួយផងណា… កូនមកដល់ផ្ទះវិញហើយ ប៉ា…!!! ផ្ទះធំពេកហើយ ប៉ាឈឺទៀត កូននឹងនាំប៉ាទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ កុំឱ្យសៅហ្មង ខ្ញុំសូមប្រកាសលក់ផ្ទះវីឡាទោល ហើយកែងផ្លូវខាងមុខតែម្តង ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត៣ ផ្ទះលេខ២ (E0,E1,E2) ផ្លូវ A … ទល់មុខសួនច្បារធំ២ មានទីធ្លាធំទូលាយនៅមុខផ្ទះ ចំណាយពេលតែ៥នាទី ដល់ផ្សារ Makro និង ផ្សារទំនើប AEON II ទំហំដី ៖ ទទឹងមុខ ១៨,៤០ ម៉ែត្រ រីកទទឹងក្រោយ ១៩,៤០ម៉ែត្រ និងបណ្តោយ ៣៣,៤០ ម៉ែត្រ…”។
បន្ទាប់ពីលោកករុណា ពេជ្រ បានប្រកាសលក់ផ្ទះ ដើម្បីបញ្ជូនឪពុកទៅព្យាបាលជំងឺនៅក្រៅប្រទេសរួចមក គេឃើញមហាជនជាច្រើន បានកោតសរសើរ និងគាំទ្រនូវភាពកត្តញ្ញូរបស់លោកចំពោះឪពុកជាទីគោរពស្រលាញ់។
គួរបញ្ជាក់ថា ក្រោយប្រឡូងក្នុងវិស័យចម្រៀងនៅក្នុងផលិតកម្មថោន ត្រឹមតែមួយរយៈខ្លី គេឃើញប្រជាប្រិយភាពរបស់លោកករុណា ពេជ្រ ហាក់កក្រើកឡើងខ្លាំង រហូតដល់លោកមានលទ្ធភាពទិញផ្ទះវីឡាទោលប្រណីតមួយខ្នង ក្នុងតម្លៃជាងកន្លះលានដុល្លារ។ ជាមួយនេះ លោកករុណា ពេជ្រ បានទទួលតំណែងជាអ្នកគ្រប់គ្រងទូទៅផលិតកម្មថោន និងក្លឹបកម្សាន្តថោន ផងដែរ មុនពេលដែលលោកត្រូវបានផ្លាស់ទៅគ្រប់គ្រងផ្សារកុងតឺន័រ និងផាប់ស្ទ្រីត ដែលជាសាខារបស់ក្រុមហ៊ុនថោន ដែលទើបនឹងបើកដំណើរការនៅខេត្តសៀមរាប៕