អ្នកនាងគង់ សុជាតិ ដែលបានស្ពាយបង្វេចចេញពីទូរទស្សន៍ MyTV ចូលទៅជ្រកកោននៅក្រោមដំបូលទូរទស្សន៍ហង្សមាស ជិតកាយាស្វាមីក្មេង លោកជា វិបុល នោះស្រាប់តែពេលនេះកំពុងតែពិបាកប្រឈមជាមួយប្ដីខ្លាំងឡើងៗព្រោះថា លោកវិ បុល បានរំអុកអ្នកនាងសុជាតិ ជារៀងរាល់រាត្រីថា ចង់បានកូនប្រុសភ្លោះនៅឆ្នាំ២០១៨នេះ ដែលធ្វើឲ្យសុជាតិ ដែលធ្លាប់តែប្រកែកក្នុងការពពោះកូនទី២ជាមួយលោកវិបុល នោះ ពិបាកច្រានចោលសំណើប្ដីជាថ្មីម្ដងទៀត។
គង់ សុជាតិ ថ្លែងប្រាប់អ្នកកាសែតថា អ្នកនាងមិនលាក់លៀមទេ គឺពេលនេះ លោកជា វិបុល កំពុងតែរំអុកខ្ញុំរាល់ថ្ងៃ ចង់បានកូនភ្លោះឡើងញ័រទៅហើយ មិនដឹងជាធ្វើម៉េចទេខ្ញុំ។
គង់ សុជាតិ និយាយាលាយឡំសំណើចថា” លោកប្ដីចង់បានកូនភ្លោះខ្លាំងណាស់ មកចង់ឯណា ធ្វើបាបឯងឲ្យពរម្ដងដល់ទៅ២ អាងតែខ្លួនឯងជាប្រុសហ្នឹង មិនគិតគេស្រីពិបាក… (សើច)។ ឥឡូវខ្ញុំមិនដឹងជាធ្វើម៉េចទេហ្នឹងបើគាត់ (វិបុល) ចង់បានកូនម្លឹងៗនោះ។ ចាំមើលទៅមុខតិចទៀតសិន ក្រែងអាចបំពេញបំណងប្ដីបាន”។
ការថ្លែងរបស់អ្នកនាងគង់ សុជាតិ បែបនេះ នាំឲ្យតារាដែលទៅចូលរួមកម្មវិធីឡើងផ្ទះលោកអាឡិច ចាន់ត្រា បានជំរុញឲ្យអ្នកនាងព្រមទទួលសំណើស្វាមីទៅ ដើម្បីកុំឲ្យប្ដីអន់ចិត្តប្រយ័ត្នតែទៅរកស្រីផ្សេងហ្នឹង នាំតែទឹកភ្នែកឥឡូវហើយ។ ប៉ុន្ដែអ្នកនាងគង់ សុជាតិ ហាក់នៅស្ងៀមពេលដែលឮអ្នកសិល្បៈជំរុញបែបនេះ ព្រោះថា ការយកកូនភ្លោះក៏ល្អម្យ៉ាងដែរសម្រាប់អ្នកនាងដែលមានវ័យច្រើនបន្ដិចបែបនេះ ព្រោះមិនបាច់ពិបាកពពោះច្រើនដងទៀត គ្រាន់តែអ្នកនាងសុជាតិ រារែកចិត្តថា ទើបចូលហង្សមាស មិនទាន់បានប៉ុន្មានថ្ងៃផង ថៅកែហង្សមាស កំពុងតែត្រៀមឲ្យកាន់កម្មវិធីជាច្រើន ស្រាប់តែពេលនេះប្ដីចង់បានកូនភ្លោះ ហើយបើតម្រូវតាមចិត្តប្ដីពេលនេះ ប្រាកដជាត្រូវពពោះហើយបាត់មុខពីកញ្ចក់ទូរទស្សន៍ម្ដងទៀតមួយរយៈធំជាមិនខាន។
លោកជា វិបុល និយាយដោយអឹមអៀនប្រាប់អ្នកកាសែតថា លោកពិតជាស្រលាញ់ចង់បានកូនភ្លោះប្រុសខ្លាំងណាស់ អីចឹងហើយបានជាមានការសំណូមពរពីប្រពន្ធទាំងយប់ថ្ងៃនោះ ព្រោះលោកស្រលាញ់កូនក្មេង ចង់បានបីប្រលែងលេង។ តែលោកវិបុល ថា ទោះជាចង់បានឡើងញ័រខ្លួនយ៉ាងណា តែបើភរិយាមិនយល់ព្រមនោះ គឺមិនអាចធ្វើទៅបានឡើយ ហើយលោកក៏មិនអាចបង្ខិតបង្ខំភរិយាថាត្រូវតែពពោះកូនប្រុសភ្លោះឲ្យបង បើមិនអីចឹងទេ បងឈប់ស្រលាញ់ហើយ នោះទេ គឺចាំមើលទៅ លើពេលវេលាអំណោយផលសិន។
គង់ សុជាតិ បានលែងលះអតីតប្ដីលោកម៉ៅ សាល់ភាព បន្សល់ចំណងដៃកូន២នាក់ គឺប្រុស១ ស្រី១ ដែលមានវ័យជិតកំលោះក្រមុំទៅហើយ។ ពិធីការិនីជើងចាស់រូបនេះបានដឹកដៃលោកជា វិបុល រៀបការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយពេលនេះទទួលបានចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាតឈ្មោះជា សុជាតិនារី ហៅដូរី អាយុជិត១ឆ្នាំ។ អ្នកនាងសុជាតិ ថា នាងមានភាពកក់ក្ដៅខ្លាំងណាស់ តាំងពីចាប់ដៃលោកវិបុល មក ព្រោះស្វាមីនេះស្រលាញ់កូនៗមុនរបស់អ្នកនាងដូចជាកូនបង្កើតអីចឹង ហេតុនេះហើយបានជាអ្នកនាងតែងតែគិតថាពេលនេះ លោកវិបុល មិនមែនមានកូនស្រីតែ១ទេ គឺមានកូន៣បានត្រូវ ព្រោះកូនៗមុនរបស់អ្នកនាង គឺដូចជាកូនលោកវិបុល ដែរ។
គេកត់សម្គាល់ដែរថា ទោះជាមានវ័យខុសគ្នាបន្ដិចមែន តែចំណងស្នេហ៍អ្នកនាងគង់ សុជាតិ និងជា វិបុល មានសុភមង្គលល្អ និងរកស៊ីចេះតែកើនទ្រព្យទៅមុខជាលំដាប់។ អ្នកនាងគង់ សុជាតិ បានសង់ហាងរក្សាសម្រស់សុជាតិ ដ៏ធំនៅម្ដុំទួលគោក ដែលចំណាយលុយដល់ទៅ២លានដុល្លារ ហើយអ្នកនាងក៏ពង្រីកសាខាថ្មីដល់ទៅ២កន្លែងផ្សេងទៀតផងដែរ។ គង់ សុជាតិ ស្ថិតក្នុងចំណោមតារាខ្មែរ ដែលមានទ្រព្យច្រើន មានដូចជាព្រាប សុវត្ថិ , ចា រិទ្ធី , ខេមរៈ សិរីមន្ដ , ឆាយ វីរៈយុទ្ធ , យុគ ចិន្ដា និងខាត់ សុឃីម ជាដើម តែអ្នកនាងសុជាតិ មិនដែលអួតអាងឡើយ។ សុជាតិ ក៏ស្ថិតក្នុងចំណោមតារា៣ដួង ដែលបានប្ដីក្មេងដែរ គឺអ្នកនាងខាត់ សុឃីម និងឆ័យលី ដាឡែន។ ដោយឡែកកាលពីពេលថ្មីៗនេះ អ្នកនាងគង់ សុជាតិ ដែលកាន់ដៃប្ដីជា វិបុល ជាង៥ឆ្នាំនេះ ហាក់មានអារម្មណ៍ច្របូកច្របល់ជាលើកទី១ ព្រោះតែមានពាក្យចចាមអារ៉ាមថា លោកវិបុល លួចទៅបង្កាត់ភ្លើងស្នេហ៍ជាមួយពិធីការិនីជាដៃគូ នាងកែវ ចាន់និមល ហើយបើទោះជាត្រូវទាំងសងខាងច្រានចោលក្ដី ក៏អ្នកនាងសុជាតិ ហាក់មិនទាន់ជ្រះថ្លាឡើយ៕