ភ្នំពេញ ៖ បុរសម្នាក់ទើបនឹងត្រឡប់មកពីលេងស្រុកកំណើតវិញ ស្រាប់តែមិនដឹងជាមានរឿងអ្វីក្នុងចិត្ត ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនចោលឪពុកម្តាយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ 16AEo-E1 តាមបណ្តោយផ្លូវលេខ៣៨៤ ក្រុម៤១ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។
បុរសដែលចងកធ្វើអត្តឃាត មានឈ្មោះតាត ច័ន្ទមិនា អាយុ២៧ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើត នៅស្រុកអង្គជ័យ ខេត្តកំពត។
តាមសម្តីបុរសជាឪពុករបស់ជនរងគ្រោះ ឈ្មោះតាត សាមូល អាយុ៦៣ឆ្នាំ បានប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុសរបស់គាត់ទើបតែត្រឡប់មកពីស្រុកវិញ មកផ្ទះជាធម្មតា និងបានចូលបន្ទប់ដេករហូតដល់ម៉ោង១០យប់ថ្ងៃដដែល កូនរបស់គាត់ក៏បានដើរចេញមកក្រៅជក់បារី រហូតដល់ម៉ោង១០និង៣០នាទី ទើបត្រឡប់ចូលបន្ទប់វិញ និងបានដេករហូត ដល់ម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ក៏បានក្រោកពីដំណេកដើម្បីទៅហាត់ប្រាណ ក៏ដើរចូលទៅមើលកូន ទើបដឹងឃើញ កូនរបស់ខ្លួនចងកសម្លាប់ខ្លួនទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលដំណឹងថាមានករណីចងកសម្លាប់ខ្លួន ក៏បានចុះមកកន្លែងកើតហេតុដើម្បី ត្រួតពិនិត្យសព។ ក្រោយពីស្តាបការៀបរាប់ឪពុករបស់សពបានឱ្យដឹងថាកូនប្រុសរបស់ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន កន្លងមកនេះ។
ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទំនាក់ទំនងការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកត្រួតពិនិត្យ និងសន្និដ្ឋានថាករណីខាងលើនេះ សង្ស័យជាករណីធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន បន្ទាប់មកក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕