ភ្នំពេញ ៖ នៅថ្ងៃព្រហស្បតិ៍ 5កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.2561 ត្រូវនឹងថ្ងៃទី19 ខែមេសា ឆ្នាំ2018 កាកបាទក្រហមកម្ពុជា (កក្រក) ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនលោកចៅ ច័ន្ទណារី អាយុ64ឆ្នាំ ជាអតីតតារាសម្តែងជើងចាស់ ធ្លាប់ទទួលបានពានរង្វាន់លេខ1ទូទាំងប្រទេស ក្នុងការប្រកួតខ្សែភាពយន្តខ្មែរ ក្នុងឆ្នាំ1991 ក្នុងការសម្តែងជាតួឯកក្នុងរឿង “ស្មានមិនដល់” និងមានស្នាដៃសម្តែងជាច្រើនទៀត។
ក្នុងឱកាសនោះ លោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី1 កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរស់នៅរបស់លោក ចៅ ច័ន្ទណារី ដែលជាសិល្បករជើងចាស់ បានបន្សល់ទុកស្នាដៃសម្តែងជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ។ ជាមួយគ្នានេះ លោកស្រីបានផ្តាំផ្ញើឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អ និងបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បី អនាគតប្រពន្ធកូនតទៅមុខទៀត។
លោកចៅ ច័ន្ទណារី និងភរិយា ដែលមកពីភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា ចំពោះសុខទុក្ខរបស់សិល្បករជើងចាស់ និងប្រជាជនទូទៅជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ៕