Saturday, November 16, 2024
Homeតារាខ្មែរអេនីហ្សាម ចង់កែសម្រស់ឲ្យដូចតួកូរ៉េ ហាន់ជីអ៊ុន

អេនីហ្សាម ចង់កែសម្រស់ឲ្យដូចតួកូរ៉េ ហាន់ជីអ៊ុន

តារាចម្រៀងផលិតកម្មថោន នាងអេនីហ្សាម ដែលបណ្ដោយឲ្យគីឡូឡើងជ្រុល រហូតដល់១០គីឡូ (៤៧-៥៧គ.ក្រ) នោះ មិនចង់ចេញទៅច្រៀងគ្រប់ឆាកតន្ដ្រីដូចមុនឡើយ ព្រោះខ្មាសគេថាធាត់ពេក មិនស្អាត …។

ថ្មីៗនេះដែរ អេនីហ្សាម បានបង្ហោះសារថា នាងចង់ទៅកែរសម្រស់ឲ្យស្រីស្អាត ដូចកំពូលសម្រស់តារាល្បីរបស់កូរ៉េ នាងហាន់ជីអ៊ុន​ ដើម្បីឲ្យប្រុសៗចាត់ទុកថា នាងជាស្រីស្អាតប្រចាំនៅផលិតកម្មថោន។

អេនីហ្សាម បង្ហោះសារដោយភ្ជាប់រូបថតនាង Song Hye –Kyo ដែលខ្មែរយើងហៅថា ហាន់ជីអ៊ុន នោះថា ”ចង់កែឲ្យដូចអាយដល”។

ការថ្លែងបែបនេះរបស់នាងអេនីហ្សាម ត្រូវបាន Fan នាងមួយចំនួនសម្ដែងការអាណិតចំពោះនាង ដោយបញ្ចេញយោបល់ថា” ហេតុតែគាត់ចង់ស្អាត ធ្វើម៉េចឲ្យដូចហាន់ជីអ៊ុន ទៅ អេនី បើ Idol ឡើងកាម៉ាប់ៗអីចឹង?”។

អេនីហ្សាម ធ្លាប់ប៉ុនប៉ងកែសម្រស់ជាច្រើនលើកច្រើនសារមកហើយ ដូចជាចង់ធ្វើកំភួនដៃ កំភួនជើងឲ្យតូចស្រលន សស្អាតម៉ដ្ឋខៃ, កែច្រមុះឲ្យខ្ពស់ស្រួច, កែដើមទ្រូងឲ្យរីកធំមូលក្លុំ ជាដើម។ ប៉ុន្ដែគម្រោងនេះត្រូវជាប់គាំងរហូតមក ដោយនាងថា រឿងធំ គឺមកពី ”អត់លុយ” តែម្ដង។ អេនីថែមទាំងនិយាយដោយតូចចិត្តថា ពេលអត់លុយ យើងចង់ធ្វើអ្វីក៏មិនបានសម្រេចដែរ អីចឹងមានតែការខកចិត្ត ពិសេសគឺរឿងចង់កែសម្រស់នេះតែម្ដង ធ្វើម៉េចចេញ បើគ្មានលុយ។

អេនីហ្សាម ធ្លាប់ជិះរថយន្ដ Corolla និងធ្លាក់ខ្លួនមកជិះម៉ូតូឃ្លីគ បែបសាមញ្ញ ហើយភាគច្រើននាងច្រៀងនៅតាមឆាកតន្ដ្រី ច្រើនតែមិត្តភក្ដិ ឬបងប្រុសរបស់នាង លោកមង្គល ទីណា ជាអ្នកជូនទៅ។ ទោះជាយ៉ាងណា នៅពេលដែលអេនី ឃើញមិត្តភក្ដិរួមអាជីពសម្ពោធផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើប Lexus LX 570 តម្លៃជាង២០ម៉ឺនដុល្លារនោះ នាងថាមិនមានការតូចចិត្តទេ ព្រោះជាភ័ព្វសំណាងរបស់គេ ចំណែកនាងធ្វើទៅតាមលទ្ធភាពដែលអាចទៅរួច តែរឿងសំខាន់ពេលនេះសម្រាប់អេនី មិនមែនជាផ្ទះវីឡា និងរថយន្ដទំនើបនោះទេ តែនាងចង់កែសម្រស់ឲ្យដូចតារាភាពយន្ដកំពូលសម្រស់ នាង Song Hye Kyo ហើយទស្សនិករង់ចាំមើលថា បើនាងថ្ងូរដូចព្រាប បែបនេះ តើបានលុយមកពីណាអាចវះកាត់ដោយចុងកាំបិតបំពាក់សម្រស់សិប្បនិម្មិតនោះបានទៅ?

អេនីហ្សាម ដែលជ្រកនៅផលិតកម្មថោន ជាច្រើនឆ្នាំនោះល្បីបទ ”ធ្លាប់សន្យាហើយថា មិនធ្វើឲ្យអូនយំ” ដែលច្រៀងឆ្លងឆ្លើយជាមួយលោកខេម និងបទ ”សង្ស័យតែឆេះអ៊ីសេ” ច្រៀងជាមួយនាយគ្រឿន។ ប៉ុន្ដែការមកដល់ថោន របស់តារាចម្រៀងស្រីស្អាតនាងផាន វីរ៉ាទី ហៅរ៉ាប៊ី នោះ បានធ្វើឲ្យនាងអេនីហ្សាម ហាក់បាត់បង់ការចាប់អារម្មណ៍ស្ទើរតែទាំងស្រុង ព្រោះថា រ៉ាប៊ី បានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការលេងសម្រស់ និងក្បាច់រាំគួរឲ្យក្នាញ់ ដែលធ្វើឲ្យអេនីហ្សាម មិនអាចទប់ទល់បានឡើយ។ អេនីហ្សាម ក៏ធ្លាប់ទទួលស្គាល់ដែរថា រ៉ាប៊ី ធ្វើឲ្យនាងភ្ញាក់ផ្អើលខ្លាំង ព្រោះធ្វើបានល្អ ពិសេសគឺក្បាច់រាំ…។ ប៉ុន្តែអេនី ក៏មិនមែនបណ្ដោយឲ្យនាងរ៉ាប៊ី ជិះសេះព្រលែងដៃដែរ ព្រោះថ្មីៗនេះ នាងបានវិវឌ្ឍខ្លួនពីអ្នកមិនចេះរាំសោះ មកមានក្រុមរាំអមដល់ទៅ៤នាក់ ដើម្បីប្រជែងទីផ្សារឡើងវិញ។ ប៉ុន្ដែអ្នកជំនាញសិល្បៈបានព្រមាននាងអេនីហ្សាម ថា បើនៅតែមានគីឡូឡើងជ្រុលយ៉ាងនេះទៀត កុំថាឡើយទៅប្រជែងជាមួយនាងរ៉ាប៊ី ទោះជាប្រជែងជាមួយលោកម៉ាដូណា ក៏មិនអាចទៅរួចដែរ។

ប្រភពនោះបន្ថែមថា បើសិនជានាងអេនី ចង់ឲ្យមានទីផ្សារឡើងវិញ គឺដាច់ខាតត្រូវតែបញ្ចុះទម្ងន់មកស្វែល ទើបទៅរួចហើយ មិនចាំបាច់អីទាល់តែកែសម្រស់ដូចហាន់ជីអ៊ុន ទើបគេហៅថាជាស្រីស្អាតទេ ឲ្យតែឡើងគីឡូអីចឹងទៅបានហើយ តែនាងអេនី បានថ្ងូរថា មិនដឹងជាម៉េច ព្រោះគ្រាន់តែហិតក្លិនបាយ មិនទាន់ញាំផង ក៏ឡើងគីឡូដែរ អីចឹងហើយបានជានាងមិនចង់ទៅណា​ចង់តែដេកនៅផ្ទះ។

ជុំវិញការឡើងគីឡូប្លែកនេះ អេនី ត្រូវបានគេសង្ស័យថា នាងមានផ្ទៃពោះជាមួយប្រុសស្នេហ៍ តែតារាថោន ដែលធ្លាប់លេចឮថា មានកូន១នេះបានច្រានចោល ហើយថាមិនដែលការប្ដីផង ពពោះជាមួយអ្នកណាទៅ?…៕

RELATED ARTICLES