ងួន ចាន់ដេវីត ហៅ G-Devith តាំងពីត្រូវលោកអាចារ្យធំ វាយប្រហារធ្ងន់ៗថា បទចម្រៀងច្រៀងអាឡេអាឡូ ការតែងខ្លួន មិនសមជាតារាចម្រៀងខ្មែរ មកម្ចាស់បទ “រាំញីកែងជើង” នេះ ហាក់ស្ងប់ស្ងាត់ខ្លាំង មិនមានបទចម្រៀងមួយណាធ្វើឱ្យកក្រើកទីផ្សារខ្លាំងដូចមុនទៀតឡើយ។ មជ្ឈដ្ឋានមហាជនបានលើកឡើងថា ការដែលងួនចាន់ ដេវីត បែរជាមានទីផ្សារមិនខ្លាំងដូចមុននេះ ដោយសារតែតារាចម្រៀងរ៉េបហង្សមាសនេះ កំពុងតែល្បីនៅពេលចាប់ដៃគូជាមួយពេជ្រ សោភា បែរជាងាកទៅបង្កាត់ភ្លើងស្នេហ៍ និងច្រៀងជាមួយតារាចម្រៀងទេព បូព្រឹក្ស ដែលមិនសូវត្រូវគ្នាជាមួយពេជ្រ សោភា ទាល់តែសោះនោះ ទើបធ្វើឱ្យទស្សនិកជនមួយចំនួន និយាយថា ដេវីត បានល្បីភ្លេចកំណើត ជាហេតុធ្វើឱ្យទីផ្សារអ្នកចម្រៀងម្នាក់នេះ ចុះខ្សោយទៅវិញ។
ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈដែល “នគរធំ” ទើបសម្ភាសន៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ការដែលងួន ចាន់ដេវីត ស្ងាត់លែងសូវល្បីខ្លាំងដូចមុននាពេលនេះ មិនមែនមកពីការឈប់ច្រៀងជាមួយពេជ្រ សោភា និងទៅចាប់ដៃគូជាមួយទេព បូព្រឹក្ស នោះឡើយ តែទីផ្សារអ្នកចម្រៀងរ៉េបខ្ពស់ស្រឡះ ដែលល្បីល្បាញខ្លាំងបទ “រាំញីកែងជើង” នេះ មានសភាពស្ងប់ស្ងាត់ ព្រោះតែការមកដល់ហង្សមាស របស់កូនតារាចម្រៀងព្រាប សុវត្ថិ ទាំង3រូប។
អ្នកវិភាគសិល្បៈបានអះអាងដោយសុំមិនប្រាប់ឈ្មោះថា “ការមកដល់របស់កូនព្រាប សុវត្ថិ ទាំង3 គឺសុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ នោះ ធ្វើឱ្យប៉ះពាល់ទីផ្សារងួន ចាន់ដេវីត ជាងគេនៅហង្សមាស ព្រោះថា កូនរបស់ព្រាប សុវត្ថិ សុទ្ធតែមានរូបរាងសង្ហាៗ ហើយអាចច្រៀងរ៉េប បានដូចងួន ចាន់ដេវីត ដែរ ហើយថែមទាំងមានការតែងខ្លួន និងក្បាច់រាំល្អជាងដេវីត ទៅទៀត នៅតាមឆាកតន្ត្រីមួយចំនួន ទាំងនេះហើយជាហេតុធ្វើឱ្យទីផ្សារដេវីត ស្ងប់ស្ងាត់ទៅៗដូចពេលនេះ”។
ប៉ុន្តែ ក្នុងជំនួបជាមួយងួន ចាន់ដេវីត កន្លងមកតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា ខ្លួនបានត្រៀមរួចជាស្រេចនៅពេលណាដែលមហាជនលែងគាំទ្រ រូបគេអាចឈប់ច្រៀងងាកមកធ្វើបទភ្លេងឱ្យតារាចម្រៀងផ្សេងៗទៀតនៅហង្សមាស ច្រៀងក៏គេអាចរស់បានដែរ ហេតុនេះហើយ មិនមានការព្រួយបារម្ភច្រើនពេកឡើយ។ ដោយឡែក ថ្មីៗនេះដែរ ងួន ចាន់ដេវីត ទើបបោះទុន7ម៉ឺនដុល្លារ ចូលគ្នាជាមួយគូស្នេហ៍ទេព បូព្រឹក្ស 7ម៉ឺនដុល្លារទៀត សរុបទឹកប្រាក់14ម៉ឺនដុល្លារ បើកហាងនាំចូលផលិតផល Cosmetic ពីប្រទេសកូរ៉េ និងថៃ មកលក់នៅស្រុកខ្មែរ។ តែគូស្នេហ៍យុវវ័យជ្រកកោនក្រោមដំបូលផលិតកម្មតែមួយ គ្មានគម្រោងដឹកដៃគ្នាចូលរោងការឆាប់ៗឡើយ៕