សឿ សុធារ៉ា និងសាពូន មីដាដា ដែលបានដឹកដៃគ្នាចូលរោងការ កាលពីឆ្នាំ២០០៩ នោះ ធ្វើឱ្យអាជីពសិល្បៈពួកគេបាក់ចុះស្រុតព្រមគ្នា រហូតដល់ហៅលែងឮ នៅឆ្នាំ២០១៨ នេះ គឺប្តីប្រពន្ធតារាល្បី១គូនេះ លែងមានការងារសិល្បៈទៀតហើយ។ ប៉ុន្តែ ទន្ទឹមនិងការអស់ការងារសិល្បៈ ទាំងប្តីទាំងប្រពន្ធនេះ ស្រាប់តែសឿ សុធារ៉ា និងមីដាដា បែរជាកាន់តែមានទ្រព្យច្រើនទៅៗ ដូចជាពួកគេទិញរថយន្តទំនើប Lexus LX570 ស៊េរីឆ្នាំ២០១៦ តម្លៃជិត២០ម៉ឺនដុល្លារ ដោយសុធារ៉ា មានអង្គរក្សបើកជូនមិនចាញ់ជំទាវឡើយ។ អ្វីដែលកាន់តែធ្វើឱ្យទាំងមហាជន និងអ្នកសិល្បៈជាច្រើន បានស្រឡាំងកាំង និងកាន់តែមានភាពស្ញប់ស្ញែងពីសឿ សុធារ៉ា នោះ គឺថ្មីនេះ អ្នកនាងថែមទាំងបានឱ្យនាង VJ អាណូ ខ្ចីលុយដល់ទៅ៥ម៉ឺនដុល្លារផងដែរ ហើយនៅពេលដែលនាងសួន ភក្តី ចេញសែកស្អុយសងលុយនាងនោះ ទើបសុធារ៉ា បកអាក្រាតអាណូ ឡើងផ្អើលពេញចង្កោមអ្នកសិល្បៈ។
មានចម្ងល់ពីមហាជនថា តើសឿ សុធារ៉ា បានលុយមកពីណាបានជាច្រើនម៉្លេះ បើនាងនិងប្តីអស់ការងារសិល្បៈដូចគ្នាទៅហើយនោះ?
លោកសាពូន មីដាដា ដែលបានធ្វើខួបកំណើតឱ្យភរិយា លោកអ្នកនាងសឿ សុធារ៉ា នៅបន្ទប់ខារ៉ាអូខេមួយ កាលពីថ្ងៃទី០៦ ខែមិថុនា បានសរសេរសារថ្លែងថា “ពួកយើងមិនមានទ្រព្យសម្បត្តិអ្វីទេ តែយើងមានស្នាមញញឹមឱ្យគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ បាយមួយចានហូបគ្នា៤នាក់ មាតាដៃ១០០ បិតាដៃ៥០ ប្រពន្ធបងអើយ អូនហត់ពេកហើយ រីករាយថ្ងៃកំណើតអូន”៕