តារាចម្រៀងផលិតកម្មរស្មីហង្សមាស នី រតនា បានភ្ជាប់ពាក្យជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នេះ ជាមួយកូនក្រមុំអាជីករផ្សារអូឡាំពិក នាងវណ្ណ ភក្ដិណា ។ គេសង្កេតឃើញមានតារាចម្រៀងក្រោមដំបូលហង្សមាស មួយចំនួន ក៏បានទៅជួយអបអររតនា ដែរ នៅពេលដែលទើបច្រៀងឲ្យហង្សមាស បានជាង១ឆ្នាំ ក៏រកប្រពន្ធបានភ្លែតនេះ ក្នុងនោះគេឃើញមានកញ្ញាវី ឌីណែត , ឈីន រតនៈ សួស វីសា និងបាន មុនីលក្ខណ៍ ជាដើម។
គេនៅមិនទាន់ដឹងថា នី រតនា បានឲ្យថ្លៃបណ្ណាការទៅខាងកូនក្រមុំប៉ុន្មានឡើយ តែតាមប្រភពថា ក្រុមគ្រួសារម្ដាយក្មេក រតនា ជាអ្នកជំនួញដែលមានមុខមាត់នៅផ្សារអូរឡាំពិក ហេតុនេះហើយថ្លៃបណ្ណារការ ប្រាកដជាម៉ឺនដុល្លារជាមិនខាន។
ប្រភពបានឲ្យដឹងថា នី រតនា ស្គាល់និងមានទំនាក់ទំនងស្នេហាជាមួយនាងភក្ដិណា តាមរយៈមិត្តភក្ដិណែនាំ ហើយក្រោយមកពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាតាមFacebook រហូតទើបឈានមកភ្ជាប់ពាក្យនៅពេលនេះតែម្ដង។
ប្រភពបានបន្ថែមថា ភរិយានី រតនា គឺជាអ្នកលក់ផលិតផលរក្សាសម្រស់តាម Online ផងដែរ ដែលមានការចូលប្រាក់ហ៊ុនគ្នាជាមួយរតនា ហើយពួកគេនឹងពង្រីកមុខរបរនេះថែមទៀត ក្រោយពេលដែលក្លាយទៅជាគូដណ្ដឹងនឹងគ្នាដោយស្របច្បាប់នេះ។
នី រតនា មានស្រុកកំណើតនៅខេត្តកំពង់ធំ ធ្លាប់ជាកម្មករអូសទំនិញនៅផ្សារថៃ មុនពេលលើកពាន Cambodian Idol រដូវកាលទី១ ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស។ ការឡើងកូដ១ឆាវរបស់រតនា នាំឲ្យតារាចម្រៀងរូបនេះមានលទ្ធភាពសង់ផ្ទះឲ្យម្ដាយនៅខេត្តកំពង់ធំ អស់ជាង៣ម៉ឺនដុល្លារ និងទិញបានបន្ទប់ខុនដូរមួយ តម្លៃជិត៤ម៉ឺនដុល្លារ នៅក្បែរវិទ្យាល័យឥន្ទ្រទេវី ផងដែរ។ ទោះជាយ៉ាងណា នី រតនា មិនវាយលុកទីផ្សារចម្រៀងបានខ្លាំងក្លាទេ គឺជ្រកនៅហង្សមាស ជិត២ឆ្នាំ ល្បីបានតែ១បទប៉ុណ្ណោះ គឺបទ ”មហាឈឺ” ហើយចំពេលនេះ ខេមរៈ សិរីមន្ដ ឈរជើងនៅហង្សមាស ដែរនោះ ធ្វើឲ្យរតនា កាន់តែពិបាកងើបមុខឡើង។
ប្រភពបានឲ្យដឹងថា ក្រោយភ្ជាប់ពាក្យជាមួយស្រីក្មេងរួច នី រតនា នឹងគ្រោងដឹកដៃគូដណ្ដឹងចូលរោងការនៅចុងឆ្នាំ២០១៨នេះ ខណៈដែលអ្នកចម្រៀងរូបនេះកំពុងភ័យខ្លាចធ្លាក់កូដផងដែរពេលមានប្រពន្ធនេះ ព្រោះសូម្បីតែការភ្ជាប់ពាក្យនៅថ្ងៃទី២៧ ខែមេសា នេះ ក៏រតនា លាក់អ្នកកាសែត ហើយបែរជាកុហកថា នឹងងត្រៀមភ្ជាប់ពាក្យនៅ៣ទៅ៤ខែ ខាងមុខទៀតឯណោះ៕