Sunday, November 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ បោះទុនធំវិនិយោគពុះដីឡូតិ៍លក់ មិនមានភាគហ៊ុនខ្ញុង និងគូស្នេហ៍

ព្រាប សុវត្ថិ បោះទុនធំវិនិយោគពុះដីឡូតិ៍លក់ មិនមានភាគហ៊ុនខ្ញុង និងគូស្នេហ៍

ព្រាប សុវត្ថិដែលធ្លាប់តែលេចមុខច្រៀងតាមឆាកតន្ត្រីធំៗ ហើយកំពុងតែល្បីល្បាញបទ “មាន់ស្រែបន្លែស្រស់” នោះ ស្រាប់តែកាលពីថ្ងៃទី០១ ខែមិថុនា តារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានលេចមុខក្នុងនាមជាម្ចាស់គម្រោងលក់ដីឡូតិ៍នៅភូមិពីងពង់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានធ្វើពិធីសែនក្រុងពលីបើកលក់ការពុះដីឡូតិ៍លក់ លើទំហំផ្ទៃដីជិត៣ហិកតារ។ ក្រៅពីធ្វើឱ្យមហាជនជាច្រើនបានចាប់អារម្មណ៍ទៅលើកំពូលតារាចម្រៀងព្រាប សុវត្ថិ ដែលងាកទៅធ្វើការវិនិយោគផ្នែកអចលនទ្រព្យ ដែលមានការបោះទុនរកស៊ីធំនេះ គេក៏ឃើញមានការចូលរួមពីតារាកំប្លែង CTN អ្នកនាងស្រេង   សុកាន់ដា ហៅខ្ញុង និងគូស្នេហ៍ នាយកៃដ ទៅបង្ហាញខ្លួនផងដែរក្នុងពិធីសែនក្រុងពលីនោះ ទើបមានការសង្ស័យថា តារាកំប្លែង នាងខ្ញុង និងនាយកៃដ បានចូលភាគហ៊ុនរកស៊ីលក់ដីឡូតិ៍នោះ ជាមួយលោកព្រាប សុវត្ថិ ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗ លោកព្រាប សុវត្ថិ បានឱ្យដឹងថា លោកពិតជាបានងាកមករកស៊ីផ្នែកអចលនទ្រព្យនោះមែន ព្រោះសម្លឹងមើលឃើញថា វិស័យនេះកំពុងមានការរីកចម្រើននៅប្រទេសកម្ពុជា ដែលមនុស្សកាន់តែច្រើនងាកទៅទិញដីធ្លី សម្រាប់សង់ផ្ទះនាពេលខាងមុខ។

លោកព្រាប សុវត្ថិ ជាមួយកូនប្រុសទាំង៣

តារាចម្រៀងល្បីល្បាញជាង២ទសវត្ស របស់ហង្សមាស និយាយយ៉ាងរួសរាយថា “ដីហ្នឹង យើងបានទិញថ្មីៗហ្នឹងដែរ ប្រហែល៣ខែមុនហ្នឹង ដែលយើងដាក់ឈ្មោះថា គម្រោងអភិវឌ្ឍន៍ “មហាព្រហ្ម”។ ដីហ្នឹងមានទំហំជិត៣ហិកតារ ហើយយើងពុះបានជាង៤០០ឡូតិ៍ ដែលជាទូទៅ ក្នុង១ឡូតិ៍មានទំហំ៥គុណ២០ មានតម្លៃ៣១០០ដុល្លារ ហើយអតិថិជនទាំងអស់បង់ត្រឹម៤០% មុនរួចអាចបង់រលស់១០០ដុល្លារ ប្រចាំខែ ដោយគ្មានការប្រាក់នោះទេ។ ដីហ្នឹងយើងចូលទៅតាមខ្លោងទ្វារវត្តធម្មបញ្ញាមហាព្រហ្ម ផ្លូវលេខ៥១ ហើយគ្រាន់តែយើងបើកលក់ភ្លាម យើងលក់ចង់អស់ទៅហើយ ព្រោះទីតាំងល្អហើយឆាប់ៗនេះ ប្រាកដជាមានប្រជាជនទៅរស់នៅទីនោះច្រើនជាមិនខាន។ ដីហ្នឹងយើងមានប្លង់រឹងឱ្យអតិថិជនហើយ ពេលគាត់បង់រួចហើយអាចសាងសង់ផ្ទះបានរស់នៅបានហើយ។ ខ្ញុំយល់ថា តម្លៃនេះសមរម្យសម្រាប់ប្អូនដែលមានការងារធ្វើ ប្រាក់ខែមធ្យម អាចមានលទ្ធភាពទិញដីហ្នឹង សម្រាប់សង់ផ្ទះបាន ហើយបងប្អូនធ្វើកម្មកររោងចក្រ ក៏អាចមានលទ្ធភាពទិញបានដែរ ព្រោះបង់ប្រចាំខែត្រឹម១០០ដុល្លារ គ្មានការប្រាក់នោះទេ។ ចំពោះអ្នកនាងខ្ញុង និងលោកកៃដ នោះ គាត់ជាអ្នកនៅខាងផ្នែកលក់ដីហ្នឹងខាងទីផ្សារ និងនាំភ្ញៀវ គាត់មិនបានចូលភាគហ៊ុនក្នុងដីខាងលើនេះទេ ហើយខ្ញុំសប្បាយចិត្តដែលបានគាត់ និងបុគ្គលិកផ្សេងៗទៀត ដែលជាទីផ្សារលក់ដីនេះសម្រាប់ជាទីទំនុកចិត្តរបស់អតិថិជនរបស់យើងទាំងអស់គ្នា”។

ព្រាប សុវត្ថិ មិនបានប្រាប់ថា លោកបោះទុនវិនិយោគជាទឹកប្រាក់ប៉ុន្មានឡើយ លើទំហំដីជិត៣ហិកតារនោះ តែតាមប្រភពថា ក្រោយបញ្ចប់គម្រោងពុះដីឡូតិ៍ ”មហាព្រហ្ម” នេះកំពូលតារាចម្រៀងរូបនេះ នឹងឈានទៅបើកគម្រោងថ្មីផ្សេងទៀតនៅពេលខាងមុខនេះ ហេតុនេះហើយបានជាអ្នកគាំទ្រ តារាចម្រៀងរូបនេះ និយាយថា Idol របស់ពួកគេក្លាយទៅជាថៅកែលក់ដីឡូតិ៍ទៅហើយ។ ចំណែកអ្នកខ្លះទៀតថា លោកព្រាប សុវត្ថិ ពិតជាអ្នកចម្រៀងមិនធម្មតាមែនេ ដាយគ្រងតំណែងជាអ្នកចម្រៀងប្រុសល្បីល្បាញជាងគេក្នុងយុគសម័យថ្មី រយៈពេល២១ឆ្នាំ (១៩៩៧-២០១៨) ហើយពេលនេះបានដើរមួយជំហានទៀត គឺរកស៊ីផ្នែកអចលនទ្រព្យស្របតាមទីផ្សាររបស់ប្រទេសកម្ពុជា កំពុងតែមានតម្រូវការ និងរីកចម្រើនលើវិស័យមួយនេះរយៈពេលចុងក្រោយនេះ អីចឹងមិនយូរទេ ព្រាប សុវត្ថិ នឹងល្បីទាំងចម្រៀងនិងការវិនិយោគលើផ្នែកអចលទទ្រព្យព្រមគ្នាតែម្តង។

តារាចម្រៀងហង្សមាស បន្ថែមថា “ចំពោះការបោះទុនប៉ុន្មានលើដីជិត៣ហិកតារនេះ ខ្ញុំសូមមិនទាន់ប្រាប់ទេ (សើច)។ យើងសប្បាយចិត្តដែលគម្រោង “មហាព្រហ្ម” នេះលក់ដាច់បានលឿនណាស់ ហើយក្រោយបញ្ចប់គម្រោងនេះ យើងនឹងឈានទៅសម្លឹងនៅទីតាំងផ្សេងៗបន្ថែមទៀត តាមដែលអាចធ្វើទៅបាន។ សម្រាប់ខ្ញុំជាសិល្បករម្នាក់ ខ្ញុំយល់ថា ផ្នែកអចលនទ្រព្យកំពុងតែមានភាពរីកចម្រើនសម្រាប់ប្រទេសយើង គឺផុសផុលមែនទែន អ៊ីចឹងហើយបានជាខ្ញុំឆ្លៀតងាកមកផ្នែកនេះ តែអាជីពចម្រៀងខ្ញុំនៅតែបន្តជាធម្មតាដដែល មិនប៉ះពាល់អីទេ។ ខ្ញុំគិតថា បងប្អូនយើងបានងាកទៅទិញដីធ្លីច្រើនសម្រាប់ទុកសាងសង់ផ្ទះ ហើយអរគុណខ្លាំងណាស់ដែលពួកគាត់បានគាំទ្រខ្ញុំលើវិថីសិល្បៈកន្លងមក ក៏ដូចជាគាំទ្រលើគម្រោងលក់ដីឡូតិ៍របស់ខ្ញុំនាពេលនេះ ហើយយើងនឹងមិនធ្វើឱ្យអតិថិជនមានបញ្ហាចំពោះការទិញដីឡូតិ៍របស់យើងខ្ញុំទេ ព្រោះដីយើងមានប្លង់រឹងត្រឹមត្រូវជូនដល់អតិថិជនដែលទិញទាំងអស់គ្នា”។

អ្នកនាងខ្ញុង និងលោកកៃដ

តាមប្រភពថា អ្នកនាងខ្ញុង និងគូស្នេហ៍ ដែលជាអ្នកលក់ដីឡូតិ៍ឱ្យលោកព្រាប សុវត្ថិ នោះ មានអតិថិជនជាច្រើនបានចាប់អារម្មណ៍ និងទិញដីឡូតិ៍នេះតាមរយៈអ្នកកំប្លែង CTN  នេះ ដែលធ្វើឱ្យអ្នកនាងខ្ញុង និងគូស្នេហ៍ រកប្រាក់ចំណូលពីការនាំភ្ញៀវទិញដីឡូតិ៍ព្រាប សុវត្ថិ បន្ថែមលើអាជីពកំប្លែង៕

RELATED ARTICLES