ខេត្តត្បូងឃ្មុំ ៖ ជនល្មោភកាមម្នាក់បានចាប់រំលោភសេពសន្ថវៈនារីម្នាក់ រហូតដល់បានសម្រេច បន្ទាប់មកក៏បានព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេល17ឆ្នាំ ស្រាប់តែរដូវចូលឆ្នាំ ភ្លេចខ្លួនក៏លបចូលមកស្រុកកំណើតវិញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះអូសកយកទៅចាត់ការតាមច្បាប់។
ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យល្មោភកាមខាងលើ ធ្វើឡើងកាលពីវេលាម៉ោង3រសៀល ថ្ងៃទី19 ខែមេសា ឆ្នាំ2018 នៅចំណុចភូមិគីឡូ19 ឃុំត្រពាំងព្រីង ស្រុកតំបែរ។
ជនសង្ស័យខាងលើនោះ មានឈ្មោះទីន ម៉ាត់ ភេទប្រុស អាយុ39ឆ្នាំ ជនជាតិខ្មែរ-អ៊ិស្លាម មានលំនៅក្នុងភូមិ ដែលសមត្ថកិច្ចចុះឃាត់ខ្លួន។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី19 ខែមេសា ឆ្នាំ2018 កម្លាំងជំនាញស្រុកតំបែរ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ1192 ចុះថ្ងៃទី20 ខែធ្នូ ឆ្នាំ 2001 របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យនាំខ្លួនជនសង្ស័យឈ្មោះ ទីន ម៉ាត់ ពីបទ “រំលោភសេពសន្ថវ³” ប្រព្រឹត្តនៅភូមិគីឡូ19 ឃុំត្រពាំងព្រីង ស្រុកតំបែរ កាលពីថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2001 បន្ទាប់មក ជនសង្ស័យបានព្យាយាមគេចខ្លួនអស់រយៈពេល 17ឆ្នាំ ទើបត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ខណៈដែលជនសង្ស័យខាងលើនេះ បាន់លបលួចមកលេងស្រុកកំណើត ក្នុងឱកាសចូលឆ្នាំខ្មែរ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕