តារាកំប្លែងជើងចាស់ជួរមុខគេ លោកជួង ជី ហៅនាយកុយ បានសម្ដែងការអាក់អន់ចិត្តចំពោះស្ថានីយទូរទស្សន៍ CTN ដែលមិនហៅក្រុមរបស់លោកឲ្យចូលសម្ដែងកំប្លែងដូចមុនទៀតឡើយ តាំងពីជ្រើសបានក្រុមកំប្លែងថ្មី នាយពាក់មី ដែលនាយកុយ និងក្រុមកំប្លែងរបស់លោកជាអ្នកជ្រើសរើសបានមកនោះ។ ទោះជាយ៉ាងណា នាយកុយ មិនដាក់បន្ទុកទាំងស្រុងទៅលើ CTN នោះទេ ដោយលោកថា បញ្ហាមកពីខាង Sponsor ផងដែរ ហើយលោកចង់ឲ្យ CTN លៃលកពេលវេលាណាមួយឲ្យសមស្របសម្រាប់ក្រុមកំប្លែងលោកបានសម្ដែងជូនបងប្អូនឡើងវិញ។
ក្នុងជំនួបផ្ទាល់ជាមួយនាយកុយ កាលពីល្ងាចថ្ងៃទី២២ ខែមេសា តារាកំប្លែងជើងចាស់រូបនេះត្អូញត្អែរថា ”ខ្ញុំមានការអន់ចិត្តនឹងCTN ដែរ ព្រោះគាត់បានយកខ្ញុំចេញពីប៉ុស្ដិ៍លេខ៣ ហើយដល់ពេលដែលគាត់ជ្រើសរើសក្រុមកំប្លែងនាយពាក់មី បាន ដែលពួកខ្ញុំជាអ្នកជ្រើសរើសនោះ គាត់ក៏លែងត្រូវការយើងទៀត។ ខ្ញុំនិងក្រុមខ្ញុំខានលេងកំប្លែងនៅ CTN ជិត១ឆ្នាំទៅហើយ ខ្ញុំគ្រាន់តែចង់ឲ្យគាត់មានកម្មវិធីណាមួយសម្រាប់ពួកខ្ញុំវិញ តែក៏មិនមែនដាក់បន្ទុកបន្ទោសលើគាត់ទាំងស្រុងដែរ គឺបញ្ហាមកពីខាង Sponsor ដែរមើលទៅ។ រាល់ថ្ងៃខ្ញុំនិងក្រុមនៅលេងកំប្លែងនៅប៉ុស្ដិ៍បាយ័ន អាស៊ីអាគ្នេយ៍ និងហង្សមាស ម្ដងម្កាលដែរ មិនជាជាប់លាប់ទេ ហើយដូចដឹងហើយថា ការលេងកំប្លែងលេងបានប៉ុន្មាន គឺបាន២០ទៅ៣០ដុល្លារ ចែកគ្នាហ្នឹង”។
ជាមួយនឹងការអាក់អន់ចិត្ត CTN ដែលបានថ្មីចោលចាស់នោះ គេចាប់អារម្មណ៍ដែរថា ពេលនេះ នាយកុយ បានចាប់ដៃគូកំប្លែងជាមួយនាយក្រឹម សារជាថ្មីឡើងវិញនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងដែរ ព្រោះថាកន្លងមកធ្លាប់មានព័ត៌មានថា នាយកុយ និងនាយក្រឹម និងមិនអាចសម្ដែងកំប្លែងជាមួយគ្នាបានវិញទេ ដោយសារតែតារាកំប្លែងជើងចាស់ទាំង២ ធ្លាប់មានទំនាស់គ្នារឿងបែងចែកលុយមិនស្មើភាពគ្នា។
លោកជួង ជី និយាយមិនបង្អង់ថា ”រឿងហ្នឹងខ្ញុំក៏ចង់បកស្រាយផងដែរថា តាមពិតមិនមានរឿងដូចគេសង្ស័យនោះទេ។ ខ្ញុំនិងនាយក្រឹម នៅតែអាចលេងកំប្លែងជាមួយគ្នាអីចឹង ឲ្យតែខាងអ្នកដឹកនាំម្ចាស់កម្មវិធីគេតម្រូវ យើងនឹងលេងរួមគ្នាវិញដូចជាពេលនេះដែរ។ ខ្ញុំក៏ធ្លាប់ឮដែរថា នាយកុយនិងនាយក្រឹម ទាស់គ្នារឿងចែកលុយគ្នាមិនស្មើហ្នឹង តែតាមពិតគ្មានរឿងបែបហ្នឹងទេ មានដែលឈ្លោះគ្នារឿងលុយកាក់ហ្នឹងទេ។ ធម្មតាខ្ញុំមានក្រុមកំប្លែងមួយ ខ្ញុំដឹកនាំក្រុមកំប្លែងខ្ញុំទៅ នាយក្រឹម មានក្រុមកំប្លែងមួយ ក៏ដឹកនាំផ្ទាល់ខ្លួនមួយដែរទៅ អីចឹងគ្រប់គ្រងកូនក្រុមរៀងៗខ្លួន តែបើអ្នកដឹកនាំកម្មវិធី ដូចជា លោកចា រិទ្ធី អីចឹង តម្រូវឲ្យខ្ញុំលេងជាមួយនាយក្រឹម ខ្ញុំនៅតែអាចលេងជាមួយគ្នាបាន ដូចជាពេលហ្នឹងអីចឹងដែរ”។
នាយកុយ ដែលប្រឡូកសិល្បៈកំប្លែងតាំងពីឆ្នាំ៨០ប្លាយនោះ បានជួបទុក្ខធំ ដោយកាលពីថ្ងៃទី១៣ ខែមេសា បងប្រុសកម្សត់របស់លោក ឈ្មោះជួង គុណ បានទទួលមរណៈភាពក្នុងអាយុ៧២ឆ្នាំ លោកទើបតែបានធ្វើបុណ្យ៧ថ្ងៃហើយ កាលពីថ្ងៃទី១៨ ខែមេសា នេះដែរ។
លោកជួង ជី និយាយទាំងស្រងូតស្រងាត់ថា ”ខ្ញុំកំព្រា ឪពុកតាំងពីខ្ញុំអាយុ៧ឆ្នាំម្លេះ អីចឹងបានបងប្រុសហ្នឹងហើយដូចជាឪពុកយើងអីចឹង។ ខ្ញុំបានធ្វើបុណ្យឲ្យគាត់តាមប្រពៃណី ហើយនឹងត្រៀមធ្វើបុណ្យ១០០ថ្ងៃទៀតដែរ។ ពេលនេះអារម្មណ៍ខ្ញុំនៅតែសោកស្ដាយគាត់អីចឹង គ្រាន់តែអាចកាត់ចិត្តបានខ្លះ ព្រោះមិនដឹងធ្វើម៉េច បើគាត់ទៅចោលយើងហើយ។ ថ្មីៗនេះដែរ ខ្ញុំទើបតែមកពីសម្ដែងនៅប្រទេសកូរ៉េខាងត្បូង ជាមួយខាត់ សុឃីម ហើយសប្បាយចិត្តណាស់ ព្រោះថា បងប្អូនពលករខ្មែរយើងនៅទីនោះ គាំទ្រអ្នកសិល្បករខ្មែរយើងយ៉ាងច្រើនកុះករ”៕