ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានកើតមានអាការៈខ្យល់គស្លាប់នៅក្នុងបន្ទប់តែម្នាក់ឯង យ៉ាងអាណោចអាធ័ម ដោយគ្មានអ្នកណាម្នាក់បានដឹងសោះ រហូតដល់ព្រឹកឡើង ម្តាយមិនឃើញកូនស្រីក្រោកពីដំណេក ក៏ចូលទៅដាស់ ទើបដឹងថា កូនស្រីបានស្លាប់រឹងស្តូកទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង។
ករណីក្មេងស្រីដេកខ្យល់គរស្លាប់ក្នុងបន្ទប់ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ក្មេងស្រីរងគ្រោះ ដែលកើតអាការៈខ្យល់គរស្លាប់ មានឈ្មោះវុន សៀវលីញ អាយុ១៣ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីហូបបាយជុំគ្រួសារ និងមើលទូរទស្សន៍រួចហើយ កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានចូលទៅក្នុងបន្ទប់របស់នាងដេកតែម្នាក់ឯងដូចសព្វដង ដោយមិនលឺកូនស្រីត្អូញត្អែរថាមិនស្រួលខ្លួនអ្វីសោះឡើយ។
ស្ត្រីជាម្តាយរូបនេះ បន្តថា លុះមកដល់វេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដោយសារតែមិនទាន់ឃើញ កូនស្រីភ្ញាក់ពីដំណេក ទើបគាត់បានដើរទៅដាស់ លុះស្រែកហៅពីក្រៅបន្ទប់មិនលឺសំឡេងកូនស្រីឆ្លើយតបសោះ ទើបគាត់បានបើកទ្វារបន្ទប់ចូលទៅមើល រួចយកដៃទៅដាស់អង្រួន ស្រាប់តែប្រទះឃើញកូនស្រីស្លាប់រឹងស្តូកទៅហើយ ទើបស្រែកឆោឡោឡើងផ្អើលដល់អ្នកជិតខាងចោម រោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារ អាការៈខ្យល់គរប្រាកមែន។
សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕