ស្របពេលដែលមេឃកំពុងតែបង្អុរភ្លៀងធ្លាក់ខ្លាំងនោះ នៅមុខផ្សារសុវណ្ណា ស្រាប់តែលេចមុខស្ដេចហនុមានបញ្ចេញរិទ្ធិ ផ្អើលអស់អ្នកដំណើរ ហើយបានធ្វើឲ្យអាជីករនាំគ្នាមកមើល និងថតរូបជាមួយលោកជាបន្ដបន្ទាប់ ខណៈដែលមេឃក៏លែងភ្លៀង ត្រូវអ្នកអត្ថាធិប្បាយអះអាងថា នោះមកពីបារមីនៃស្ដេចហនុមាន។
តារាដែលតែងខ្លួនជាហនុមាននោះ គឺត្រូវបានគេដឹងថា គឺលោកលន់ ឯក ចំណែកស្រីស្អាតដែលហែហមអមដំណើរតោងហនុមាន ដល់ផ្សារសុវណ្ណា នោះ គឺអ្នកនាងយ៉ង់លីកា និងកែវ សុវណ្ណនី ដែលអ្នកទាំង៣គ្រងឈុតជាតួឥណ្ឌា ដូចគ្នា ទើបធ្វើឲ្យផ្អើលអស់អ្នកដើរផ្សារ ហើយពួកគេលាន់មាត់ថា ”យី!ចុះហនុមានហោះមកពីឥណ្ឌា យ៉ាងម៉េចបានមកដល់ផ្សារសុវណ្ណា?”។
លោកលន់ ឯក ដែលគ្រងឈុតឥណ្ឌា និងជាតួតំណាងឲ្យស្ដេចហនុមាន នោះ បានប្រាប់ឲ្យដឹងថា “ការហោះមកដល់ផ្សារសុវណ្ណា នាពេលនេះ គឺជាយុទ្ធនាការមួយដើម្បីឃោសនាខ្សែភាពយន្ដ រឿង ”សង្គ្រាមមហាទេពស្ដេចហនុមាន” ដែលរឿងនេះកំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ហើយដើម្បីឲ្យបងប្អូនចាប់អារម្មណ៍រឿងនេះកាន់តែខ្លាំងថែមទៀត ទើបលោកនិងតារា២ដួងទៀត គ្រងសុទ្ធតែឈុតឥណ្ឌា ផ្អើលអស់អ្នកដំណើរដែលមកដើរផ្សារនេះ។
លោកលន់ ឯក រៀបរាប់ថា ”រឿង ”សង្គ្រាមមហាទេពស្ដេចហនុមាន” នេះ កំពុងតែល្បីល្បាញនៅប្រទេសឥណ្ឌា និងប្រទេសថៃ ហើយរឿងនេះកំពុងចាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ ផងដែរ ចាប់ពីថ្ងៃអង្គារ ទី០១ ខែឧសភា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ ពីម៉ោង១១ដល់១២ថ្ងៃត្រង់ ហើយនេះជាមហាវណ្ណកម្មដ៏ល្បីល្បាញបំផុតប្រចាំសម័យកាល។ ខ្ញុំនិងអ្នកនាងយ៉ង់ លីកា និងកែវ សុវណ្ណនី មានភាពសប្បាយរីករាយ ដែលត្រូវប៉ុស្ដិ៍លេខ៥ ជ្រើសឲ្យផ្សព្វផ្សាយរឿងដ៏ល្បីរបស់ឥណ្ឌា នេះ”។
ដោយឡែក អ្នកនាងយ៉ង់លីកា និងកែវ សុវណ្ណនីក៏បានបង្ហាញអារម្មណ៍រីករាយផងដែរ នៅពេលដែលត្រូវបានអ្នកដើរផ្សារ សុំថតរូបជាមួយ ហើយហៅអ្នកទាំង២ថា ”ដូចតួឥណ្ឌា” នោះ។
ក្រៅពីលេចមុខនៅផ្សារសុវណ្ណា នោះ លោកហនុមាន និងស្រីស្រស់២ដួង អមដំណើរនោះក៏ហោះទៅឃោសនារឿង ”សង្គ្រាមមហាទេពស្ដេចហនុមាន” នៅផ្សារកណ្ដាល, តាខ្មៅ, ស្ទឹងមានជ័យ , ផ្សាររាត្រី និងផ្សារកុងតឺណឺរ ផងដែរ៕