សុគន្ធ និសា ដែលគេសង្ស័យថាមានផ្ទៃពោះ ទើបជ្រុះតំណែង The Voice Kids Cambodia រដូវកាលទី២ កណ្ដាលទី ហើយត្រូវនាងសួស វីសា ឆក់យកបានសម្រេចនោះ នាំឲ្យមានព័ត៌មានថា តារាចម្រៀង២ដួងដែលជ្រកកោនក្រោមដំបូលតែមួយនេះ មិនត្រូវគ្នា ឬនិសា មានការអាក់អន់ចិត្តវីសា នោះ ស្រាប់តែអ្នកចម្រៀងល្បីទាំង២ដួងនេះ ដឹកដៃគ្នាឡើងច្រៀងលើឆាកតន្ដ្រីតែមួយ ក្នុងកម្មវិធីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់ ទេសចរណ៍អន្ដរជាតិ ២០១៨ FIVB លំដាប់ផ្កាយ២ នៅកម្ពុជា ដែលប្រារព្ធនៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី០៥ ខែឧសភា ។ សុគន្ធ និសា មានការគាំទ្រមធ្យម ខណៈដែលក្បាច់រាំនាងនៅតែបញ្ចេញគួរឲ្យចាប់អារម្មណ៍ជាងគេ ព្រោះធ្លាប់ជាតារាចម្រៀងស្រគត់ស្រគំម្នាក់ តែបានផ្លាស់ប្ដូរទាំងស្រុង ហើយនាងមានការតុបតែងខ្លួនបានស្អាតជានិច្ច បើទោះជាមានស្វាមីមែន តែរូបសម្រស់នោះ គឺមិនមានការធ្លាក់ចុះឡើយ។ និសា ហាក់មិនបានបង្ហាញភាពក្រៀមក្រំឲ្យគេឃើញក្រោយបាត់តំណែងជាគ្រូបង្វឹកនោះឡើយ គឺនាងមានតែរីករាយដូចសព្វដង អីចឹងហើយតារារួមអាជីពបានបង្ហើបឲ្យដឹងថា និសា មិននិយាយអ្វីទាំងអស់ រឿងត្រូវហង្សមាស ដកចេញពីកម្មវិធីនោះ បើទោះជាត្រូវគេសួរនាំយ៉ាងណាក៏ដោយ។
ដោយឡែក ម្ចាស់បទ ”វាសនាបុប្ផាស្វាយរៀង” នាងសួស វីសា បង្ហាញទឹកមុខដោយភាពរីករាយខ្លាំងណាស់ គឺញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលឡើងលើឆាក Anchor International Beach Volleyball 2-Star FIVB World Tour នេះហើយ អតីតអ្នកចម្រៀងផលិតកម្ម Rock នេះ មានក្បាច់រាំកាន់តែសាហាវជាងមុន ថែមទាំងថាច្រៀងរាំមិនចេះហត់ទៀតផង នៅពេលដែលឃើញអ្នកមកទស្សនាណែនមុខឆាកនោះ។
សួស វីសា និយាយទាំងចង់ស្រក់ទឹកភ្នែកថា នាងរំភើបខ្លាំងពេលដែលបានតំណែងជាគ្រូបង្វឹក The Voice Kids Cambodia នោះ ព្រោះតែមិននឹកស្មានថា ត្រូវក្រុមហ៊ុនប្រគល់កិច្ចការធំ និងផ្ដល់ទំនុកចិត្តដល់នាងបែបនេះឡើយ ហើយនាងនឹងខិតខំបញ្ចេញសមត្ថភាពឲ្យអស់ជូនកុមារតូចៗដែលចង់ក្លាយទៅជាតារាចម្រៀង។
ក្រៅពីអាចបន្សាបដំណឹងថា សុគន្ធ និសា និងសួស វីសា មិនសូវត្រូវគ្នា នៅពេលដែលតារាទាំង២ដឹកដៃគ្នាជាន់លើឆាកតន្ដ្រីតែមួយនោះ អ្នកចម្រៀងស្រីទាំង២ដួងនេះក៏ផ្ញើសារជំរុញឲ្យបងប្អូនចូលរួមហាត់កីឡាឲ្យបានច្រើន ដើម្បីសុខភាពល្អផងដែរ ហើយនិសា និងវីសា ក៏ជំរុញលើកទឹកចិត្តក្រុមកីឡាករបាល់ទះលើឆ្នេរខ្សាច់ ដែលមកពី១៧ប្រទេសផ្សេងគ្នានោះផងដែរ។
ក្រៅពីសុគន្ធ និសា និងសួស វីសា ដែលបង្ហាញមុខរួមគ្នានោះ កម្មវិធីប្រគំតន្ដ្រីរាត្រីថ្ងៃទី២នោះ ក៏មានការចូលរួមពីតារាចម្រៀងប្រុស២ដួងផ្សេងទៀត របស់ហង្សមាស គឺលោក Step និងនីកូ ដែលធ្វើឲ្យព្រឹត្តិការណ៍នោះកាន់តែមានការទាក់ទាញជាមួយការរាំច្រៀងរបស់អ្នកចម្រៀងល្បីៗ ប្រៀបបានឈរសម្ដែងនៅលើកប៉ាល់ដែលចតសំកាំងលើឆ្នេរកោះពេជ្រ អីចឹង ។
គេកត់សម្គាល់ថា តារាចម្រៀងប្រុសទាំង២ដួង លោកសុខ វិបុលហៅ Step និងណុប សម្បត្តិនីកូ ហៅនីកូ នោះមានក្បាច់រាំ និងសន្ទុះមិនចាញ់គ្នាឡើយ ដែលធ្វើឲ្យក្រមុំៗនៅកោះពេជ្រ ជាច្រើនបានជ្រួលជ្រើម ហើយថាពួកគេច្រឡំអ្នកចម្រៀងកូរ៉េទៀតផង តែលោក Step ហាក់មានប្រៀបជាងនីកូ ព្រោះត្រូវហង្សមាស លើកជាតួឯករឿង ”បិសាចគួរឲ្យស្រលាញ់” មក មានគេស្គាល់ច្រើន ខណៈដែលនីកូ ល្បីបទ ”ចូកមួយ”៕