នៅដើមឆ្នាំ២០១៨នេះ ខេមរៈ សិរីមន្ដ លែងអាចលាក់រឿងប្រពន្ធកូនបានទៀតហើយ ព្រោះរូបភាពភរិយានិងកូនប្រុសស្រីទាំង៣នាក់ របស់លោក ត្រូវបានគេទម្លាយខ្ទេចខ្ទីគ្មានសល់។
ទើបថ្មីៗនេះ ខេមរៈ សិរីមន្ត បានបង្ហោះសារបំភ្លឺរឿងមានប្រពន្ធកូន៣នាក់នេះ…។
ខេមរៈ សិរីមន្ដ ធ្លាប់លេចថា មានប្រពន្ធនិងកូនប្រុសដល់ទៅ២នាក់ ដែលមានរូបរាងដូចតារាចម្រៀងរូបនេះបេះបិទ ហើយនៅពេលដែលសិរីមន្ដ ចេញម៉ូដសក់អី គឺកូនប្រុសរបស់អ្នកចម្រៀងរូបនេះបានកាត់តាមឲ្យដូចបេះបិទនិងឪពុករបស់គេតែម្ដង ទើបគេហៅកូនៗរបស់សិរីមន្ដ ថា ”អាដូចៗ” ស្របពេលដែលសិរីមន្ដ ព្យាយាមលាក់លៀមរឿងប្រពន្ធកូន៣នាក់នេះ ។
ប៉ុន្ដែការបិទបាំងរបស់តារាចម្រៀងល្បីរបស់ផលិតកម្មរស្មីហង្សមាស នៅពេលនេះ លែងមានប្រសិទ្ធិភាពដូចមុនទៀតហើយ ព្រោះថាថ្មីៗនេះ មានអ្នកដែលជិតស្និទ្ធជាមួយខេមរៈ សិរីមន្ដ បានទម្លាយរឿងតារាចម្រៀងរូបនេះមានប្រពន្ធកូនគ្មានសល់ឡើយ ដោយប្រភពនោះ បានឲ្យដឹងថា ភរិយារបស់សិរីមន្ដ ឈ្មោះផល្លី វ័យ៣០ឆ្នាំស្ដើង ហើយតារាចម្រៀងរូបនេះមានកូន៣នាក់ ប្រុស២ ស្រី១ ។
ប្រភពបានបន្ថែមទៀតថា ខេមរៈ សិរីមន្ដ ស្រលាញ់ប្រពន្ធកូនខ្លាំងណាស់ ដូចជាមុនពេលដែលចេញទៅច្រៀងសម្ដែងនោះ អតីតតារាចម្រៀងផលិតកម្មសាន់ដេ រូបនេះ បានឱបថើបកូនៗជាមុន ហើយភរិយារបស់លោក គឺសិរីមន្ដ មិនឲ្យធ្វើការអីទេ គឺទុកឲ្យតែនៅផ្ទះមើលថែកូនទាំង២ប៉ុណ្ណោះ។
អ្នកយកព័ត៌មានយើងបានទូរស័ព្ទជាច្រើនលើកទៅលេខទូរស័ព្ទដែលសិរីមន្ដ ដែលធ្លាប់ទាក់ទងបានកន្លងមក តែពេលនេះ តេមិនចូលឡើយ ព្រោះតារាចម្រៀងហង្សមាសរូបនេះ បានបិទចោលតែម្ដង។ ចំណែកលោកខេមរៈ ភារុណ ដែលជាបងប្រុសសិរីមន្ដ នោះ និយាយថា លោកគ្មានការភ្ញាក់ផ្អើល ឬចង់ទប់ស្កាត់ដំណឹងទាំងនោះឡើយ ។
បងប្រុសសិរីមន្ដ បញ្ជាក់ថា ”បើនិយាយទៅ យើងមិនអាចទប់ស្កាត់រឿងនេះបានទេ គេនិយាយអីនិយាយទៅ ព្រោះការចុះផ្សាយទាំងនោះជារបររកស៊ីរបស់គេ។ ខ្ញុំនិងសិរីមន្ដ មិនខ្វល់រឿងទាំងនោះទេ គ្រាន់តែខ្ញុំសូមច្រានចោលចំពោះការលេចឮទាំងនោះ ព្រោះវាមិនមែនជាការពិតផង”។
ប៉ុន្តែនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ គណនីហ្វេសប៊ុក ដែលមានឈ្មោះ Khemrak sereymun ដែលគេស្គាល់ថាជាគណនីរបស់លោកខេមរៈ សិរីមន្ត បានបង្ហោះសារថា “ខ្ញុំបាទខេមរៈសិរីមន្តសូមជុំរាបជូនបងប្អូនទាំងអស់គ្នាកុំអោយមានភាន់ច្រឡំតទៅទៀត:
ខ្ញុំបាទបានរាបអាពាហ៍ពិពាហ៍កាលពីឆ្នាំ2009នឹងមានកូនៗចំនួនបីនាក់ហើយសូមបងប្អូនមេត្តាជ្រាប: សូមអគុណចំពោះការយកចិត្តទុកដាក់មកលើគ្រួសារយើងខ្ញុំ ជូនពរដល់បងប្អូនអោយមានសុខភាពល្អ រកសុីមានបាន នឹងមានសុភមង្គលគ្រប់ក្រុមគ្រួសារ សូមអគុណ!”។
តារាចម្រៀងមួយរូបដែលធ្លាប់ច្រៀងនៅផលិតកម្ម U2 ជាមួយខេមរៈសិរីមន្ដ បានបង្ហើបឲ្យដឹងថា សិរីមន្ដ ស្រលាញ់អ្នកនាងផល្លី តាំងពីច្រៀងនៅ U2 មកម្ល៉េះ ហើយបើទោះជាពេលនេះល្បីយ៉ាងណា ក៏នៅតែស្រលាញ់ប្រពន្ធម្នាក់ដែរ ចំណុចនេះហើយដែលមិត្តភក្ដិបានសរសើរសិរីមន្ត៕