ខេត្តកំពង់ចាម ៖ ទមិឡឥតសាសនាម្នាក់នៅសុខៗ ក៏ស្រាប់តែលបលួចធ្វើសកម្មភាពដុតសាលាឆាន់មួយខ្នងនៅក្នុងបរិវេណវត្ត បណ្តាលឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម។
ជនសង្ស័យដែលលួចដុតសាលាឆាន់ក្នុងវត្ត បណ្តាលឱ្យឆេះហ្មត់គ្មានសល់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ សុភាព ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិល្វាទេ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។ ចំណែកសាលាឆាន់ដែលទទួលរងការឆាបឆេះទាំងស្រុង មានទំហំទទឹង១០ ម៉ែត្រ បណ្តោយ២១ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលព្រះសង្ឃក្នុងវត្តកំពុងសិង ចំណែកយាយជីតាជី ព្រមទាំងសិស្សគណ រួមនិងពុទ្ធបរិស័ទ បានចូលសម្រាន្តលង់លក់អស់ ក៏ស្រាប់តែលាន់ឮសំឡេង ឆោឡោឡើងថា ភ្លើងឆេះសាលាឆាន់ៗ បង្កឱ្យមានការផ្អើលឆោឡោ ដល់ព្រះសង្ឃ រួមនិងប្រជាពលរដ្ឋប្រញាប់ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ។
បន្ទាប់មក គេឃើញកម្លាំងជំនាញបង្ការពន្លត់អគ្គីភ័យស្រុកកំពង់សៀម បានសហការជាមួយកម្លាំងបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនរថយន្តទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់ ចំនួន៣គ្រឿង និងបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន ៧រថយន្ត រហូតដល់ភ្លើងបានរលត់ទៅវិញទាំងស្រុង។
តាមការបញ្ជាក់ពីគណៈកម្មការវត្តក្រូចសើច បានឱ្យដឹងថា អគ្គិភ័យខាងលើនេះបានបង្កឱ្យមានការខូចខាតសម្ភារៈ ដូចជា ទូរដាក់ សម្ភារៈធ្វើអំពីឈើចំនួន១ ចានឆ្នាំង ទូកឈើ ចំនួន១ និងគ្រែដេកចំនួន៥។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងដឹងថា ករណីអគ្គិភ័យឆាបឆេះឡើងនេះ មិនមែនកើតឡើងឯកឯងនោះទេ តែមានមនុស្សជាអ្នកបង្កហេតុ (ដុត)។ ភ្លាមនោះ សមត្ថកិច្ចក៏ធ្វើការកំណត់មុខសញ្ញា រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យឈ្មោះពៅ សុភាព បនាភ្លាមៗនាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។
យ៉ាងណាក្តី ជនសង្ស័យឈ្មោះពៅ សុភាព នៅមិនទាន់បញ្ជាក់ឱ្យដឹងពីមូលហេតុដែល បណ្តាលឱ្យរូបគេដុតបំផ្លាញសាលាឆាន់នោះនៅឡើយទេ៕