ភ្នំពេញ ៖ នារី២នាក់ បានបង្កើតចំណងស្នេហាភេទដូចគ្នា រហូតដល់តួអង្គស្រីសម្រេចចិត្តវេចបង្វេចឡើងមករួមរស់ជាមួយតួអង្កប្រុស ដូចប្តីប្រពន្ធ អស់រយៈពេល៧ឆ្នាំមកហើយ ទាំងដែលឪពុកម្តាយតួអង្គខាងស្រីមិនពេញចិត្តទាល់តែសោះ និងចេះតែព្យាយាមតាមបំបែកជាយូរមកហើយ ប៉ុន្តែកូនស្រីនៅតែក្រាញននៀលរស់ជុំគូស្នេហ៍ មិនព្រមវិលទៅផ្ទះវិញដាច់ខាត ទីបំផុត ឪពុកម្តាយតួអង្គស្រីខឹងហាមមិនស្តាប់ ក៏ប្រើធម៌ក្តៅ ចាប់កូនស្រីដាក់ឡានដឹកទៅផ្ទះវិញ ដោយទុកឱ្យតួអង្គប្រុសអង្គុយសម្រក់ទឹកភ្នែក គួរឱ្យសង្វេគជាពន់ពេក។
រឿងរ៉ាវគូស្នេហ៍ភេទដូចគ្នា (ស្រីស្រលាញ់ស្រី) ត្រូវចាស់ទុំចាប់បំបែក ធ្វើឱ្យភាគីទាំងសងខាងសល់ត្រឹមទឹកភ្នែកនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះតួអង្គប្រុស ស្ថិតនៅភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ភាគីនារីតែងខ្លួនធ្វើជាប្រុស (តួអង្គប្រុស) មានឈ្មោះវ៉ាត់ សុខន អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ (ប្រុស១ ស្រី៣) មានឪពុកឈ្មោះវង់ សម្បត្តិ អាយុ៥៨ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះសៀង ស្រូយ អាយុ៥០ឆ្នាំ មុខរបរកសិករ សព្វថ្ងៃស្នាក់នៅផ្ទះទីតាំងកើតហេតុខាងលើ។ ចំណែកតួអង្គស្រី មានឈ្មោះឈាង វី អាយុ២៥ឆ្នាំ មុខរបរកម្មការិនីរោងចក្រ សព្វថ្ងៃស្នាក់នៅជុំគ្នា ជាមួយគូស្នេហ៍ នៅភូមិកើតហេតុខាងលើ។ តួអង្គស្រីរូបនេះ គឺជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ (ប្រុស១ ស្រី៥) មានឪពុកឈ្មោះម៉ែន ប៉ឹក អាយុ៥២ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះសាវ គង់ អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិស្តុក ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
(ព័ត៌មានលម្អិត សូមអានកាសែតនគរធំ)