ភ្នំពេញ ៖ តារាសម្តែងស្រី កញ្ញាហ្វីហ្វី ដែលទទួលរងអំពើហិង្សាពីសំណាក់បុរសជាជនជាតិចិនម្នាក់ ជាថៅកែខារ៉ាអូខេ យីហោ QI HAO GONG GOAN បានសម្រេចបញ្ចប់រឿងក្តីជាមួយនឹងថៅកែខារ៉ាអូខេរូបនោះហើយ ដោយបញ្ចប់ត្រឹមសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន៨ពាន់ដុល្លារ ព្រមទាំងឱ្យបុរសជនជាតិចិនរូបនោះសរសេរលិខិតសុំទោសនាងជាសាធារណៈទៀតផង។
នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ តារាស្រីហ្វីហ្វី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដោយសារមិនចង់វែងឆ្ងាយរឿងជម្លោះជាមួយថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GOAN ត្រូវបានបញ្ចប់ហើយ គឺថៅកែរូបនោះយល់ព្រមសរសេរលិខិតសុំទោសនាងជាសាធារណៈ និងផ្តល់ប្រាក់សំណងថ្លៃខូចខាតកិត្តិយស ចំនួន៨ពាន់ដុល្លារ ដើម្បីបញ្ចប់រឿង។
គួររំលឹកថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មានករណីហិង្សាមួយបានកើតឡើង នៅចំណុចមុខហាងខារ៉ាអូខេ យីហោ QI HAO GONG GOAN មានទីតាំងជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយបុរសជនជាតិចិន ម្នាក់ដែលគេស្គាល់ថាជាថៅហាងខារ៉ាអូខេ QI HAO GONG GOAN បានប្រើសិទ្ធិអំណាចជាថៅកែហាង បង្ខំឱ្យនារី២នាក់ទៅដេកជាមួយភ្ញៀវដែលជាមិត្តភក្តិរបស់ខ្លួន លុះនារីទាំង២នាក់មិនយល់ព្រម ក៏ស្រាប់តែច្រឡោតខឹងស្ទុះទៅទះកំផ្លៀង រួចវាយដំច្រំធាក់នារីរងគ្រោះទាំង២នាក់ យ៉ាងចាស់ដៃ បណ្តាលឱ្យរងរបួស និងមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍។
ជនបង្កហេតុខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាជនជាតិចិន និងជាថៅកែហាងខារ៉ាអូខេខាងលើ។
តាមសម្តីរបស់នារីរងគ្រោះដែលគេស្គាល់ថា ជាតារាសម្តែងស្រីឈ្មោះហ្វីហ្វី បានរៀបរាប់ប្រាប់ថា តាមពិតនាងមិនមែនជាបុគ្គលិកនៅហាងខារ៉ាអូខេខាងលើនេះទេ ដោយសារតែពួកនាងមានមិត្តភក្តិជាបុគ្គលិកនៅទីនេះ ទើបពួកនាងឧស្សាហ៍ចូលមកលេង ហើយពេលខ្លះ ថៅកែហាងក៏ហៅពួកនាងឱ្យមកទទួលភ្ញៀវម្តងម្កាលដែរ លុះពេលចប់ភ្ញៀវក៏ទៅវិញ។
ដោយឡែក តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះម្នាក់ដែលជានារីកំដរភ្ញៀវនៅក្នុងហាងខារ៉ាអូខេខាងលើ បានខលហៅនារីរងគ្រោះម្នាក់ទៀតជាមិត្តភក្តិ ឱ្យមកជួយកំដរភ្ញៀវដែលជាមិត្តភក្តិថៅកែ ពេលមកដល់នារីរងគ្រោះទាំង២នាក់ បាននាំគ្នាចូលទៅក្នុងបន្ទប់ ដែលមានថៅកែខារ៉ាអូខេ រួមនឹងមិត្តភក្តិផ្សេងទៀតកំពុងផឹកស៊ី លុះចូលទៅដល់ ពួកនាងមើលឃើញភ្ញៀវដែលជាមិត្តភក្តិរបស់ថៅកែ គឺជាមនុស្សដែលតែងតែបង្ខំនារីៗដែលអង្គុយកំដរឱ្យទៅដេកជាមួយ ទើបនារីរងគ្រោះទាំង២នាក់មិនចង់កំដរ ក៏នាំគ្នាដើរចេញមកវិញ ស្រាប់តែថៅកែបានដើរមកសួរនាំ ហើយបានធាក់នារីរងគ្រោះពីក្រោយ បណ្តាលឱ្យដួល រួចក៏ស្ទុះទៅចាប់ទះកំផ្លៀង ចំនួន២ដៃថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលពេញហាងខារ៉ាអូខេតែម្តង។
ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ ថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម រួចក៏ទាក់ទងហៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ បន្ទាប់មកនារីរងគ្រោះទាំង២នាក់ បាននាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់។
គួរបញ្ជាក់ថា ទីតាំងខារ៉ាអូខេខាងលើ តែងតែមានអំពើហិង្សាដាក់នារីៗខ្មែរជាអ្នកកំដរភ្ញៀវជាញឹកញាប់ តែមិនដែលមានអាជ្ញាធរ មានសមត្ថកិច្ច មានវិធានការយ៉ាងណានោះទេ ហើយគេមិនដឹងថា ទីតាំងខាងលើមានខ្សែជាអ្នកធំ ទើបសមត្ថកិច្ចមិនហ៊ានបែបនេះ ហើយសូម្បីតែស្លាកយីហោហាង ក៏មិនមានអក្សរខ្មែរមួយតួដែរ៕