ភ្នំពេញ ៖ តារាសម្តែងស្រី និងជាពិធីការិនីរូបស្រស់ កញ្ញាហ៊ិន ច័ន្ទនីរ័ត្ន និងតារាសម្តែងប្រុសជើងចាស់ លោកហម ឈរ៉ា ត្រូវបានទទួលការតែងតាំងជាទូតសុច្ឆន្ទៈរបស់គណៈកម្មការផលិតទូកងវែងជាងគេ ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដោយទូតទាំង២រូបនេះ គឺជាតំណាងផ្លូវការក្នុងការជួយកៀរគរ ស្វែងរកការគាំទ្រកម្មវិធីផលិតទូកង ក៏ដូចជាផ្សព្វផ្សាយព័ត៌មាននានា អំពីកម្មវិធីផលិតទូកងទៅសាធារណជនទូទៅ តាមប្រព័ន្ធសារព័ត៌មាន បណ្តាញសង្គម ឬកម្មវិធីផ្សេងៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ចេញផ្សាយថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មានកិត្តិយសសូមគោរពជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណជនទូទៅ មេត្តជាជ្រាបថា ៖ ទូកង របស់ខ្មែរដែលមានប្រវែងវែងជាងគេលើពិភពលោក (៨៥,៥០ ម៉ែត្រ) កំពុងដំណើរការផលិតនៅតំបន់ចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង ហើយដែលគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងខែកក្កដា ឆ្នាំ២០១៨។
កម្មវិធីផលិតទូកនេះ រៀបចំក្នុងគោលបំណង (១) រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូកង របស់ខ្មែរតាំងពីបុរាណ ក៏ដូចជារំលឹកឡើងវិញនូវស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ ជាពិសេសព្រះបាទជ័យវរ្ម័នទី៧ ដែលបានប្រើប្រាស់ទូកង ជាមធ្យោបាយមួយក្នុងការធ្វើសឹកសង្គ្រាមជាមួយសត្រូវ ការពារបូរណភាពទឹកដី (២) ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូល ឱ្យដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ និង (៣) ជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជន ជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា។
ដោយឈរលើស្មារតីរួមគ្នា ដើម្បីមោទនភាពជាតិ គណៈកម្មការផលិតទូកង បានសម្រេចតែងតាំងលោកហម ឈរ៉ា និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាទូតសុច្ឆន្ទៈរបស់គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ ទូតទាំង២រូបនេះ ជាតំណាងផ្លូវការក្នុងការជួយកៀរគរស្វែងរកការគាំទ្រកម្មវិធីផលិតទូកង ក៏ដូចជាផ្សព្វផ្សាយព័ត៌មាននានា អំពីកម្មវិធីផលិតទូកង ទៅសាធារណជនទូទៅតាមប្រព័ន្ធសារព័ត៌មាន បណ្តាញសង្គម ឬកម្មវិធីផ្សេងៗ។
អាស្រ័យដូចបានគោរពជម្រាមជូនខាងលើ សូមសេម្តេច ទ្រង់ ឯឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងសាធារណជនទូទៅ ម្តេតាជ្រាបជាព័ត៌មាន និងផ្តល់កិច្ចសហការគាំទ្រដល់ទូតសុច្ឆន្ទៈទាំងពីររូប ឱ្យបានទទួលជោគជ័យ ក្នុងការបំពេញភារកិច្ច ដូចបានគ្រោងទុក…។
ជាមួយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក៏បានចេញនូវសេចក្តីសម្រេចមួយផងដែរ ដោយបានតែងតាំងលោកហម ឈរ៉ា ជាទូតសុច្ឆន្ទៈ នៃគណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក ដែលក្នុងនោះទូតសុច្ឆន្ទៈ មានតួនាទី និងភារកិច្ចដូចខាងក្រោម ៖
– ស្វែងយល់អំពីកម្មវិធី និងដំណើរការផលិតទូកងវែងជាងគេឱ្យបានស៊ីជម្រៅ
– ចូលរួមគាំទ្រ និងស្វែងរកការគាំទ្រពីមជ្ឈដ្ឋាននានា ទាំងស្មារតី សម្ភារៈ និងថវិកា
– ចូលរួមកម្មវិធីនានាដុចជាសន្និសីទសារព័ត៌មាន រាត្រីសមោសរ ឬពិធីទទួលវិញ្ញាបនបត្រ
– ជួយផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីផលិតទូកង វែងជាងគេទៅសាធារណជនទូទៅ នៅតាមបណ្តាញសង្គម កម្មវិធីសិល្បៈ និងតាមទីសាធារណៈ៘
– បំពេញភារកិច្ចផ្សេងទៀត ដែលគណៈកម្មការប្រគល់ជូន….។
ដោយឡែក គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក បានចេញសេចក្តីជូនដំណឹងមួយ អំពីការជ្រើសរើសយុវជនស្ម័គ្រចិត្ត ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖
គណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក មានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅមេត្តាជ្រាបថា ៖ ក្នុងស្មារតីសាមគ្គីភាព និងការរួមចំណែកសកម្មភាពបង្ហាញទូកង ដើម្បីមោទនភាពជាតិខ្មែរ គណៈកម្មការផលិតទូកង សូមប្រកាសជ្រើសរើសយុវជនស្ម័គ្រចិត្ត ដូចតទៅ ៖
១- យុវជនស្ម័គ្រចិត្តសែងទូកដាក់ចូលទឹក ចំនួន៨០០នាក់
២- យុវជនស្ម័គ្រចិត្តដើរអមដង្ហែទូក ចំនួន១២៧នាក់
៣- យុវជនស្ម័គ្រចិត្តអុំទូក ចំនួន១០០នាក់
យុវជនស្ម័គ្រចិត្តទាំងអស់ ត្រូវមានលក្ខៈសម្បត្តិ និងលំនៅបច្ចុប្បន្នដូចខាងក្រោម ៖
– លក្ខណៈសម្បត្តិ ៖ ភេទប្រុស កំពស់យ៉ាងតិច១,៦៥ម៉ែត្រ អាយុ១៨-៤០ឆ្នាំ
-លំនៅបច្ចុប្បន្ន ៖ ខេត្តព្រៃវែង (ផ្តល់អាទិភាពដល់យុវជនមានលំនៅ នៅក្រុងពៃវែង ឬទីតាំងនៅជិតក្រុង ដើម្បីងាយស្រួលក្នុង ការទំនាក់ទំណងហ្វឹកហាត់) យុវជនដែលមានចំណាប់អារម្មណ៍ សូមអញ្ជើញមកចុះឈ្មោះចូលរួមនៅលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលមានទីតាំងនៅផ្លូវមាត់ទន្លេ ភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ និង ម៉ោង១និង៣០នាទី ដល់ម៉ោង៥ល្លាច។ កាលបរិច្ឆេទផុតកំណត់ទទួលចុះឈ្មោះ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច…៕