លោកថៃ ប៊ុននាង ដែលជាតារាសម្ដែងភាពយន្ដ និងជាកូនប្រុសរបស់លោកស្រីថុង ស៊ីវឡេង ជាថៅកែផលិតកម្មចក្រវាឡពេជ្រភាពយន្ដនោះ បានប្រារព្ធធ្វើកម្មវិធីខួបកំណើតគម្រប់អាយុ៣២ឆ្នាំ នៅហាងវីហ្វេ្រនបឹងត្របែក ដែលមានតារាល្បីៗជាច្រើនបានចូលរួម តែក្នុងនោះគេឃើញមានតារាភេទទី៣ បែរជាលេចមុខច្រើនយ៉ាងសន្ធឹកសន្ធាប់ទៅវិញ។ ដោយឡែក ថៃ ប៊ុននាង ផ្ទាល់ បានគ្រងឈុតបុរាណក្នុងថ្ងៃប្រារព្ធខួបកំណើតរបស់ខ្លួនដែលខុសប្លែកពីតារាដទៃទៀត ចូលចិត្តតែពាក់អាគ្រ័រសេក្នុងថ្ងៃពិសេសនោះ ហើយប៊ុននាង បានដើរទៅស្វាគមន៍ភ្ញៀវគ្រប់តុក្នុងសម្លៀកបំពាក់ចងក្បិននោះ គឺពិតជាប្លែកជាងតារាដទៃទៀតដែលប្រារព្ធខួបដូចគ្នាមែន។
ចំណែកលោកម៉ាដូណា ហៅសេះ ដែលលេចមុខទៅអបអរសាទរក្នុងថ្ងៃខួបកំណើតរបស់ថៃ ប៊ុននាង នោះដែរ ហាក់មិនខ្វល់ក្វាយពីម្ចាស់កម្មវិធីដែលឈរនៅពីមុខនំខេក បួងសួងដែលមានតារាឈរជុំជិតនោះឡើយ គឺលោកដូណា បែរជាគិតតែពីឱបថើបប្រុសក្មេងប្រឡេះមិនចង់ចេញឡើយនៅកណ្ដាលហ្វូងភ្ញៀវនោះ។
គេក៏ឃើញមានវត្តមានលោកឧកញ៉ាតូនី អញ្ជើញចូលរួមដែរ ដែលធ្វើឲ្យលោកប៊ុននាង រីករាយខ្លាំង ព្រោះថាគ្រប់ភ្ញៀវទាំងអស់ដែលចូលរួម គឺសុទ្ធតែជូនពររូបគេឲ្យមានឈ្មោះល្បីល្បាញខ្លាំងក្នុងអាជីពសិល្បៈបន្ដទៀត។
ថៃ ប៊ុននាង បានគ្រងជាតំណែងតួឯកជាច្រើនរឿងមកហើយរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្ដ ហើយការធ្វើខួបកំណើតវិញក៏ប្រារព្ធសឹងរាល់ឆ្នាំដែរ។ ប៉ុន្ដែភ្ញៀវដែលចូលរួមឆ្នាំនេះ មានការស្រឡាំងកាំង ព្រោះថាតារាភេទទី៣មកច្រើនជាងភ្ញៀវធម្មតា ហើយភាគច្រើន គឺពួកគេឱបថើបគ្នាពេញហាង V-Friend តែម្ដង គឺមិនខ្វល់ពីភ្ញៀវនៅជុំវិញខ្លួនទាល់តែសោះ ដែលធ្វើឲ្យលោកប៊ុននាង ជាម្ចាស់ខួបនិយាយមិនចេញឡើយ ព្រោះថាលោកហៅទៅខួបកំណើត មិនមែនហៅឲ្យទៅឱបថើបគ្នាពេញតែហាងបែបនោះទេ៕