ខេត្តកោះកុង ៖ យុវជនបែកថ្នាំម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនជោកជាំ ក៏ធ្វើសកម្មភាពអុកឡុកពេញវត្ត ព្រមទាំងបានទាញដំបងវាយបំផ្លាញព្រះពុទ្ធបដិមាតម្កល់លើបល្ល័ង្កខ្ពស់ និងថូផ្កា ដែលពុទ្ធបរិស័ទជាវយកមកតម្កល់ធ្វើបុណ្យក្នុងសាលាឆាន់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីីវេលាម៉ោង១០ និង១១នាទីយប់ ថ្ងៃទី០៦ មិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តនាងកុក ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោកតាអាចារ្យប្រចាំវត្តនាងកុក បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្ទាវម្នាក់ទំនងជាទើបនឹងប្រើប្រាស់ថ្នាំញៀនរួច បានដើរចូលមកអុកឡុកពេញវត្ត និងបានឡើងទៅលើសាលាឆាន់វាយកំទេចព្រះពុទ្ធបដិមា បណ្តាលឱ្យបាក់បែកអស់ជាច្រើនអង្គ។ នៅពេលឃើញសភាពកោងកាចរបស់ក្មេងស្ទាវខាងលើ មិនមានអ្នកណាម្នាក់ហ៊ានចូលទៅឃាត់នោះទេ ទើបលោកតាបានរត់ទៅប្រាប់ប្រធានភូមិឱ្យមកជួយទប់ស្កាត់ ខណៈនោះដែរ លោកប្រធានភូមិ ក៏បានទូរស័ព្ទហៅនគរបាលប៉ុស្តិ៍ចុះមកឃាត់ខ្លួនជនដែលកំពុងចូលមកអុកឡុកក្នុងសាលាឆាន់នោះបានភ្លាមៗ ដោយចាប់ចងដៃទៅក្រោយឱ្យអង្គុយស្ងៀម ។
លោកតាអាចារ្យរូបនេះ បញ្ជាក់ថា ការអុកឡុកនេះ បណ្តាលឱ្យមានការខូចខាតព្រះពុទ្ឋរូបរួមមាន ១-ព្រះអង្គធំ បែកភ្នែនខាងឆ្វេង និងព្រះកេសលើ ដោយច្រានទម្លាក់ពីលើបល្ល័ង្គ ២-ព្រះអង្គកែវ បាក់ដៃទាំងសងខាង ៣-រូបសម្តេចព្រះសង្ឃរាជ ជួន ណាត បាក់ច្រមុះ ៤-ព្រះទ្រង់បាត បែកដៃឆ្វេងនិងប្រេះដងខ្លួន ៥-ព្រះអង្គតូចៗ បែកខ្ទេច២អង្គ ៦-បែកថូផ្កាធំៗចំនួន៤ និង៧-បែកកញ្ចក់ស្រោបព្រះពុទ្ឋរូបចំនួន១។
តាមសមត្ថកិច្ចប៉ូលិសស្រុកបញ្ជាក់ថា ការសាកសួរចម្លើយពីយុវជនរូបនេះ ដែលមិនបានលទ្ធផលអ្វីទាំងអស់ ព្រោះគាត់មានសភាពវង្វេងស្មារតីអស់ទៅហើយ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តឱ្យស្វាងសិន ដើម្បីចាត់ការបន្ត ។
គួររំលឹកថា កន្លងមកបាតុភាពចងកំហឹងនឹងរូបសំណាកច្រើនបង្កឡើង ដោយពួកមនុស្សវិកលចរិត ដូចជា នៅខេត្តសៀមរាបប៉ុន្មានឆ្នាំមុន ដែលបដិមាក្នុងអាស្រមក្បែរព្រះរាជដំណាក់ ត្រូវបានគេវាយឱ្យបែកបាក់រហូតដល់២ដង។ ចំណែកនៅខេត្តមណ្ឌលគិរី ឯណោះវិញ រូបសំណាកអ្នកតាស្រុសថ្មី និងចាស់នៅភ្នំដោះក្រមុំ ក៏ត្រូវបានវាយបំផ្លាញដោយជនវិកលចរិតផងដែរ៕