តារាសម្តែងរូបស្អាតស្រអែមស្រស់ នាងយ៉ែម ស្រីពេជ្រ ឆក់បានតំណែងជាតួឯកក្នុងរឿង “មន្តស្នេហ៍អនុសេនីយ៍” របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ដោយចាប់ដៃជាមួយតួប្រុសបុរសសង្ហា លោកសេង រតនៈ ដែលជាការផលិតដោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងធ្វើពិធីសែនក្រុងពលី កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា នៅសណ្ឋាគារសូហ្វីតែល ភោគិត្រា ភ្នំពេញ ដែលមានតារាសម្តែង និងអ្នកសារព័ត៌មានជាច្រើនបានចូលរួម។ នេះមិនមែនជាលើកទី១ឡើយ សម្រាប់នាងយ៉ែម ស្រីពេជ្រ ក្នុងការបានតំណែងជាតួឯករបស់ប៉ុស្តិ៍លេខ៥ ព្រោះកន្លងមកនាងធ្លាប់លេងជាតួឯកដែរ ដូចជារឿង “នេះឬជីវិត?”, “ចម្ការម្លប់ស្នេហ៍” ជាដើម ខណៈដែលលោកសេង រតនៈ ទើបភ្លក្សរសជាតិជាតួឯកនៅស្ថានីយនេះ ជាលើកដំបូង។
អតីត Freshie Girl រូបស្រស់នេះ បានឱ្យដឹងថា “ខ្ញុំធ្លាប់សម្តែងជាមួយលោកសេង រតនៈ ច្រើនដងដែរ ហើយតែមិនដែលបានលេងជាតួឯកអ៊ីចឹងជាមួយគ្នាទេ ម្តងនេះប៉ះគ្នា ហើយនិងសង្ឃឹមថា ពួកយើងធ្វើការជាមួយគ្នាដោយរលូនជាមិនខាន បើទោះជាលោករតនៈ រាងអៀនៗដាក់ខ្ញុំក្តី។ សម្រាប់ខ្ញុំក្នុងរឿងនេះ ខ្ញុំមានការពិបាកច្រើនដែរ ព្រោះថា យើងមានការហាត់សមច្រើន ទើបអាចលេងជាទាហានហ្នឹងបាន គឺខុសពីរឿងមុនៗ ដែលខ្ញុំលេងជាតួក្រមិចក្រមើម ច្រើនជាងតួបែបនេះ។ ប៉ុន្តែ និយាយដោយស្មោះអស់ពីចិត្តទៅចុះ ខ្ញុំមានបំណងប្រាថ្នាជាយូរមកហើយថា ថ្ងៃក្រោយ គឺចង់ធ្វើទាហានមែនទែន ខ្ញុំស្រលាញ់ណាស់ ខាងហ្នឹងទាំងការស្លៀកពាក់ និងការងារ។ ខ្ញុំសង្ឃឹមថា បំណងបាថ្ន្រារបស់ខ្ញុំនឹងបានសម្រេចនៅថ្ងៃណាមួយជាមិនខានឡើយ ទាក់ទងការចង់ធ្វើទាហាននេះ ព្រោះអីខ្ញុំតាំងចិត្តថា នឹងទៅបំពេញការហាត់សមនេះ នៅពេលដែលយើងមានឱកាសបានជាប់ជាទាហាន។ ដោយឡែកសម្រាប់រឿង “មន្តស្នេហ៍អនុសេនីយ៍” នេះមានឈុតស្នេហាតិចតួចដែរជាមួយលោករតនៈ នៅចុងក្រោយ តែមិនមែនស្នេហាខ្លាំងជ្រាលជ្រៅនោះទេ។ ឈុតដែលខ្ញុំត្រូវសម្តែង គឺខ្ញុំរៀនចប់ពេទ្យមុននឹងបន្តនៅពេទ្យទាហាន ជាកូនស្រីរបស់វរសេនីយ៍ ឧត្តម និងលោកស្រីណាគ្រី ជាមនុស្សម៉ឺងម៉ាត់ ដែលមើលទៅ ដូចជាកាចស្មោះត្រង់ស្រលាញ់យុត្តិធម៌ ស្រលាញ់មិត្តភក្តិពូកែប្រចណ្ឌ និងពូកែតូចចិត្ត”។ ដោយឡែក លោកសេង រតនៈ អះអាងថា “ខ្ញុំពេញចិត្តដែលបានសម្តែងជាតួឯកលើកដំបូងនៅប៉ុស្តិ៍លេខ៥ ប៉ះជាមួយកញ្ញាយ៉ែម ស្រីពេជ្រ ហើយខ្ញុំសន្យាថា នឹងធ្វើឱ្យបានល្អតាមអ្នកដឹកនាំរឿងចង់បាន។ ក្នុងរឿងនេះខ្ញុំ លេងជាតួមានមន្តស្នេហ៍រាងសង្ហា ជាមេធាវី និងកូនប្រុសមេឃុំមង្គល និងសុផានី សេដ្ឋីខេត្តសៀមរាប ចូលចិត្តសប្បាយរីករាយ រហ័សរហួន បញ្ញាវាងវៃ ស្មោះត្រង់ មិនចូលចិត្តឆបោកអ្នកណា”។
ក្រៅពីយ៉ែម ស្រីពេជ្រ ដែលសម្តែងជាតួអនុសេនីយ៍ ណាវី និងសេង រតនៈ សម្តែងជាតួឈ្មោះសោភ័ណ្ឌ នោះរឿង “មន្តស្នេហ៍អនុសេនីយ៍” ក៏មានការចូលរួមពីតារាសម្តែងជាច្រើនដួងទៀត មានដូចជា ហេង ស្រីរ័ត្ន, ផា ផួង, កាតុ, ម៉ូ លីនណា , នៅ ដាណា, បញ្ញា សិទ្ធ, ប៊ុនថុល ប៊ុនថង, សែត សារ៉ាត់, ឈុន ណារ៉ា, តុប វិសាល, ហេង ដារី, នាយតឹង, ខាត់ ចំរើន ជាដើម។
លោកស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យកម្មវិធីប៉ុស្តិ៍លេខ៥ បានឱ្យដឹងថា “រឿង “មន្តស្នេហ៍អូនសេនីយ៍” នេះ យើងផ្តោតទៅលើការងារកងទ័ព ហើយយើងគ្រោងថតពី៣ទៅ៣ខែកន្លះ ដែលពេលថតចប់ ទើបយើងដាក់បញ្ចាំង។ នេះជារឿងខ្មែរទី១៤ ហើយដែលប៉ុស្តិ៍លេខ៥ បានផលិតហើយក្នុង១ឆ្នាំ យើងមានគោលការណ៍ផលិតរឿងខ្មែរ ឱ្យបានយ៉ាងហោចណាស់ក៏១៥រឿងដែរ។ រឿងនេះក៏ជារឿង ភាគល្បីរបស់ថៃដែរ ហើយយើងយកមកកែច្នៃទៅជារឿងខ្មែរ បែបលក្ខណៈខ្មែរ ព្រោះថា តម្រូវការអ្នកនិពន្ធរបស់យើងនៅមានកម្រិត និពន្ធមិនទាន់តម្រូវការទីផ្សារ ហេតុនេះហើយ បានជាយើងយករឿងថៃ មកថតជាលក្ខណៈខ្មែរ ឡើងវិញនេះ”។
ចំណែកលោកសុផាឆៃ វីរៈភុឆុង (Supachai Verapuchong) នាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាម្ចាស់សណ្ឋាគារសូហ្វីតែល បានបញ្ជាក់ថា លោកមានជំនឿចិត្តដល់តារាខ្មែរ ក្នុងការសហការគ្នាថតកុននេះឱ្យបាន ល្អទាំងអស់គ្នា ព្រោះថា តារាខ្មែរ មានសមត្ថភាពមិនចាញ់តារាប្រទេសជិតខាងឡើយ ហេតុនេះហើយលោកមានតែសូមជូនពរឱ្យតារាសម្តែងទាំងអស់ ក្នុងរឿងនេះបានជោគជ័យទាំងអស់គ្នា។ ចំពោះតួឯកស្រីកញ្ញាយ៉ែម ស្រីពេជ្រ ដែលមានបំណងចង់ធ្វើទាហានមែនទែននោះ លោកនឹងជំរុញ ហើយនឹងអាចជួយទៅតាមលទ្ធភាព ដើម្បីឱ្យនាងបានសម្រេចបំណងនេះ៕