ភ្នំពេញ៖ នារីស្រស់ស្អាត សាច់សខ្ចី ជាបុគ្គលិកKTV មួយកន្លែង ត្រូវជនសង្ស័យ៣នាក់ បានជិះម៉ូតូមួយគ្រឿងឌុបគ្នាមកធ្វើសកម្មភាពគំរាមបាញ់សម្លាប់ ហើយប្លន់ម៉ូតូស្កុបបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព ។ ករណីប្លន់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១ និង៣៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បួង ផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ជនរងគ្រោះមានឈ្មោះអាហ្សា ភេទស្រី អាយុ២០ឆ្នាំ មុខរបរជាអ្នកបម្រើការងារនៅKTVមេហ្គា ចំណែកម៉ូតូដែលត្រូវចោរប្លន់ម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-5513 ។
បើតាមការរៀបរាប់ពីនារីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគឺរូបគាត់បានជិះម៉ូតូមកពីធ្វើការនៅKTVមេហ្គា ហើយជិះនៅតាមចំណុចកើតហេតុខាងលើ ខណៈនោះក៏ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយ ហើយស្រែកឲ្យឈប់ និងគំរាមនិយាយថានឹងបាញ់សម្លាប់ចោល ភ្លាមនោះនារីរងគ្រោះភ័យខ្លាំងពេកក៏ឈប់ម៉ូតូប្រគល់ឲ្យក្រុមចោរជិះគេចខ្លូនបាត់ស្រមោលតែម្ដងទៅ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានត្រឹមតែមកដឹកជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ផ្សារដើមថ្កូវតែប៉ុណ្ណោះ ៕