Thursday, October 16, 2025
Homeព័ត៌មានជាតិទិញស្រាបៀរ១កេស ផឹកបាន២កំប៉ុង លាគេឯងទៅរហូត

ទិញស្រាបៀរ១កេស ផឹកបាន២កំប៉ុង លាគេឯងទៅរហូត

បាត់ដំបង ៖ បុរសម្នាក់ សង្ស័យថាមានវិបត្តិផ្លូវចិត្តរឿងស្នេហាមិនសមបំណង ទើបធ្វើឱ្យឈឺចិត្តស្អិតទ្រូងខ្លាំងពេក ក៏ទៅទិញស្រាបៀរ១កេស មកផឹកជាមួយអ្នកភូមិ លុះផឹកបានតែ២កំប៉ុង ក៏លាគេឯង រួចក៏រត់ចេញទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅលើដើមអាកាស្យា បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ករណីបុរសខកស្នេហ៍ចងកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចដើមអាកាស្យាខាងកើតភូមិ ស្ថិតក្នុងក្រុមទី២ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះឈៀង សុផល អាយុ២៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីយុវជនឈ្មោះឈៀង ឆាន់ អាយុ១៨ឆ្នាំ ត្រូវជាប្អូនបង្កើតសព និងឈ្មោះផុន ឡុង អាយុ១៨ឆ្នាំ ជាអ្នករស់នៅភូមិជាមួយគ្នា បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ពួកគេទាំង២នាក់ បាននាំគ្នាដើរទៅមើលម៉ាស៊ីនបូមទឹកនៅខ្ទមស្រែខាងកើតភូមិ។ លុះពេលនាំគ្នាដើរត្រឡប់មកវិញ ក៏ប្រទះឃើញជនរងគ្រោះចងកនៅលើដើមអាកាស្យា ចម្ងាយ៥០ម ពីខាងកើតខ្ទមស្រែ ស្លាប់បាត់ហើយ ក៏នាំគ្នាឡើងស្រាយសពជនរងគ្រោះយកមកផ្ទះតែម្តង។

តាមការបំភ្លឺពីបុរសឈ្មោះពោច ជៀប អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះបានទិញស្រាបៀរ១កេស យកមកផឹកជាមួយគាត់នៅនឹងផ្ទះរបស់គាត់ ប៉ុន្តែគាត់ក៏មិនដឹងថា ជនរងគ្រោះមានវិបត្តិអ្វីឬខូចចិត្តអ្វី ទើបនៅសុខៗទិញស្រាមកផឹកបែបនេះដែរ។

ប្រភពដដែលបន្តថា លុះពេលជនរងគ្រោះផឹកស្រាបៀរអស់២កំប៉ុង ក៏បាននិយាយថា ខ្ញុំលាបងឯងហើយ លាជារៀងរហូត ពេលនោះ គាត់ក៏បានសួរនាំថា ឯងចង់ទៅណា? ហើយមានរឿងអ្វី? ជនរងគ្រោះបានឆ្លើយយ៉ាងខ្លីថា គ្មានរឿងអ្វីទេ។ និយាយរួច ជនរងគ្រោះក៏បានដើរចេញទៅបាត់ទៅ លុះមួយសន្ទុះក្រោយមក ក៏ឮដំណឹងថា ជនរងគ្រោះបានចងកស្លាប់បាត់ទៅហើយ។

ដោយឡែក តាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនរងគ្រោះហាក់មានទឹកមុខស្រពាប់ស្រពោនខុសធម្មតា លុះមិត្តភក្តិជិតដិតសួរនាំទៅ ជនរងគ្រោះបានឆ្លើយយ៉ាងខ្លីថា ខ្លួនជួបស្នេហាមិនសមបំណងសោះ។ លុះរំលងបានតែប៉ុន្មានថ្ងៃ ជនរងគ្រោះបែរជាគិតខ្លីចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES