សុភាសិតបុរាណថា “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” បើត្រឹមតែគិតរាក់ៗ ឬមើលឃើញតែន័យត្រង់ មិនពិចារណាដល់ន័យប្រៀបធៀប ច្បាស់ជាច្រឡំធំមិនខានឡើយ។ ខណៈដែលការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី6 ជិតចូលមកដល់ បើបក្សកាន់អំណាច ធ្វេសប្រហែស នឹងជួបបញ្ហា “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” នេះហើយ ដែល “នគរធំ” ខ្វល់បារម្ភជួស CPP ក៏លើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” សំដៅដល់ស្ត្រីមេផ្ទះនៅស្រុកស្រែចម្ការ បានទៅជញ្ជាត់ត្រីល្អិតៗមកធ្វើម្ហូប ក្នុងនោះ ក៏មានត្រីក្រឹមផងដែរ។ ត្រីក្រឹម មានច្រើនពូជ អាខ្លះសម្រាប់យកទៅបញ្ជល់ភ្នាល់ដាក់លុយ អាខ្លះមានសម្បុរដូចមាស ត្រូវគេចិញ្ចឹមទុកក្នុងកែវ លម្អគេហដ្ឋាន អាខ្លះទៀត ជាត្រីក្រឹមស្រែ បានត្រឹមបង់សម្ល។ បើស្ត្រីមេផ្ទះជញ្ជាត់ត្រីក្រឹមបានច្រើន ស្លមិនអស់ ក៏យកវាទៅធ្វើផ្អក ញាត់ទុកក្នុងក្រឡសម្រាប់បរិភោគបានយូរ។ ផ្អកក្រឹម ឆ្ងាញ់ជាងផ្អកកំពឹស ជួនកាលគេដាក់ចំហុយឱ្យឆ្អិន ជួនកាលទៀត គេលូកចេញពីក្រឡហូបទាំងឆៅ ប៉ុន្តែត្រូវរកក្តឹបស្វាយ ឬក្តឹបអម្ពិល មកហាន់ជាចំណិតៗដាក់ប្របគ្នា សម្រាប់អ្នកក្លែមស្រា-ស ស្រាថ្នាំ ឬទឹកត្នោតជូរ ត្រូវប៉ាន់ណាស់ សូម្បីតែតាៗក្រោកពីដំណេកនៅពេលរសៀល បើបាន “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” ក្លែមនឹងទឹកតែ គាប់ចិត្តគាត់ណាស់។ រីឯក្មេងឃ្វាលគោ តែងខ្ចប់បាយកក និងផ្អក យកទៅជាមួយ លុះទៅដល់វាលស្មៅ ក៏លែងគោឱ្យស៊ី រួចពួកគេឡើងបេះក្តឹបស្វាយ មកផ្ទាប់នឹងផ្អក កំដរបាយកក ផឹកទឹកភ្លៀងដក់ក្នុងស្រែមានឱជារសមែនទែន។
បើបរិយាយតាមអត្ថប្បដិរូប ឬន័យធៀប សំដៅដល់នយោបាយតែម្តង ខណៈដែលការបោះឆ្នោតថ្ងៃទី29 ខែកក្កដា ឆ្នាំ2018 ជិតចូលមកដល់។ “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” មានន័យថា អតីតបក្សសង្គ្រោះជាតិ (CNRP) ដែលរលាយទៅនោះ ជា “ផ្អកក្រឹម” រីឯគណបក្សថ្មី និងចាស់មួយចំនួន ដែលមាន “គោលការណ៍ប្រឆាំង” គឺជា “ក្តឹបស្វាយ”។ ចំណុចប្រៀបធៀបនេះ មិនខុសទេ ដោយហេតុថា CNRP ទោះជារលំរលាយទៅហើយក្តី និងគ្មានសិទ្ធិចូលរួមក្នុងការបោះឆ្នោត ក៏ខ្មោចបក្សនេះ បានបំផុសរូបភាពផ្សេងៗ ដើម្បីពញ្ញាក់ស្មារតីអ្នកគាំទ្រអតីត CNRP កុំឱ្យភ្លេច។ វីដេអូឃ្លីបតាំងពីប៉ុន្មានឆ្នាំមុន ត្រូវបានអតីតមន្ត្រី CNRP យកមកបង្ហោះក្នុងហ្វេសប៊ុកយូធូប កាន់តែច្រើនទៅៗ ដូចជា រូបភាពលោកសម រង្ស៊ី ពេលចុះពីយន្តហោះមុនការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី5 ឬ7ថ្ងៃ មុនបោះឆ្នោតនោះ គាត់ជិះរថយន្តកៀកដៃជាមួយលោកកឹម សុខា ដោយមានអ្នកគាំទ្រទៅទទួលស្វាគមន៍គាត់ មើលឃើញខ្នាប់ដូចស្រមោច។ កាលនោះ បណ្តាញផ្សព្វផ្សាយខ្លះថា មានអ្នកទៅទទួលជាង10ម៉ឺននាក់ឯណោះ បានហែហមលោកសម រង្ស៊ី លោកកឹម សុខា តាំងពីពោធិ៍ចិនតុង រហូតដល់ទីលានប្រជាធិបតេយ្យ។ ការបង្ហោះរូបភាពចាស់នេះ ធ្វើឱ្យអ្នកគាំទ្រ CNRP “ដូចភ្ញាក់ពីដេក” រហូតដល់អ្នកខ្លះសរសេរពាក្យពេចន៍បញ្ចោញមតិ (Comment) ថា “ដេកផ្ទះឈ្នះឯង” តាមអ្វីដែលមេចលនាសង្គ្រោះជាតិ អំពាវនាវ។ រូបភាពខ្លះទៀត អតីតមន្ត្រី CNRP បង្ហោះពីកម្លាំងនគរបាល និងសន្តិសុខ ដេញវាយអ្នកមកតវ៉ាដីធ្លី មានមីងៗពកូនខ្ចី យំស្រែកទាមទារយុត្តិធម៌ ខ្លះទៀតបង្ហោះពីរឿងព្រំដែន រឿងផ្លូវសម្បុកមាន់ រឿងប៉ះទង្គិចគ្នានៅផ្លូវវេងស្រេង ជាដើម។
រូបភាពចាស់ត្រូវបង្ហោះជាថ្មីនេះ ប្រៀបបាននឹង “ផ្អកក្រឹម” ព្រោះផ្អកនេះ គេញាត់ទុកក្នុងក្រឡយូរហើយ ត្រៀមទុកហូបនៅពេលមានទុក្ខធុរៈ មិនអាចចេញទៅរកម្ហូបឯផ្សារបាន។ ផ្អកក្រឹមនេះ ក៏មិនអាចខ្វះ “ក្តឹបស្វាយ” បានដែរ ព្រោះវាជាគូគ្នា សំដៅដល់គណបក្សតូចៗ ទើបបង្កើតថ្មី និងបក្សចាស់មួយចំនួន បញ្ចោញ “គោលនយោបាយប្រឆាំង” នេះឯង។ ថ្មីៗនេះ យើងឃើញគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ បញ្ចោញ “គោលការណ៍14ចំណុច” មានខ្លឹមសារ “ប្រឆាំងចំប្លង់” រីឯបក្សជួង របស់លោកខឹម វាសនា វ៉ៃគណបក្សប្រជាជនកម្ពុជា (CPP) ធ្ងន់ៗណាស់ ខណៈដែលបក្សឯទៀត សុទ្ធតែមានគោលនយោបាយដណ្តើមកៅអីនាយករដ្ឋមន្ត្រី។ ការបញ្ចោញគោលនយោបាយថ្មីៗបែបនេះ មិនខុសពី “ស្វាយទើបនឹងចេញក្តឹប” ដូច្នេះបើក្តឹបស្វាយ ប៉ះជាមួយផ្អកក្រឹម ឬ “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” គឺឆ្ងាញ់មាត់ អ្នកមិនចូលចិត្ត CPP ឯណោះទេ ពុំមែនសម្រាប់អ្នកគាំទ្រ CPP នោះឡើយ។
គួរកុំភ្លេចថា គោលការណ៍បក្សខ្លះ គឺ “បំបែកសំឡេង 50+1” ពីបក្សកាន់អំណាច ដូច្នេះបើពួកប្រឆាំងក្រៅប្រទេស និងពួកប្រឆាំងក្នុងប្រទេសព្រួតគ្នា “ធ្វើផ្អក ធ្វើក្តឹបស្វាយ” ជួនកាលអាចបំបែកសំឡេង 50+1 នោះ ក៏ថាបាន។ បើសិនជា CPP បាត់សំឡេង 50+1 នឹងធ្វើច្បាប់មិនកើត ទោះជាឈ្នះឆ្នោត ក៏រដ្ឋសភា លែងរលូនដូចមុន ហើយបើរដ្ឋសភា លែងរលូន ព្រឹទ្ធសភាដែលមាន “សមាជិកឯកបក្ស” ក៏ត្រូវគាំងដំណើរ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏អត់ការងារធ្វើ។ បើ CPP ដែលឈ្នះឆ្នោត ចង់ឱ្យមានសំឡេងភាគច្រើនក្នុងរដ្ឋសភា បន្ទាប់ពីគេបំបែក 50+1 បាននោះ លុះត្រាតែបង្កើតរដ្ឋាភិបាលចម្រុះ តែបើពួកប្រឆាំងមិនចំណុះចុះចូលជារឿងយ៉ាប់។
ខាងលើនេះ គ្រាន់តែជាការប្រៀបធៀប និងឧបមាប៉ុណ្ណោះ មិនមែនជាការពិតទេ ប៉ុន្តែយើងគួរឃ្លាំមើលដែរ បើអតីតមន្ត្រី CNRP ដែលរស់នៅក្រៅស្រុក នៅតែបង្ហោះរូបភាពឃោសនាកាលពីឆ្នាំ2013 តាមហ្វេសប៊ុក យូធូប អាចធ្វើឱ្យ “អ្នកដេកលក់ ភ្ញាក់ឡើងទាន់ពេល” មិនខានឡើយ។ សូម្បីតែរូបវីដេអូរបស់កញ្ញាធី សុវណ្ណថា កាលនៅជាសកម្មជនបក្សប្រឆាំង ជិះលើរថយន្តកាន់ទង់បក្សព្រះអាទិត្យរះ នាំផ្លូវហែក្បួនបក្សស្រែកដាក់មីក្រូថា “ហ៊ុន សែន អើយចុះចេញទៅ!” ក៏ត្រូវគេយកមកបង្ហោះសាជាថ្មី ដើម្បីផ្គើនបក្សកាន់អំណាច ដែលទទួលកញ្ញាធី សុវណ្ណថា ចូលជាសមាជិកសកម្មរបស់ CCP។
ក្រសួងមហាផ្ទៃ បានព្រមានរួចហើយ ពីរឿងអ្នកបោះខិត្តប័ណ្ណ ពាក់ព័ន្ធដល់ “ដេកផ្ទះឈ្នះឯង” ប៉ុន្តែមកទល់ពេលនេះ គ្មានអ្នកណាឆ្កួតទៅបាចខិត្តប័ណ្ណឱ្យប៉ូលិសចាប់ដាក់គុកនោះទេ ប៉ុន្តែខិត្តប័ណ្ណនោះវាលេចចេញតាមប្រព័ន្ធអ៊ីនធើរណេត។ ឥឡូវមានប្រកាសអន្តរក្រសួង ឱ្យត្រួតពិនិត្យសំណេររូបភាព អត្ថបទតាមប្រព័ន្ធអ៊ីនធើរណេត ពុំដឹងថា ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏ដូចក្រសួងព័ត៌មាន “អាចបិទគណនី” ទាំងនោះ បានឬយ៉ាងណាទេ? ព្រោះពេលនេះ ឈានដល់ដំណាក់កាល “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” នេះហើយ។ រូបភាព “ដំបៅមិនឈឺយកឈើរុក” នោះ អ្នកនៅក្នុងប្រទេស មិនហ៊ានបង្ហោះទេ តែគេស៊ែរតៗគ្នា ដើម្បីពញ្ញាក់ស្មារតីអ្នកគាំទ្រឱ្យពិចារណា “ទៅ ឬមិនទៅ?” ក្នុងពេលបោះឆ្នោតខាងមុខ។ រវាង “បក្សក្តឹបស្វាយ” និង “ផ្អកត្រីក្រឹម” តម្រឹមចូលគ្នានោះ យើងអាចចំណាំបានថា បើបក្សណាវ៉ៃ CPP ធ្ងន់ៗដាក់ចំកន្លែងរមាស់ រហូតមានការព្រមានប្តឹងទៅតុលាការ ហ្នឹងហើយជា “បក្សក្តឹបស្វាយ” ប៉ុន្តែបើបក្សណា “ប្រឆាំងលំៗ អេះមិនចំរមាស់” គ្មានការព្រមានប្តឹងផ្តល់ ហ្នឹងហើយជា “បក្សកំដរ”។
សរុបទៅ “ផ្អកក្រឹម តម្រឹមក្តឹបស្វាយ” ចាត់ទុកជាបរិបទសម្រាប់បក្សកាន់អំណាច រកវិធីទប់ទល់យ៉ាងណាឱ្យមានប្រសិទ្ធភាព មិនគួរមើលស្រាលនោះទេ។ ខ្មោច CNRP គ្មានសិទ្ធិបោះឆ្នោត តែគេ “លូកផ្អកពីក្នុងក្រឡ” មកចែកចាយ អ្នកគាំទ្រឱ្យបានហូប តាមរយៈការបង្ហោះវីដេអូឃ្លីបចាស់ៗ កាលពីប៉ុន្មានឆ្នាំមុន។ ចំណែកបក្សដែលចូលប្រកួតប្រជែង ក៏ “បញ្ចោញក្តឹបស្វាយ” ឬគោលនយោបាយ ជួយតម្រង់តម្រឹមនឹងផ្អកក្រឹមនោះ បើ CPP ភ្លាត់ស្នៀត អាចត្រូវគេបំបែក សំឡេង50+1 បាន ដូច្នេះគួរកុំធ្វេសឱ្យសោះ…៕