ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលថែមទៀត សម្រាប់តារាចម្រៀងខេមរៈ សិរីមន្ដ នៅព្រឹកមិញនេះ បានបណ្ដើរប្រពន្ធ អ្នកនាងផល្លី ទៅជួបសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឲ្យទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការមួយចំនួន មានការភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះថានេះគឺជាលើកទី១ហើយដែលសិរីមន្ដ បានផ្ដល់កិត្តិយសឲ្យប្រពន្ធមានឱកាសជួបជាមួយថ្នាក់ដឹកនាំបែបនេះ។ ប្រពន្ធខេមរៈសិរីមន្ដ ញញឹមបិទមាត់មិនជិតឡើយ ពេលដែលបានឈរថតជាមួយប្ដី លោកសិរីមន្ដ ក្នុងកម្មវិធីកាកបាទក្រហមកម្ពុជា ថតរូបជាមួយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នោះ។
ខេមរៈ សិរីមន្ដ ថ្លែងសារថា ”ការជួយគ្នាទៅវិញទៅមក គឺជាតួនាទីរបស់យើងទាំងអស់គ្នា ថ្ងៃនេះខ្ញុំនិងភរិយារីករាយណាស់ដែលបានចូលរួមថវិកាជាមួយសម្ដេច និងកាកបាទក្រហមកម្ពុជានៃយើង”។
ខេមរៈ សិរីមន្ដ ថែមទាំងបានឱបសម្ដេចតេជោ ហ៊ុន សែន ទៀតផង ខណៈភរិយាលោកឈរជិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយទឹកមុខរីករាយ។
គួរបញ្ជាក់ថា ការដែលខេមរៈ សិរីមន្ដ ចាប់ផ្ដើមក្លាហានហ៊ានបណ្ដើរប្រពន្ធ អ្នកនាងផល្លី ជាសារធារណៈបែបនេះ គឺក្រោយពេលដែលអ្នកចម្រៀងហង្សមាស រូបនេះ ទប់លែងជាប់តទៅទៀត រឿងមានប្រពន្ធនិងកូននោះ ក្រោយព្យាយាមប្រកែកអស់៩ឆ្នាំ។ដោយសារខ្លាចមានការរិះគន់ជុំទិសទី កាន់តែពិបាកប្រឈមទៀត ទើបមុននេះ សិរីមន្ដ បានសារភាពថា ខ្លួនគេមានប្រពន្ធនិងកូនដល់ទៅ៣នាក់ទៅហើយ ដែលបានរៀបការតាំងពីឆ្នាំ២០០៩។ ការថ្លែងបែបនេះរបស់សិរីមន្ដ ធ្វើឲ្យមហាជនគ្រប់គ្នាហួសចិត្ត ព្រោះតែកន្លងមក សិរីមន្ដ ធ្លាប់តែប្រកែកញ៉ាញរឿងគេសង្ស័យជាយូរមកហើយថា មានប្រពន្ធកូននោះ ហើយតារាល្បីរូបនេះថែមទាំងនិយាយដោយតូចចិត្តទៀតថា គឺពិតជាពិបាកខ្លាំងណាស់ ព្រោះថាគ្រាន់តែរូបគេអង្គុយលេងជិតក្មួយៗ ដែលជាកូនប្រុសរបស់បង លោកខេមរៈ ភារុណ នោះ ក៏គេថាក្មេងៗនោះជាកូនដែរ។ តែការបកអាក្រាតសិរីមន្ដ ពីអ្នកលេងបណ្ដាញសង្គម ដោយនិយាយចំៗពីប្រពន្ធកូនសិរីមន្ដ នោះ ទីបំផុត សិរីមន្ដ ព្រមចុះចាញ់ ហើយថា លោកមានប្រពន្ធនិងកូន៣មែន។ ប៉ុន្ដែការសារភាពរបស់ខេមរៈសីរីមន្ដ នេះ ក៏ធ្វើឲ្យលោកត្រូវព្រនង់របស់តារាចម្រៀងលោកម៉ៃ សុគន្ធ ធ្ងន់ធ្ងរដែរ ព្រោះតែលោកសុគន្ធ ដែលតែងហៅសិរីមន្ដ ថា ចាស្ទីនកូពី នោះ បានដៀលសិរីមន្ដ ចំៗថា តាមពិតអ្នកចម្រៀងរូបនេះចង់លាក់រឿងប្រពន្ធកូនហ្នឹងតទៅទៀតណាស់ តែមិនអាចធ្វើបានទៀតទេ ព្រោះគេគាស់កកាយអស់ទៅហើយ អីចឹងបានជាព្រមសារភាពហ្នឹង។
ទោះជាយ៉ាងណា មហាជននៅតែបង្ហាញអារម្មណ៍ថា ពួកគេនៅគាំទ្រតារាចម្រៀងរូបនេះដដែល បើទោះជាកុហកគេឯងឡើងវិលក្បុងអស់ថា អត់មានប្រពន្ធយូរឆ្នាំហើយ ប៉ុន្តែពេលនេះបែរជាព្រមទទួលស្គាល់ថា មានប្រពន្ធមែនក្ដី គឺគេនៅតែចូលចិត្តស្ដាប់បទចម្រៀងសិរីមន្ដ។
យ៉ាងណា ទស្សនិកជនរង់ចាំមើលថា ក្រោយពេលដែលសិរីមន្ដ បណ្ដើរប្រពន្ធជាសារធារណៈនៅពេលនេះហើយ តើតារាកូន៣រូបនេះនឹងហ៊ានរៀបការជាចំហរដូចតារាល្បីៗដទៃទៀតដែរឬទេ? ព្រោះថាការអះអាងរបស់សិរីមន្ដ ថា ខ្លួនបានរៀបការកាលពីឆ្នាំ២០០៩នោះ មិនត្រូវបានគេជឿជាក់ឡើយ ដោយសារសូម្បីតែរូបថតសិរីមន្ដ រៀបការជាមួយអ្នកនាងផល្លី មិនទាន់ត្រូវបានអ្នកចម្រៀងរូបនេះហ៊ានបញ្ចេញនៅឡើយ៕