ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ទើបនឹងសម្រាលកូនមិនបានប៉ុន្មានផង ស្រាប់តែមិនដឹងថា មានវិបត្តិអ្វីធ្ងន់ដោះស្រាយមិនចេញ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដោយបន្សល់ទុកនូវលិខិតបណ្តាំមួយច្បាប់ ផ្តាំលាប្តី និងកូន ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់របស់ខ្លួន ធ្វើឱ្យប្តីនិងក្រុមគ្រួសាររន្ធត់ចិត្តគ្រប់ៗគ្នា។
ករណីស្ត្រីកូនខ្ចីចងកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោង8និង30នាទី ព្រឹក ថ្ងៃទី10 ខែមិថុនា ឆ្នាំ2018 នៅចំណុច ក្នុងបន្ទប់ទឹកផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិអណ្តូងជា ឃុំជីរោទ៏ទី2 ស្រុកត្បូងឃ្មុំ។
ស្ត្រីគំនិតខ្លីដែលចងកធ្វើអត្តឃាតស្លាប់ ចោលប្តី និងកូនតូចគួរឱ្យសង្វេគ មានឈ្មោះ អ៊ឹង តុងហ៊ាង អាយុ26ឆ្នាំ រស់នៅភូមិអណ្តូងជា ឃុំជីរោទ៏ទី2 ស្រុកត្បូងឃ្មុំ។
តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ គាត់ជាប្តីបានអង្គុយលាងចានឆ្នាំង ចំណែកប្រពន្ធ (ស្ត្រី រងគ្រោះ) បានអង្គុយនៅលើគ្រែក្រោមផ្ទះក្បែរកូនតូចទើបនឹងសម្រាល និងបាននិយាយឆ្លើយឆ្លងគ្នាជាមួយគាត់តាមធម្មតា។ លុះមួយសន្ទុះក្រោយមក ប្រពន្ធរបស់គាត់ក៏បានចុះដើរចេញពីគ្រែចោលកូនតូចបាត់ មិនដឹងទៅណា លុះកូនតូចស្រែកយំមិនឃើញប្រពន្ធមកលួងកូន ទើបគាត់បានដើរទៅរកមើលប្រពន្ធពេញក្នុងផ្ទះ តែរកមិនឃើញសោះ បន្ទាប់មក គាត់ក៏បានដើរទៅបើកទ្វារបន្ទប់ទឹកមើល ស្រាប់តែឃើញប្រពន្ធចងកស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ គាត់ក៏បានស្រាយចំណងចេញ និងលើកប្រពន្ធមកដាក់លើដីបំណងជួយសង្គ្រោះបឋម តែអកុសល ប្រពន្ធរបស់គាត់បានស្លាប់បាត់ទៅហើយ មិនដឹងជាមកចងកតាំងពីថ្មើរណា។
តាមសម្តីស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ថា កូនស្រីរបស់គាត់ (ស្ត្រីរងគ្រោះ) បានកើតរោគសរសៃប្រសាទ5ឆ្នាំមកហើយ មានពេលមួយ ខណៈដែលនាងនៅធ្វើការជាកម្មការិនីនៅខេត្តកំពង់ចាម កូនស្រីនេះធ្លាប់ប៉ងចងកធ្វើអត្តឃាតម្តងរួចមកហើយ តែត្រូវសាច់ញាតិដឹងទាន់សង្គ្រោះបានផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ស្រាប់តែលើកនេះ ខណៈដែលប្តីភ្លេចខ្លួន នាងក៏ចូលទៅចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកតែម្តង ដោយបន្សល់ទុកកូនតូច ឱ្យរស់នៅកំព្រាម្តាយគួរឱ្យសង្វេគ។
លោកវរសេនីយ៍ត្រី សេង ម៉ិ អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានករណីស្ត្រីម្នាក់ចងកធ្វើអត្តឃាតរួចមក សមត្ថកិច្ចជំនាញ ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសពភ្លាមៗដែរ និងបានរកឃើញលិខិតបណ្តាំ1សន្លឹក ដែលស្ត្រីរងគ្រោះបានបន្សល់ទុក មុននឹងសម្រេចចិត្ត ចងកសម្លាប់ខ្លួន។
លិខិតបណ្តាំរបស់ស្ត្រីរងគ្រោះមានខ្លឹមសារថា “ម៉ាក់ អ៊ំ ប្អូនប្រុស ប្តីដ៏កម្សត់ កូនប្រុសអភ័ព្វ ខ្ញុំលាអ្នកទាំងអស់គ្នាសិនហើយ ខ្ញុំពិបាកទ្រាំនឹងជំងឺរាល់ថ្ងៃនេះខ្លាំងណាស់ សូមអ្នកទាំងអស់គ្នាអហោសិកម្មឱ្យខ្ញុំផង ខ្ញុំចង់ឱ្យពេលវេលាដើរថយក្រោយវិញណាស់ ចង់ឱ្យអ្វីៗដូចដើម ចង់មានក្តីសុខ ចង់រស់នៅសប្បាយនឹង ជីវភាពប្រចាំថ្ងៃ ចង់ឮសំឡេងម៉ាក់ស្រែកហៅ អាហ៊ាងៗ ចង់បោកខោអាវឱ្យម៉ាក់ដូចមុន តែវាហួសអស់ទៅហើយ ព្រោះតែខ្ញុំមិនចេះឱ្យតម្លៃ វាខ្ញុំដើរផ្លូវខុស ខុសរហូតត្រូវអស់ជីវិត…”។
យោងតាមស្លាកស្នាមកោសល្យវិច័យ និងផ្អែកលើលិខិតបណ្តាំរបស់ស្ត្រីរងគ្រោះ ដែលបន្សល់ទុកនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ស្ត្រីរងគ្រោះពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕