Sunday, November 17, 2024
Homeតារាខ្មែរទូច ស៊ុននិច ទទូចសុំកុំយកឈ្មោះនាងភ្ជាប់នឹងស្នេហាត្រីកោណ

ទូច ស៊ុននិច ទទូចសុំកុំយកឈ្មោះនាងភ្ជាប់នឹងស្នេហាត្រីកោណ

ភ្នំពេញ ៖ អតីតតារាចម្រៀងស្រីល្បីឈ្មោះទូច ស៊ុននិច ដែលមហាជនខ្មែរនិយមហៅ ទូច ស្រីនិច ត្រូវទទួលរងការបាញ់ប្រហារ ក្នុងបំណងផ្តាច់ជីវិតតាំងពីអំឡុងឆ្នាំ២០០៣ និងត្រូវបានបញ្ជូនចេញទៅព្យាបាលនៅក្រៅប្រទេសភ្លាមៗ ហើយរហូតមកដល់បច្ចុប្បន្ន ស្ថានភាពសុខភាពរបស់តារាចម្រៀងរូបនេះនៅមិនទាន់ល្អរឹងមាំនៅឡើយ។

ជុំវិញករណីបាញ់ប្រហារប៉ងផ្តាច់ជីវិតតារាចម្រៀង ទូច ស៊ុននិច នេះ ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានបានដាក់ការសង្ស័យថា ផ្តើមចេញពីគំនុំស្នេហាត្រីកោណ ហើយសូម្បីតែក្នុងកិច្ចសម្ភាសន៍របស់លោកសុះ ម៉ាច ជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗកន្លងទៅនេះ ក៏ធ្លាប់បានលើកឡើងថា តារាចម្រៀងទូច ស៊ុននិច ជាជនរងគ្រោះដោយស្នេហាត្រីកោណដែរ។ យ៉ាងណា ការសង្ស័យខាងលើនេះ ត្រូវបានសាមីខ្លួន ទូច ស៊ុននិច បានបដិសេធថា នាងមិនបានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវស្នេហាត្រីកោណនោះទេ សូមកុំយល់ច្រឡំ។

ការបដិសេធរបស់តារាចម្រៀងស្រី ទូច ស៊ុននិច ខាងលើនេះ ធ្វើឡើងតាមរយៈខ្សែអាត់សម្លេងមួយដែលត្រូវបានបញ្ចោញ កាលពីពេលថ្មីៗនេះ តាមប្រព័ន្ធ youtube។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Touch Sunnix កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ បានបង្ហោះសារមួយថា “សួស្តីបងប្អូន ខាងក្រោមនេះជា link youtube channel របស់ខ្ញុំ ចុច like និង share videos របស់ខ្ញុំផងណា! ហើយសូមបងប្អូនកុំភ្លេចចុច subscribe និងចុចសញ្ញារូបកណ្តឹងដែលនៅខាងក្រោម videos ខ្ញុំនោះ ដើម្បីបងប្អូនទទួលបានភ្លាមៗនូវ videos Edl upload ថ្មីៗ។ https://www.youtube.com/channel/UCiLRzywOoTnCRN7J2Dwi_AA…”។

យោងតាមខ្សែអាត់សម្លេងរយៈពេល ៦នាទីនិង០១វិនាទី សំឡេងស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាតារាចម្រៀងទូច ស៊ុននិច បានរៀបរាប់ទាំងស្រុងថា “នាងខ្ញុំទូច ស៊ុននិច សូមជំរាបសួរដល់លោកយាយលោកតា អ៊ំពូមាមីង បងប្អូន និងក្មួយៗទាំងអស់ ដោយក្តីនឹករលឹកពីចំងាយ។ សុខសប្បាយទេ បងប្អូនទាំងអស់គ្នា? នាងខ្ញុំមានការនឹករលឹកដល់បងប្អូនខ្លាំងណាស់ ហើយក៏មានបងប្អូនជាច្រើនដែលចង់ដឹងពីព័ត៌មាននាងខ្ញុំ ពីសុខភាព ពីសុខទុក្ខ និងពីទំងន់របស់នាងខ្ញុំទៀតផង! ចាស៎ នាងខ្ញុំសុខសប្បាយជាធម្មតាទេ សុខភាពខ្ញុំល្អធម្មតា តែដៃជើងខ្ញុំនៅមិនទាន់កម្រើកបានទេ ឯទំងន់របស់នាងខ្ញុំវិញ គឺជាង៤០គីឡូក្រាមតែប៉ុណ្ណោះ ខ្ញុំមិនដែលមានទំងន់ដល់៨០គីឡូ ដូចពាក្យចចាមអារ៉ាមឡើយ ហើយថ្ងៃនេះ នាងខ្ញុំចង់បកស្រាយម្តងទៀតពីការពិតដែលបងប្អូនមួយចំនួន គាត់នៅមានការយល់ច្រឡំមកលើនាងខ្ញុំ ខ្ញុំជឿជាក់ថាមានបងប្អូនខ្លះគាត់នៅចងចាំនូវព្រឹត្តការណ៍មួយដែលកើតឡើង នៅថ្ងៃទី២១ ខែ១០ ឆ្នាំ២០០៣ នៅក្បែរផ្សារដើមគរ មុខហាងខ្យាដំរី គឺមានរឿងឧក្រិដ្ឋកម្មមួយ ដែលបាញ់ប្រហារយ៉ាងសាហាវឃោរឃៅព្រៃផ្សៃបំផុតមកលើរូបនាងខ្ញុំ និងមកលើរូបម្តាយនាងខ្ញុំ ដែលបណ្តាលឱ្យអ្នកម្តាយនាងខ្ញុំលោកបាត់បង់ជីវិតយ៉ាងអាណោចអាធ័មជាទីបំផុត នៅមន្ទីរពេទ្យកាល់ម៉ែត ហើយខ្ញុំត្រូវធ្លាក់ខ្លួនពិការ សូម្បីតែដៃជើងក៏ខ្ញុំមិនទាន់អាចកម្រើកបានផង ឥឡូវនេះ រហូតមកដល់សព្វថ្ងៃគឺរយៈពេលជាង១០ឆ្នាំហើយ ដែលនាងខ្ញុំមិនទាន់ឃើញរដ្ឋាភិបាល សមត្ថកិច្ចស្រុកខ្មែរ តុលាការស្រុកខ្មែរ ចាប់បានពួកឃាតករ និងមេឃាតករមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ ហើយចំពោះការបាញ់ប្រហារនោះ មានបងប្អូនមួយចំនួន គាត់នៅមានការយល់ច្រឡំថា គឺកើតឡើងដោយសារនាងខ្ញុំមានទំនាក់ទំនងស្នេហាត្រីកោណ (យកប្តីគេ) ជាមួយនោះផងដែរ ប៉ុន្មានថ្ងៃមុននេះ មានបទសម្ភាសន៍មួយរវាងលោកសុះ ម៉ាច និងវិទ្យុអាស៊ីសេរី លើប្រធានបទតារាសិល្បៈខ្មែរ ដែលមានការពាក់ព័ន្ធបញ្ហាស្នេហាត្រីកោណ (យកប្តីគេ) ហើយលោកសុះ ម៉ាច បានលើកយកឈ្មោះខ្ញុំ ទៅនិយាយពាក់ព័ន្ធជាមួយនឹងបញ្ហានោះផងដែរ ខ្ញុំសូមជំរាបថា ខ្ញុំមិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេ ខ្ញុំគឺជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរមួយរូបផងដែរ ហើយនាងខ្ញុំមិនបានលក់ខ្លួន មិនបានលក់កិត្តិយស ទៅធ្វើជាស្រីកំណាន់ ធ្វើជាប្រពន្ធចុងអ្នកណាម្នាក់នោះទេ ដូច្នេះ សូមបងប្អូនដែលមិនបានដឹងរឿងច្បាស់ ហើយបានឮតាមតែពាក្យចចាមអារ៉ាមដែលបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ បង្ខូចកិត្តិយសខ្ញុំនោះ សូមឈប់យល់ច្រឡំទៀតទៅ ព្រោះវាមិនមែនជាការពិតឡើយ ការពិតគឺមានតែលោកឪពុកអ្នកម្តាយរបស់នាងខ្ញុំ លោកមិនលក់ឧត្តមគតិរបស់លោក លោកមិនលក់កិត្តិយសរបស់លោក លោកមិនលក់កូនស្រីរបស់លោក ឱ្យទៅធ្វើជាប្រពន្ធចុងរបស់គេ ហើយមួយទៀត បងប្អូនប្រាកដជាធ្លាប់បានឮហើយ នាងខ្ញុំច្រៀងចម្រៀងខ្មែរកម្ពុជាក្រោម ដែលរៀបរាប់ពីប្រវត្តិសាវតាទឹកដីរបស់ខ្មែរដែលបានបាត់បង់ទៅ ខ្ញុំសង្ឃឹមថា ការបកស្រាយនេះនឹងធ្វើឱ្យបងប្អូនឈប់យល់ច្រឡំមកលើនាងខ្ញុំទៀត មួយទៀតនោះ សូមមេត្តាឈប់យកឈ្មោះខ្ញុំទៅនិយាយ ឬទៅសរសេរឱ្យមានការពាក់ព័ន្ធទៅនឹងស្នេហាត្រីកោណ ឬការយកប្តីគេនោះទៀតទៅ ឆ្លៀតក្នុងពេលនេះដែរ នាងខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ទូទាំងសកលលោក ដែលតែងតែគាំទ្ររូបនាងខ្ញុំ ដែលតែងតែគាំទ្រនូវសំនៀង ចម្រៀងរបស់នាងខ្ញុំ ក៏ដូចជាបងប្អូននៅក្នុង Youtube ក្តី និងនៅហ្វេសប៊ុកក្តី ដែលតែងតែផុសចម្រៀងរបស់នាងខ្ញុំ នាងខ្ញុំមានការរំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលឃើញបងប្អូននៅតែគាំទ្ររូបនាងខ្ញុំ នាងខ្ញុំក៏សូមអរគុណផងដែរ រាល់ Comment របស់បងប្អូនដែលតែងតែផ្តល់នូវកម្លាំងចិត្ត ផ្តល់នូវការលើកទឹកចិត្តដល់នាងខ្ញុំ តែនាងខ្ញុំសុំការអធ្យាស្រ័យពីបងប្អូន រាល់ការមិនបានឆ្លើយតប Comment ក៏ដូចជា Message របស់បងប្អូន សូមជូនពរដល់បងប្អូនទាំងអស់ ក្នុងឆ្នាំថ្មីនេះ សូមបានប្រកបតែនឹងសុភមង្គល មានសុខភាពល្អ និងមានជោគជ័យគ្រប់ការងារ នាងខ្ញុំសូមអរគុណ សូមជំរាបលា…”។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបកស្រាយពីលោកសុះ ម៉ាច បាននៅឡើយ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES