Monday, March 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលគុក រឿងមាស ២តម្លឹង ចេញពីគុក កាប់ម៉ែកូន ៣ប៉័ងតោ

ចូលគុក រឿងមាស ២តម្លឹង ចេញពីគុក កាប់ម៉ែកូន ៣ប៉័ងតោ

ខេត្តកណ្តាល ៖ បុរសចំណាស់ម្នាក់ ធ្លាប់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ម្តងរួចមកហើយ ពាក់ព័ន្ធជម្លោះរឿងមាស ២តម្លឹង លុះចេញពីគុកមកវិញ បន្តបង្ករឿងឈ្លោះប្រកែកជាមួយប្អូនធម៌ ពីរឿងមាស ២តម្លឹងនោះទៀត រហូតផ្ទុះអំពើហិង្សា ទាញកាំបិតប៉័ងតោ កាប់ប្រហារស្ត្រីជាប្អូនធម៌ និងកូនប្រុស ចំនួន៣កាំបិត បណ្តាលឱ្យរងរបួស ទាំង២នាក់ម្តាយកូន ទីបំផុតត្រូវបាន អ្នកជិតខាងជួយចាប់ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិព្រែកតាពៅ១ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ មានចំនួន ២នាក់ (ត្រូវជាម្តាយនិងកូន) ទី១-ឈ្មោះ បាន សាក់នី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន (ត្រូវជាកូន) រងរបួសស្នាមត្រង់ក្លៀកខាងឆ្វេង ១កាំបិត និងត្រង់កដៃខាងឆ្វេង ១កាំបិត ។ ទី២-ឈ្មោះឈុំ សារ៉េត ភេទស្រី អាយុ៦០ឆ្នាំ  មុខរបរមេផ្ទះ (ត្រូវជាម្តាយ) រងរបួសស្នាម ត្រង់ភ្លៅខាងឆ្វេង ១កាំ បិត។ ជនរងគ្រោះទាំង២នាក់ ម្តាយនិងកូន មានលំនៅ ភូមិព្រែកតាពៅ១ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនដៃដល់ មានឈ្មោះ សា តាំ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរលក់សំណាញ់ មានលំ នៅ ភូមិព្រែកតាពៅ១ ស្ថិតក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជននេះមានប្រវត្តិធ្លាប់ជាប់ពន្ធ នាគារខេត្តកណ្តាល រយៈពេល ២ឆ្នាំ ពីបទហិង្សាដោយចេតនា។ ចំពោះវត្ថុតាងចាប់យក មាន កាំបិតប៉័ងតោ ដងឈើ ចំនួន១ដើម។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សា តាំ មានប្រពន្ធឈ្មោះ សា ទីម៉ាស់ អាយុ៦៥ឆ្នាំ ដែលត្រូវជាបងចិញ្ចឹមរបស់ជនរងគ្រោះ ឈ្មោះឈុំ សារ៉េត។ មុនកើតហេតុ ប្រពន្ធរបស់ជនសង្ស័យ  បានយកខ្សែដៃមាស ទម្ងន់ ២តម្លឹង មកផ្ញើនឹងប្អូនចិញ្ចឹម (ស្ត្រីរងគ្រោះ ឈ្មោះឈុំ សារ៉េត) និងបានផ្តាំផ្ញើថា ពេលគាត់ស្លាប់ទៅ ត្រូវយកខ្សែដៃមាស ២តម្លឹងនេះ កាត់ចែកឱ្យកូនគាត់ ទាំងបីនាក់ ស្មើៗគ្នា។ លុះអំឡុងឆ្នាំ២០១០ ប្រពន្ធជនសង្ស័យ បានស្លាប់បាត់ទៅ ឯស្ត្រីរងគ្រោះ ជាមនុស្សស្មោះត្រង់ ក៏បានយកខ្សែដៃនោះ ប្រគល់ឱ្យលោកមេភូមិព្រែកតាពៅ១ ឈ្មោះស៊ូ សេន ដើម្បីចាត់ចែងឱ្យទៅកូនៗរបស់ជនសង្ស័យ ទាំង៣នាក់ ដែលមានអាយុចន្លោះពី ២៥ឆ្នាំ ដល់៣០ឆ្នាំ ទទួលបានមរតកពីម្តាយ ស្មើៗគ្នា ដោយមានទាំងជនសង្ស័យ ជាឪពុក ចូលរួមដឹងឮ ជាសាក្សីទៀតផង។

លុះរយៈពេល ១៦ឆ្នាំ ក្រោយពីមរតកម្តាយ (មាស២តម្លឹង)  បានបែងចែកឱ្យកូនៗរួច ជនសង្ស័យជាប្តី និងជាឪពុក តែងតែព្យាយាមមករករឿងទាមទារមាស ២តម្លឹង ពីស្ត្រីរងគ្រោះ ដែលត្រូវជាប្អូនចិញ្ចឹមរបស់ប្រពន្ធ រហូត ប្រើអំពើហិង្សាដោយចេតនា ជាប់ពន្ធនាគារ ២ឆ្នាំ តែពេលបានចេញមកវិញ មិនរាងចាល។

លោកអធិការ បន្តថា លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានមកស្រែកសួររកជនរងគ្រោះទៀត។ ឮដូចនោះ ជនរងគ្រោះ បានដើរចេញមក  ស្រាប់តែជនសង្ស័យ សួររកមាស ២តម្លឹងជាថ្មីម្តងទៀត ហើយក៏បានប្រើអំពើហិង្សា ទាញកាំបិតប៉័ងតោ ពីក្នុងស្បោងក្រណាត់ពណ៌ក្រហម កាប់ទៅលើជនរងគ្រោះ (មានកាមេរ៉ាសុវត្ថិ ភាព) តែជនរងគ្រោះ បានចាប់កាំបិតទាន់ និងហៅឱ្យគេជួយ។ ឮបែបនេះ ជនរងគ្រោះឈ្មោះ បាន សាក់នី បានរត់ចេញពីក្នុងផ្ទះ ទៅជួយម្តាយ រហូតរងរបួសទាំង២នាក់ម្តាយកូនតែម្តង និងបានអ្នកក្បែរខាង មកជួយចាប់ឃាត់ ខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ច។

 នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ ទាំង២នាក់ ម្តាយកូន ប្រាកដមែន ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES