Sunday, November 17, 2024
Homeតារាខ្មែរតូតា លក់សិទ្ធធ្វើអាជីវកម្ម ខណៈសម្ពោធហាងទី៤ នឹងសង់សង់ផែសមុទ្រនៅខេត្តកំពត

តូតា លក់សិទ្ធធ្វើអាជីវកម្ម ខណៈសម្ពោធហាងទី៤ នឹងសង់សង់ផែសមុទ្រនៅខេត្តកំពត

តារាសម្ដែងម៉ាក សែនសូនីតា (តូតា) បានបើកសម្ពោធហាង ”ផែសមុទ្រ” សាខាទី៤ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ដោយមានតារាល្បីៗមួយចំនួនចូលរួមអបអរសាទរផងដែរ។ទោះជាយ៉ាងណា ហាងថ្មីរបស់តូតា នេះ នាងគ្រាន់តែជាម្ចាស់ដើមប៉ុណ្ណោះ ព្រោះបានលក់ Franchise ទៅឲ្យអ្នកនាងសុខ សុជាតា ជាអ្នកគ្រប់គ្រងនិងរកស៊ីជាបន្ដនូវម៉ាកសញ្ញាផែសមុទ្រថ្មី នៅកណ្ដាលរាជធានីភ្នំពេញ នេះ។

តាមប្រភពបានឲ្យដឹងថា អ្នកស្រីសុជាតា បានចំណាយថវិការសាងសង់ និងបំពាក់ការតុបតែងហាងទាំងមូលឲ្យដំណើរការទៅបាន ដោយចំណាយថវិកាដល់ទៅ៩ម៉ឺនដុល្លារអេមេរិកឯណោះ ខណៈដែលតូតា ដែលជាអ្នកផ្ដល់សិទ្ធឲ្យអ្នកស្រីសុជាតា លក់បន្ដនោះ នឹងទទួលបានផលចំណេញដោយស្វ័យប្រវត្តិពីហាងផែសមុទ្រ ដែលនាងបានលក់សិទ្ធិទៅហើយនោះ។

ម៉ាក សែនសូនីតា បានឲ្យដឹងថា ”ខ្ញុំពិតជាបានលក់ Franchise ហាងផែសមុទ្រទី៤នេះមែន តែគុណភាពហាងរស់ជាតិម្ហូបទាំងឡាយរបស់ផែសមុទ្រ គឺនៅតែរក្សាដូចហាងដើមរបស់យើងអីចឹង។ នេះជាហាងថ្មីដែលមានទីតាំងល្អណាស់​គឺនៅកណ្ដាលរាជធានី អីចឹងខ្ញុំសង្ឃឹមថា បងស្រីនឹងជោគជ័យជាមិនខាន ព្រោះថាហាងទាំង៣របស់ខ្ញុំដែលបានដំណើរការកន្លងមក គឺទទួលបានអតិថិជនច្រើនមកគាំទ្រ ទើបយើងឈានមកសម្ពោធហាងទី៤នៅរាត្រីនេះ។ សម្រាប់ខ្ញុំគិតថា ការដែលអតិថិជននិយមចូលមកញាំនៅហាងខ្ញុំកន្លងមក ព្រោះថាមុខម្ហូបយើងមានចុងភៅធ្វើឆ្ងាញ់ រស់ជាតិប្លែកពីគេ គឺដូចជាយើងយកគ្រឿងម្ហូបស្រស់ៗចេញពីសមុទ្រ អីចឹងហើយក្រោយសម្ពោធសាខាថ្មីទី៤នេះ ហើយយើងនឹងគ្រោងដំណើរការសាខាថ្មីទី៥ ក្នុងពេលឆាប់ៗខាងមុខនេះទៀត”។

គេឃើញមានតារារួមអាជីពដែលទៅចូលរួមអបអរសាទរតូតា​ សម្ពោធ​ និងលក់ Franchise ហាងថ្មីនេះ មានដូចជា អ្នកនាងយុគ ចិន្ដា, លី ម៉ារីណា , គៀត សុវណ្ណាឡាង , កាតុ , ពាក់មី និងលោកអែនឌី ជាដើម ខណៈដែលតូតា និងគូស្នេហ៍ លោកប៉ុល វិបូ ហៅនីត បានឈរចាំទទួលស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់បំផុត។

អ្នកនាងសុខ សុជាតា​ដែលជាម្ចាស់ហាងផែសមុទ្រ បន្ទាប់ពីទិញ Franchise ពីតូតា​នោះ បានឲ្យដឹងថា ”ខ្ញុំសង្ឃឹមថា ហាងនេះនឹងជោគជ័យ​ព្រោះថាទីតាំងអំណោយផលល្អណាស់ នៅកែងទីប្រជុំជន ហើយយើងមានលក្ខណៈពិសេសជាងហាងផ្សេងៗទៀតនៅក្បែរនេះ ម្យ៉ាងទៀតអាហារស្រស់ៗបែបនេះ ព្រមទាំងមានចុងភៅចំណានទៀត អីចឹងមិនជាបញ្ហាទេ។ សម្រាប់ហាងនេះខ្ញុំទិញ Franchise និងតម្លើងចេញជារូបរាងហាងនេះឲ្យបានដំណើរការ គឺចំណាយថវិការអស់ទឹកប្រាក់៩ម៉ឺនដុល្លារ ។ កន្លងមក ខ្ញុំនិងលោកប៉ុល វិបូរ ជាអ្នកស្គាល់គ្នាដែរ ព្រោះខ្ញុំក៏ធ្លាប់ធ្វើការនៅទូរទស្សន៍ CTN ជាមួយគាត់ដែរ ហើយខ្ញុំបានសិក្សាច្បាស់លាស់ទៅលើហាងផែសមុទ្រ គឺឃើញថាមានអតិថិជនគាំទ្រច្រើន អីចឹងហើយបានជាខ្ញុំទិញសិទ្ធិលក់បន្ដពីគាត់នេះ”។

ការដំណើរការផែសមុទ្រសាខាទី៤នេះ មិនទាន់គ្រប់គ្រាន់ឡើយសម្រាប់តូតា គឺនាងគ្រោងនឹងពង្រីកឲ្យបាន៨សាខាផ្សេងទៀត ដើម្បីឲ្យគ្រប់១២សាខានៅទូទាំងខណ្ឌទាំងអស់ ក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានព័ត៌មានថា តូតា ក៏សាងសង់ផែសមុទ្រធំជាងគេនៅខេត្តកំពត នៅលើផ្ទៃដី៣ហិកតា ដែលចំណាយទុនដល់ទៅ៣ទៅ៤លានដុល្លារអាមេរិក។

លោកប៉ុល វិបូរ ហៅនីត បានឲ្យដឹងដែរថា ”ជាការពិត ផែសមុទ្រ នៅខេត្តកំពត កំពុងតែសាងសង់ហើយ គឺមានកន្លែងកម្សាន្ដ រមនីយដ្ឋាន និងម្ហូបសមុទ្រស្រស់ៗ ដែលយើងធ្វើនៅលើផ្ទៃដី៣ហិកតា។ ការចំណាយទុនអាចចូលដល់ទៅ៣ទៅ៤លានដុល្លារ ហើយនឹងអាចដំណើរការនៅចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩ ខាងមុខនេះ។ ចំពោះការលក់ Franchise សាខាទី៤ ហាងផែសមុទ្រនេះ យើងអនុញ្ញាតឲ្យក្នុង១ខណ្ឌ មានតែផែសមុទ្រ១ទេ អីចឹងមានន័យថា ខណ្ឌណាមួយដែលយើងបានលក់ Franchise ហ្នឹងហើយ គឺខ្ញុំមិនអាចបើកមួយទៀតបានទេ។ គ្រប់សាខាផែសមុទ្រទាំងអស់ គឺម្ហូបត្រូវតែមានរសជាតិដូចគ្នា អីចឹងហើយបានជាយើងជោគជ័យនាពេលកន្លងមក”៕

RELATED ARTICLES