ការភ្ជាប់ពាក្យជាចំហរបស់តារាចម្រៀងនី រតនា ជាមួយកូនស្រីអ្នកជំនួញ នាងហេង សុវណ្ណភក្ដិណា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នោះ ហាក់ជារឿងចៃដន្យមួយ ព្រោះថា ភ្លាមៗនោះបានធ្វើឲ្យតារាចម្រៀងខេមរៈ សិរីមន្ដ បានផ្លាស់ប្ដូរចិត្ត១៨០ដឺក្រេ ពីរឿងព្យាយាមលាក់ប្រពន្ធកូន បែរជាមកសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាមានប្រពន្ធនិងកូនមែន តែមិនមែនកូន២ ដូចគេថាទេ គឺកូន៣ ព្រោះលោកបានរៀបការប្រពន្ធតាំងពីឆ្នាំ២០០៩ម្លេះ។
មហាជននិងអ្នកសិល្បៈជាច្រើនបានសម្ដែងការហួសចិត្ត និងលើកឡើងថា ខេមរៈ សិរីមន្ដ ពិតជាកំពូលតារាចម្រៀង ហើយជាកំពូលអ្នកពូកែលាក់ប្រពន្ធកូនជាងគេដែរ ព្រោះព្យាយាមប្រកែកដល់ទៅ៩ឆ្នាំឯណោះ ហើយនៅទីបំផុត ពេលដែលរឿងរ៉ាវបែកធ្លាយទប់លែងជាប់ទៅហើយ បានសិរីមន្ដ គ្មានជម្រើសត្រូវបង្ខំចិត្តសារភាព និងទទួលស្គាល់រឿងមានប្រពន្ធកូន។ ប៉ុន្ដែអ្នកខ្លះបានលើកឡើងថា ការភ្ជាប់ពាក្យជាចំហរបស់អ្នកចម្រៀងក្រោមដំបូលតែមួយជាមួយខេមរៈ សិរីមន្ដ គឺលោកនី រតនា នោះ ក៏ជាដើមហេតុដែលធ្វើឲ្យសិរីមន្ដ រអៀសខ្លួន និងសុខចិត្តទទួលស្គាល់ថា ខ្លួនគេមានប្រពន្ធកូនដែរ ព្រោះថា រតនា មិនខ្លាចធ្លាក់កូដផង រឿងអីដែលលោកសិរីមន្ត ត្រូវនៅលាក់លៀមរឿងប្រពន្ធកូនហ្នឹងដល់ណាទៀត?
នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ ដែលរៀបចំឡើងដោយក្រុមហ៊ុនហង្សមាស នោះ បានភ្ជាប់ពាក្យជាមួយនាងហេង សុវណ្ណភក្ដិណា កាលពីថ្ងៃទី២៧ ខែមសា ដែលឪពុកក្មេករតនា ឈ្មោះហេង សុវណ្ណ ជាម្ចាស់ក្រុមហ៊ុនមង្គលសុវណ្ណ ត្រេឌីង និងជាអគ្គនាយកស្ថានីយវិទ្យុមង្គល សុវណ្ណ។ ប៉ាក្មេកនី រតនា ក៏ជាអ្នកជំនួញនាំចូលផលិតផលថែរក្សាសម្រស់សុខភាព និងជីសរីរាង្គ អាក្រូសូល រួមទាំងនាំចូលផលិតផលរក្សាសម្រស់ WOMEA ពីជប៉ុន ហើយរតនា និងគូដណ្ដឹង ជាអ្នកតំណាងក្នុងការផ្សព្វផ្សាយផលិតផលទាំងនេះដែរ។
ជុំវិញរឿងនី រតនា ទើបកាន់ពានថ្មីៗច្រៀងទើបល្បីបានតែ១បទ ”មហាឈឺ” ស្រាប់តែប្រញាប់រកប្រពន្ធលឿនដូចផ្លេកបន្ទោរនេះ ត្រូវបានអ្នកសិល្បៈ និងថ្នាក់ដឹកនាំហង្សមាស មួយចំនួន មានការភ្ញាក់ផ្អើលមិនតិចឡើយ ប៉ុន្តែពួកគេគាំទ្ររតនា ដែលហ៊ានភ្ជាប់ពាក្យជាចំហរ ប្រសើរជាងរៀមច្បង ខេមរៈ សិរីមន្ដ ព្រោះថា រតនា បានជួបអ្នកស្រលាញ់ទៅហើយ បើមិនភ្ជាប់ពាក្យនិងរៀបការនោះទេ ថ្ងៃក្រោយអាចនឹងមានវិប្បដិសារៈ បើសិនជានាងសុវណ្ណភក្ដិណា រៀបការជាមួយអ្នកផ្សេង។ ប៉ុន្ដែអ្នកខ្លះទៀតបានលើកឡើងថា នី រតនា ដឹងពីសមត្ថភាពខ្លួនឯងថាល្បីបានតែប៉ុណ្ណឹង ទោះយកប្រពន្ធ ឬមិនទាន់យកប្រពន្ធ ក៏មិនអាចឡើងផុតពីចំណុចនេះឡើយ ទើបមានឱកាសហើយ ត្រូវតែក្ដាប់ឱកាសរៀបការជាមួយកូនអ្នកជំនួញ នៅដើមឆ្នាំ២០១៩ខាងមុខនេះហើយ៕