Thursday, October 16, 2025
Homeព័ត៌មានជាតិកូនមិនទាន់ឃើញពន្លឺថ្ងៃផង ឪពុកដាច់ចិត្តទៅចោលគ្មានអាល័យ

កូនមិនទាន់ឃើញពន្លឺថ្ងៃផង ឪពុកដាច់ចិត្តទៅចោលគ្មានអាល័យ

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ព្រោះតែតូចចិត្តនឹងជីវភាពទីទ័លក្រពេក ណាមួយជំពាក់បំណុលគេជុំទិសគ្មានលទ្ធភាពសង និងថែមទាំងប្រពន្ធកំពុងពពោះជិតគ្រប់ខែ អត់លុយសម្រាលកូនទៀត ក៏សម្រេចចិត្តគិតខ្លីចងកបញ្ចប់ជីវិតចោលប្រពន្ធនិងកូនក្នុងផ្ទៃ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្នោ ឃុំខុនរ៉ង ស្រុកបរិបូរណ៍។

បុរសដែលចងកធ្វើអត្តឃាត ព្រោះតែវិបត្តិផ្លូវចិត្តចាក់ស្រែះដោះស្រាយមិនចេញ មានឈ្មោះសៀន ចាន់សិទ្ធ អាយុ២៣ឆ្នាំ មានមុខរបរកសិករ មានប្រពន្ធឈ្មោះយ៉ាន សុខមន អាយុ២៤ឆ្នាំ កំពុងពពោះកូនក្នុងផ្ទៃ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា ជីវភាពគ្រួសាររបស់នាងក្រីក្រលំបាកខ្លាំងណាស់ តាំងពីចាប់ដៃគ្នាមក ប្រកបតែរបរធ្វើស្រែ តែមិនអាចទប់ទល់ជីវភាពគ្រប់ទេ ចេះតែខ្វះមុខខ្វះក្រោយរហូត ហើយពេលនេះ នាងចាប់ផ្តើមមានផ្ទៃពោះជិតគ្រប់ខែសម្រាលទៀត ទើបធ្វើឱ្យជីវភាពកាន់តែជួបនឹងបញ្ហាប្រឈមកាន់តែខ្លាំង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា កន្លងមក ប្តីរបស់នាងធ្លាប់បានចងការគេ យកមករកស៊ីដែរ ប៉ុន្តែចេះតែខាតដើមខាតចុង គ្មានបានសងគេមួយរៀលទេ មានតែកើនបំណុលធ្ងន់ឡើង។ ដោយសារតែប្តីនាងលំបាកចិត្តរឿងគ្រួសារខ្វះខាតផង ណាមួយជាប់បំណុលគេច្រើនផង ពិសេស នាងកំពុងមានផ្ទៃពោះជិតគ្រប់ខែទៀត អត់មានលុយត្រៀមបម្រុងទុកសម្រាល ទើបធ្វើឱ្យប្តីធុញថប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់គិតអ្វីមិនចេញ បែរជាជ្រើសយកវិធីអត្តឃាតបែបនេះតែម្តង។

ស្ត្រីជាប្រពន្ធ បញ្ជាក់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ក្រោយពីហូបបាយជុំគ្នារួច នាងនិងប្តី ក៏បានចូលដេកក្បែរគ្នា លុះមកដល់េវេលាម៉ោង៨យប់ថ្ងៃដដែល ប្តីក៏ក្រោកចេញបាត់ ចំណែកនាងក៏មិនចាប់អារម្មណ៍អ្វីដែរ ស្មានថាប្តីចេញទៅបត់ជើង ដឹងអី ដល់ម៉ោង១១យប់ ខណៈដែលនាងភ្ញាក់ដឹងខ្លួន មិនឃើញប្តីនៅក្បែរ ក៏ចេញដើរតាមរកមើល លុះពេលឆួលពិលមើលទៅបន្ទប់ទឹក ក៏ប្រទះឃើញប្តីចងកស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដ មែន មូលហេតុដោយសារតែតូចចិត្តនឹងរឿងជំពាក់បំណុលគេអត់លុយសង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES