ខេត្តព្រះសីហនុ ៖ មន្ត្រីកងរាជអាវុធហត្ថមួយរូប បានដឹកនាំកម្លាំងចុះអន្តរាគមន៍ ករណីហិង្សាមួយ ដោយបានសម្រេចនាំខ្លួនភាគីបង្ក មកកាន់ទីបញ្ជាការ និងត្រូវបានភាគីបក្ខ រួមនិងបក្ខពួក ឱ្យឡើងជិះរថយន្តជាមួយពួកគេ ស្រាប់តែរថយន្តមិនបានបើកទៅទីបញ្ជាការនោះទេ បែរជាបើកក្នុងល្បឿនយ៉ាងលឿនសំដៅទៅភ្នំពេញ ធ្វើឱ្យមន្ត្រីប៉េអឹមរូបនោះ បារម្ភពីសុវត្ថិភាពរបស់ខ្លួន ក៏លោតចុះពីលើរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកក្រុមជនបង្កហេតុបានបើករថយន្តគេចខ្លួនបាត់អស់។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំរាម ស្រុកព្រៃនប់។
បុរសរងគ្រោះដែលលោតចុះពីលើរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះញ វិសិទ្ទ ជាមន្ត្រីកងរាជអាវុធហត្ថ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក តួនាទីជាអនុប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ នៃទីបញ្ជការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ។ ចំណែកភាគីបង្កហេតុ ដឹកនាំដោយស្ត្រីម្នាក់ ឈ្មោះមឿង ស្រីទូច រួមនិងបក្ខពួកជាអង្គរក្ស។
តាមសម្តីលោកញា វិសិទ្ទ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងអាវុធហត្ថរបស់លោក បានទទួលសេចក្តីរាយការណ៍មកថា មានករណីហិង្សាមួយបានកើតឡើង នៅចំណុចពយម៉ាចូវ ក្នុងភូមិគគីរ ឃុំរាម ស្រុកព្រៃនប់ ដោយភាគីម្ខាងបានរាយការណ៍មកថា មានស្ត្រីជើងខ្លាំងម្នាក់ ឈ្មោះមឿង ស្រីទូច ដែលកន្លងមក ធ្លាប់អះអាងថា ខ្លួនជាក្មួយបង្កើតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្មកររបស់ខ្លួនប្រើហិង្សាដុតបំផ្លាញម៉ូតូកម្មករចាំចម្ការរបស់ភាគីម្ខាងទៀត ដែលមានព្រំដីជាប់គ្នា។
លោកញា វិសិទ្ទ បន្តថា បន្ទាប់ពីទទួល បានសេចក្តីរាយការណ៍ខាងលើ និងដោយមានការបញ្ជាពីគណៈបញ្ជាការឯកភាពខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាឱ្យរូបលោកដឹកនាំកម្លាំងកងរាជអាវុធហត្ថ មន្ទីរស្រាវជ្រាវយុត្តិធម៌ បានចុះដល់កន្លែងកើតហេតុ និងទីតាំងដីចម្ការអ្នកស្រីមឿង ស្រីទូច នៅវេលាម៉ោងប្រមាណជិត១១ព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងពិនិត្យ និងអញ្ជើញអ្នកស្រីមឿង ស្រីទូច និងបក្សពួកមកសួរនាំ ដើម្បីកសាងសំណុំរឿងទៅតាមនិតិវិធី។
លោកញា វិសិទ្ទ បានឱ្យដឹងទៀតថា បន្ទាប់ពីកម្លាំងរាជអាវុធហត្ថ ទៅដល់ភ្លាម ឈ្មោះមឿង ស្រីទូច បានទូរស័ព្ទឆ្វែងឆ្វាត់ ទំនងជារក ការជួយអន្តរាគមន៍ ពេលនោះលោកបានអញ្ជើញលោកស្រីមឿង ស្រីទូច និងបក្ខពួកដែលគេអះអាងថា ជាអង្គរក្សឱ្យបើករថយន្តម៉ាកឡិច ស៊ីស៥៧០ មកកាន់ទីបញ្ជាការដើម្បីបានសួរនាំទៅតាមនីតិវិធី ដោយលោកបានឡើងជិះរថយន្ត៥៧០ ជាមួយឈ្មោះមឿង ស្រីទូច ដែរ។ ពេលនោះឈ្មោះមឿង ស្រីទូច បានឡើងទៅកាន់ចង្កូតបើកបរ ហើយឱ្យអង្គរក្សរបស់ខ្លួនមកអង្គុយជិតលោកវិញ ហាក់បីដូចជាមានគម្រោងផែនការក្នុងការធ្វើសកម្មភាពអ្វីមួយ។ គ្រាន់តែឡើងចូលអង្គុយនៅក្នុងរថយន្តភ្លាម ស្ត្រីឈ្មោះមឿង ស្រីទូច និងអង្គរក្សបានបញ្ជាឱ្យលោកបិទទូរស័ព្ទ មិនឱ្យធ្វើការទាក់ទងទៅនរណាទាំងអស់។ ភ្លាមនោះ ពួកគេបានបើករថយន្តដោយល្បឿនលឿនដូចហោះសំដៅទៅភ្នំពេញ សូម្បីរថយន្តកម្លាំងសមត្ថកិច្ចដេញតាមមិនទាន់ផង។
លោកញា វិសិទ្ទ បានបញ្ជាក់ថា ដោយឃើញសភាពមិនស្រួលបែបនេះ លោកក៏បានសម្រេចចិត្តបើកទ្វាររថយន្តលោតចុះទាំងបង្ខំ ទៅខាងឆ្វេងដៃ បណ្តាលឱ្យរងរបួសដាច់រយះស្លឹកត្រចៀកខាងស្តាំ ស្ទើរបាត់ទាំងស្រុង និងមានស្នាមជាំឈឺចុកចាប់ពេញខ្លួនប្រាណ។ បន្ទាប់មក រថយន្តកម្លាំងសមត្ថកិច្ចដែលបើកបរប្រដេញតាមក្រោយបានដឹករូបលោកមកកាន់គ្លីនិក មិត្តភាពឃ្លាំងលើដើម្បីសង្គ្រោះ។ ដោយឡែក ស្ត្រីឈ្មោះមឿង ស្រីទូច និងអង្គរក្សនៅក្នុងរថយន្តចំនួន២នាក់ទៀត បានបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងពិនិត្យមុខរបួស លោកអនុសេនីយ៍ឯក ញា វិសិទ្ទ ដល់គ្លីនិកមិត្តភាពឃ្លាំង ដោយយកចិត្តទុកដាក់ខ្ពស់ និងលើកទឹកចិត្តពីថ្នាក់ដឹកនាំប្រធានគណៈបញ្ជាការឯកភាពខេត្តផងដែរ។
ហេតុការណ៍ខាងលើ ថ្នាក់ដឹកនាំទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងដាក់ពាក្យបណ្តឹងចំពោះស្ត្រីឈ្មោះមឿង ស្រីទូច និងបក្សពួកអង្គរក្ស គឺជាសកម្មភាពប៉ុនប៉ងធ្វើឃាតគិតទុកជាមុនមកលើមន្ត្រីកងរាជអាវុធហត្ថ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីហើយ។
ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីឈ្មោះ មឿង ស្រីទូច បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕